ការប្រគល់ពានរង្វាន់«ក្រុមហ៊ុនមានការទទួលខុសត្រូវផ្នែកសង្គម ឆ្នាំ២០១៧»

កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៦ខែវិច្ឆិកា ពានរង្វាន់នៃការប្រកួតប្រជែង​ក្រុមហ៊ុនមានការ​ទទួលខុសត្រូវ​ផ្នែកសង្គម​លើកទី២​ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន​បារាំង​ចំនួន៤ ដើម្បីជាការ​ទទួលស្គាល់​ចំពោះ​ការចូលរួម​ចំណែក​របស់ពួកគេ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ប្រកបដោយចីរភាព​របស់ប្រទេសកម្ពុជា។ ពីធីនេះបានប្រព្រឹត្តទៅ​ក្នុងឱកាស​រាត្រីសមោសរ​រៀបចំ​ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈមេប្រយោគទាំង២នៃការប្រកួតខាងលើ គឺឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ លោកស្រី វ៉ាន រូសូម ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកក្រុមហ៊ុន​មានការទទួលខុសត្រូវផ្នែកសង្គម ក៏បានធ្វើដំណើរជាពិសេស​ពីប៉ារីស៍មកចូលរួមក្នុងកម្មវិធីនេះដែរ។

នៅឆ្នាំនេះ ក្រុមហ៊ុនចំនួន១៧បានចូលរួមដាក់បេក្ខភាព​ប្រកួតប្រជែង​ដោយបង្ហាញគម្រោងចំនួន២០ ទៅតាមប្រភេទពានរង្វាន់​ចំនួន៣ផ្សេងៗគ្នា។ ពានរង្វាន់ប្រភេទទី១ត្រូវបានគណៈមេប្រយោគសម្រេចប្រគល់ជូនក្រុមហ៊ុនសិប្បករអង្គរ ចំពោះការយកចិត្តទុកដាក់លើការខុសត្រូវផ្នែកសង្គមជាទូទៅ រីឯពានរង្វាន់ទី២ត្រូវបានទៅលើ​ក្រុមហ៊ុនទេសចរណ៍ EXO TRAVEL ចំពោះគម្រោង «ទន្លេបៃតង»។ ពានរង្វាន់ចុងក្រោយត្រូវបានប្រគល់ជូនក្រុមហ៊ុនធានារ៉ាប់រង PRÉVOIR (KAMPUCHEA) MICRO LIFE INSURANCE PLC និងសណ្ឋាគារ SOFITEL HOTELS & RESORTS ដែលបានរួមគ្នាបង្ហាញគម្រោង​លើកស្ទួយសុខភាព និងសុវត្ថិភាពបុគ្គលិក។

ការប្រកួតប្រជែងខាងលើ ត្រូវបានបង្កើតឡើង​ដោយក្រុមទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ហើយរៀបចំដោយ​សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា ក្នុងគោលបំណងលើកស្ទួយ​ការអនុវត្តល្អៗក្នុងផ្នែកទទួលខុសត្រូវ​សង្គមរបស់ក្រុមហ៊ុនបារាំង ដែលធ្វើវិនិយោគនៅកម្ពុជា។ ការប្រកួតនេះក៏មានគោលដៅលើកតម្កើងការរួមចំណែករបស់សហគមន៍ធុរកិច្ចបារាំង​ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព​នៅកម្ពុជាផងដែរ៕

អ្នករៀបចំការប្រកួតសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនខាងក្រោម ដែលបានចូលរួមការប្រកួត ៖

-  ក្រុមហ៊ុន ARTISANS ANGKOR CO. LTD,
-  ក្រុមហ៊ុន BOLLORE LOGISTICS (CAMBODIA) LTD.,
-  ក្រុមហ៊ុន CHAMPAGNE HAVAS RIVERORCHID,
-  ក្រុមហ៊ុន CONFLUENCES CONSEIL,
-  ក្រុមហ៊ុន DECATHLON,
-  ក្រុមហ៊ុន ENSEAS CAMBODIA,
-  ក្រុមហ៊ុន EXO TRAVEL CAMBODIA,
-  ក្រុមហ៊ុន GREEN E-BIKE (ដែលបានដាក់បេក្ខភាពចូលរួមការប្រកួតពីរប្រភេទ),
-  ក្រុមហ៊ុន HAGAR CATERING CO. LTD.,
-  ក្រុមហ៊ុន KULARA WATER CO. LTD.,
-  ក្រុមហ៊ុន OPEN WINE, FOOD & BEVERAGES CO. LTD.,
-  ក្រុមហ៊ុន PHARMA PRODUCT MANUFACTURING (PPM),
-  ក្រុមហ៊ុន PRÉVOIR (KAMPUCHEA) MICRO LIFE INSURANCE PLC. (ដែលបានដាក់បេក្ខភាពចូលរួមការប្រកួតពីរប្រភេទ),
-  ក្រុមហ៊ុន PROJECT ALBA,
-  ក្រុមហ៊ុន SOCFIN CAMBODIA,
-  ក្រុមហ៊ុន SOFITEL ANGKOR PHOKEEHTRA GOLF & SPA RESORT,
-  ក្រុមហ៊ុន TOTAL CAMBODGE (ដែលបានដាក់បេក្ខភាពចូលរួមការប្រកួតពីរប្រភេទ),
-  និង VICTORIA ANGKOR RESORT & SPA.

កែប្រែចុងក្រោយ 20/11/2017

ត្រឡប់ទៅលើ