ការប្រារព្ធព្រឹត្តិការណ៍ «រសជាតិបែបបារាំង» លើកទី២នៅកម្ពុជា

បន្ទាប់ពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍អាហារពេលល្ងាច«រសជាតិបែបបារាំង(Goût de France / Good France)» លើកទី១​កាលពី​ឆ្នាំ២០១៥ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ភោជ​​​នីយ​ដ្ឋាន​ចំនួន ១៣០០ និង​ស្ថានទូត​បារាំង​នៅ​ជុំវិញពិ​ភពលោក​រួច​មក កម្មវិធី​​ពិសេសនេះ​​នឹង​​ត្រូ​វ​រៀប​ចំសារ​ជាថ្មីជាលើ​កទី២​នៅថ្ងៃ​ទី​២១ ខែ​មីនា​ខា​ង​មុខ ដោយ​មាន​ភោជ​នីយដ្ឋាន​​ចូលរួម​កាន់តែ​ច្រើន​ជាង​មុន។

JPEG

ដោយឡែក​នៅប្រទេសកម្ពុជា ភោជនីយដ្ឋាន​ចំនួន១០​នឹងរៀបចំ​មុខម្ហូបពិសេស​មួយជូនភ្ញៀវនៅរា​ជធានី​ភ្នំពេញ និងជា​លើកទី១​នៅខេត្ត​សៀម​រាប។ ចំនួន​ភោជនីយដ្ឋា​ន​ចូល​រួមនៅកម្ពុជា​មានការកើនលើសឆ្នាំមុន​ចំនួន៦ ដែលជាសញ្ញា​បញ្ជាក់​ពីចំណាប់​អារ​ម្មណ៍ចំពោះព្រឹត្តិការណ៍​នេះ ដែលត្រូវ​បានរៀបចំឡើ​ងក្នុងគោលដៅ​លើកស្ទួយ​គំនិត​ច្នៃ​ប្រឌិត និង​​ភាពល្អឯក​នៃម្ហូប​បា​រាំង។ សូមបញ្ជាក់ថា​ចាប់ពីឆ្នាំ២០១០​មក អាហារ​បារាំង​ត្រូវបាន​អង្គការយូ​ណេ​ស្កូដាក់​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​អរូបីយ៍​នៃមនុស្ស​ជាតិ។ បន្ទា​ប់​ពីការ​រៀប​ចំអា​ហារ​​ពេលល្ងា​ច​នេះ សភាពាណិជ្ជកម្ម​ និងឧស្សាហកម្ម​បារាំង-កម្ពុជា​នឹងរៀ​បចំ​កម្មវិធីជួ​ប​ជុំ និង​​ពិភាក្សាការងារ​ជា​ច្រើន ពីថ្ងៃទី​២២ដល់ទី២៦​មីនាសម្រាប់​សមាជិករបស់​ខ្លួន​ក៏ដូចជា​សហគមន៍​ជំនួញដោ​យមា​ន​ការចូលរួម​ផងដែរ​ពីភោជ​នីយដ្ឋាន ដែល​គាំទ្រយុទ្ធ​នា​ការ «រស​ជាតិបែ​ប​បារាំង»​។

ព្រឹត្តិការណ៍ខាងលើនឹងប្រព្រឹត្តទៅស្របពេលនៃការប្រារព្ធសប្តាហ៍ហ្វ្រង់កូហ្វូនី ដោយសារប្រទេសកម្ពុជា​ជាសមាជិក​ស្ថាបនិ​ក​មួយ​របស់​អង្គការ​អន្តជាតិ​នៃបណ្តា​ប្រទេស​ប្រើ​ប្រាស់ភាសាបា​រាំង​​(OIF)។ ក្រៅ​ពីកម្មវិធី​កម្សាន្តនៅ​តាមសាកល​វិទ្យា​ល័យ​នានា នឹង​មាន​ការបញ្ចាំង​ភាព​យន្ត ការ​ធ្វើ​សន្និ​សីទ និង ការប្រគុំតន្ត្រីសម្រាប់សាធារណជន​ទូទៅ​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៧ ដល់ថ្ងៃ​ទី​២៦ ខែ​មីនា។ នៅក្នុង​ឱកាសនោះ​ អ្នកចម្រៀង​ជប៉ុន Wasaburo Fukuda នឹង​បកស្រាយ​បទចម្រៀង​ជាភាសា​បារាំងនៅថ្ងៃ​ទី​២៤ ខែ​មីនា នៅវិទ្យាស្ថាន​បា​រាំង។

ជា​ចុង​​ក្រោយ នៅថ្ងៃ​ទី​២៦ ខែមី​នា នឹងមានពិធី​ប្រគល់​ពាន​រង្វា​ន់​ដល់​ជ័យ​លាភី​នៃកា​រប្រកួត​ប្រជែង​រង្វាន់​«ក្រុម​ហ៊ុន​ដែល​មាន​ទំនួលខុ​សត្រូវផ្នែក​សង្គម» ក្រោម​វត្តមាន​ដ៏ខ្ពង់​ខ្ពស់របស់​ឯក​ឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូអម​នាយក​រដ្ឋមន្រ្តី និង​ជាអគ្គលេខា​ធិការក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា និង​ឯកឧត្តម ហ្សង់-ក្លូដ​ពាំបឺហ្វ ឯក​អគ្គរដ្ឋទូ​តបា​រាំង​ប្រចាំកម្ពុជា​។ ​ការប្រឡង​ប្រណាំង ដែល​មានការ​ចូលរួម​ពីក្រុមហ៊ុន​បារាំង​នៅកម្ពុជា​ចំនួន​១៣​នេះ មា​ន​គោល​​ដៅផ្តល់​ការលើកទឹ​កចិត្តដល់ការ​អនុវត្ត​ល្អៗ និង​លើកកម្ពស់​ទំនួលខុសត្រូ​វ​ផ្នែកសង្គម​របស់ក្រុម​ហ៊ុននានា​នៅ​កម្ពុជា។ ការប្រកួត​ប្រជែងនេះក៏ឆ្លុះ​បញ្ចាំង​ផងដែរ​ពី​ការ​រួមចំណែករ​បស់សហគមន៍​ធុរកិច្ច​បារាំង នៅក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និងទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា៕

កែប្រែចុងក្រោយ 13/06/2016

ត្រឡប់ទៅលើ