ទស្សនកិច្ចនៅកម្ពុជារបស់លោក François CROQUETTE

លោក ហ្វ្រង់ស៊័រ ក្រូគែត (François CROQUETTE) ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង បានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងឱកាសនោះ លោកបានចូលរួមសន្និសីទថ្នាក់តំបន់ស្តីពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅអាស៊ី និងបានជួបពិភាក្សាការងារនានាពាក់ព័ន្ធនឹងសិទ្ធិស្តី្រ ដោយបានផ្លាស់ប្តូរយោបល់គ្នាស្តីពីការអនុវត្តល្អៗ។ ក្រៅពីនេះ លោកបានចូលរួមក្នុងពិធីសម្ពោធស្តូបរម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះពីការជម្លៀសដោយបង្ខំ នៅក្នុងរបបខ្មែរ ក្រហម។ លោកក៏បានជួបជាមួយអាជ្ញាធរកម្ពុជា តំណាងគណបក្សប្រឆំាង សង្គមស៊ីវិល និងសហគមន៍អន្តរជាតិផងដែរ។

លោកឯកអគ្គរដ្ឋទូត ក្រូគែត បានគូសបញ្ជាក់សារជាថ្មីពីការអំពាវនាវរបស់ប្រទេសបារាំងឱ្យអាជ្ញាធរកម្ពុជាវិលត្រឡប់មកចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។

លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះការប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលជាអង្គការការពារសិទ្ធិមនុស្ស នឹងមិនត្រូវបានបិទនោះឡើយ។ លោកសង្ឃឹមថានឹងមានការវិវឌ្ឍជាវិជ្ជមានផ្សេងៗទៀតនៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសង្គមស៊ីវិល៕

កែប្រែចុងក្រោយ 08/12/2017

ត្រឡប់ទៅលើ