ទីភ្នាក់ងារ Atout France មកផ្សព្វផ្សាយពី​ភាព​ទាក់ទាញ​របស់​បារាំង​ក្នុង​វិស័យ​ទេសចរណ៍

ដោយមានការជ្រោមជ្រែងពីស្ថានទូតបារាំង គណ:ប្រតិភូមួយក្រុមរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ទេសចរណ៍បារាំង (Atout France) បានធ្វើដំណើរមកភ្នំពេញជាលើកទី១កាលពីថ្ងៃទី១០ និងទី១១មិថុនាកន្លងទៅ ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដ៏សម្បូរបែបនៅប្រទេសបារាំង។ គណ:ប្រតិភូនេះដឹកនាំដោយលោក ម៉ូរ៉ាដ៍ តាយេប៊ី (Morad Tayebi) នាយកទីភ្នាក់ងារ Atout France ប្រចាំអាស៊ាន ដោយមានការអមដំណើរពីតំណាងក្រុមហ៊ុនអាកាសចរណ៍បារាំង ក្រុមហ៊ុនទេសចរណ៍ Club Med និងក្រុមហ៊ុនកម្សាន្តតាមនាវា CroisiEurope ។

នៅថ្ងៃទី១១មិថុនានៅសណ្ឋាគារសូហ្វីតែលភ្នំពេញ តំណាងទីភ្នាក់ងារទេសចរណ៍កម្ពុជាជាង៦០នាក់ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ បានចូលរួមនៅក្នុងសិក្ខាសាលាមួយរៀបចំឡើងដោយទីភ្នាក់ងារ Atout France ក្រោមកិច្ចសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ។ សិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីការទទួលទានអាហារពេលព្រឹកជាលក្ខណ:ការងាររវាងក្រុមប្រឹក្សាភិបាលរបស់ CATA និងគណ:ប្រតិភូបារាំង។

នៅថ្ងៃទី១០មិថុនា កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន លោក ម៉ូរ៉ាដ៍ តាយេប៊ី និងលោក ឡូរ៉ង់ ទ្រីប៉ូណេ (Laurent Triponey) ទីប្រឹក្សាទី១នៃស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរណ៍ ។ ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះកំណើននៃចំនួនភ្ញៀវទេសចរកម្ពុជាទៅកម្សាន្តនៅប្រទេសបារាំង ដែលជាគោលដៅទេសចរណ៍ទី១នៅអឺរ៉ុបសម្រាប់ប្រជាជនកម្ពុជា (ចំនួនអ្នកសុំទិដ្ឋាការកើនឡើង២៥%នៅឆ្នាំ២០១៩នេះ) និងកំណើនចំនួនភ្ញៀវទេសចរបារាំងមកទស្សនាកម្ពុជា (កើន៤%នៅឆ្នាំនេះ)។ ភាគីទាំងពីរក៏បានសន្យាធ្វើការរួមគ្នាអោយបានជិតស្និទ្ធក្នុងវិស័យជាច្រើនដូចជា : អេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខាភិបាល និងចំណាត់ថ្នាក់សណ្ឋាគារជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីទេសចរណ៍នៅប្រទេសបារាំង សូមចូលមើលគេហទំព័រ http://www.atout-france.fr/https://www.france.fr/fr

កែប្រែចុងក្រោយ 12/06/2019

ត្រឡប់ទៅលើ