នយោបាយ និងការទូត

១­-នយោបាយ​កម្ពុជា

នយោបាយ​ក្នុង​ប្រទេស

ប្រទេស​កម្ពុជា​ជាប្រទេស​ប្រកាន់​យក​របប​រា​ជា​និ​យម​អាស្រ័យរ​ដ្ឋ​ធម្ម​នុញ្ញ។ សម្តេចព្រះ​បាទ​​បរមនាថ​​នរោ​ត្តម​សីហមុនី​ជាតំណាង​ស្ថាប័ន​រាជា​និយម ដែល​ជាកត្តា​សំខាន់​នៃ​ស្ថេរ​ភាព​​ន​យោ​​បាយ​ប្រទេស​​កម្ពុជា។ ព្រះអង្គ​បានឡើង​គ្រងរាជ​សម្បត្តិ​នៅឆ្នាំ​២០០៤ បន្ទាប់​​​ពី​ការ​​ដាក់រាជ​សម្បត្តិ​​របស់​ព្រះបិតា​របស់​ព្រះអង្គ សម្តេច​នរោត្តម​សីហនុ (១៩២៣­២០១២)។ តួនាទី​របស់​​ព្រះម​ហាក្សត្រត្រូវបាន​ចែងក្នុងរដ្ឋធម្មនុញ្ញ "ព្រះ​​មហា​ក្សត្រ​ទ្រង់​គ្រង​រាជ​សម្បត្តិ តែ​មិនកាន់​អំណាច​នោះ​ទេ"។

កាល​​ពីពេល​បោះឆ្នោត​​ជ្រើស​​រើស​តំ​ណាង​រាស្រ្ត​​កាល​​ពីថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​​២០១៣​កន្លង​​​ទៅ គណ​ប​ក្ស​​ប្រជា​ជន​​កម្ពុជា​(CPP) ដឹក​​នាំ​​ដោយ​​សម្តេច​​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន បាន​​​ទទួល​ជ័យជំនះ​​ដោយ​​ទទួល​បានបី​លាន​ពីរ​សែន​​សម្លេង​ត្រូ​វ​ជា៦៨​អាសន: ប្រកៀក​ប្រ​កិត​​​ជាមួយ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​(CNRP) ដែល​​ទទួល​បាន​ពីរលាន​​ប្រាំបួន​​សែន​សម្លេង ត្រូវ​ជា៥៥អា​ស​ន: ដែល​បង្ហាញ​​ពីការ​កើនឡើង​​យ៉ាងខ្លាំង​​នូវចំនួន​​អាសន:​​របស់​គណ​​​បក្ស​នេះ។

"អង្គ​ជំនុំ​​ជំរះ​វិសាមញ្ញ​​ក្នុង​​តុលាការ​​កម្ពុជា" ឬ"តុលាការ​​កាត់ទោស​​អតីត​មេ​ដឹកនាំ​​ខ្មែរ​ក្រ​ហម" ដែល​​ត្រូវ​បាន​ដាក់​អោយ​​ដំណើរ​​ការ និង​​ទ្រទ្រង់​​ដោយអង្គការ​​សហ​​ប្រជា​​ជាតិ បាន​ទ​ទួល​​​បន្ទុក​​ក្នុងការ​កាត់​ទោស​មេដឹក​នាំខ្មែរ​​ក្រហម​​សំខាន់ៗ​​នៃរប​ប​​​កម្ពុជា​​ប្រជាធិប​​តេយ្យ និង​​​អ្នកដែល​​បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋ​​កម្ម​រវាង​​ឆ្នាំ១៩៧៥​​ដល់​​ឆ្នាំ១៩៧៩ ដែល​ជារយ:​​ពេល​​​ដែល​ខ្មែ​រ​​​ក្រហម​​បានដឹកនាំ​​ប្រទេស​​កម្ពុជា។ តុលាការនេះ​មាន​យុត្តាធិ​ការ​​ចំរុះ ដែល​​មាន​​​ពាក់​កណ្តាល​​​ជា​ចៅក្រម​​កម្ពុជា និង​ពាក់​កណ្តាល​​ទៀត​​ជា​ចៅក្រម​​អន្តរ​ជាតិ។

នយោ​បាយក្រៅ​ប្រទេស​​

ក្រោយ​​​​ទស​វត្សរ៍​​ឆ្នាំ​៧០និ​ង​៨០ ​មាន​ព្រឹត្តិការណ៍​​រដ្ឋ​ប្រហារ​​ធ្វើ​ឡើង​​​ដោយ​សេនា​​ប្រមុខ​​លន់ ណុល របប​​ខ្មែរ​​ក្រហម បន្ទាប់​​មក​ទៀត​​​ការ​គ្រប់​​គ្រង​​ដោយ​ប្រទេស​​​វៀតណាម និង​​ប​ន្ទាប់​ពីការ​​ស្តារ​​ប្រទេសអស់​រយ:​ពេល​ប្រហែល​១៥ឆ្នាំ ប្រទេស​កម្ពុជា​​​បានត្រលប់​​ចូល​ទៅ​ក្នុង​ឆាក​អន្តរ​​ជាតិ​​ឡើង​​វិញ ដោយ​​បាន​ក្លាយ​ជា​សមា​ជិក​​​សមា​គម​​​​អា​ស៊ាន​​នៅឆ្នាំ​១៩៩៩ និងអង្គការ​​ពាណិជ្ជកម្ម​​ពិភព​​លោក​​នៅឆ្នាំ​​២០០៤។

ទំនាក់​​​ទំនង​​ជាមួយ​​ទីក្រុង​​ប៉េកាំង​​គឺជាកត្តា​​សំខាន់​​នៃនយោ​បាយ​​អន្តរ​​ជាតិ​​របស់​​កម្ពុជា ដោយ​​​​​​​​សារប្រទេស​​ទាំងពី​​រ​​បាន​​ចុះ"កិច្ច​​ព្រម​​ព្រៀង​​ជាដៃ​​គូយុទ្ធ​សាស្រ្តគ្រប់ជ្រុង​​ជ្រោយ" ក្នុង​​​​អំឡុង​​ទស្សន​​​​​កិច្ច​​របស់​​នាយក​​រដ្ឋ​​មន្ត្រី​​ចិន Wen Jiabao នៅប្រទេស​កម្ពុជា​កាល​ពី​​ឆ្នាំ​២០០៦ ហើយ​​​​​បំលាស់ប្តូរពា​ណិជ្ជកម្ម​​ទ្វេ​ភាគី​​រវាង​ប្រទេស​​ទាំងពី​រ​​មាន​ការ​​កើន​​ឡើង​​យ៉ាង​​​ខ្លាំង​​(អតិ​​រេក​​ពាណិជ្ជកម្ម​ចិន)។ ចាប់តាំង​​ពីឆ្នាំ​២០០៤​មក ប្រទេស​ចិន​គឺជា​ប្រទេស​​វិនិ​យោគ​​​​ទុន​​ទី​​​មួយ​​​នៅ​​​ប្រទេស​​កម្ពុជា ហើយ​ក៏​ជាប្រទេស​​ផ្តល់​ជំនួយ​​ដែល​កាន់​​តែច្រើន​​ឡើ​ង​ៗ​ផង​ដែរ (ផ្តល់​ជំនួយ​ទ្វេភាគី​ធំជាង​គេ​នៅ​ឆ្នាំ​​២០០៩​ បើតាម​តួលេខ​​រប​ស់​​ក្រុម​​​ប្រឹក្សា​​អភិ​វឌ្ឍន៍​​កម្ពុជា)។

ចាប់​តាំងពីឆ្នាំ​២០០៨ ភាពតាន​តឹងបាន​កើតមានឡើង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​តាមតំបន់​ព្រំដែន​ជុំវិញដីទំហំ៤‚៦​គីឡូ​ម៉ែត្រ​ក្រ​ឡា ស្ថិត​នៅ​ក្បែរ​​ប្រា​សាទ​​ព្រះ​​វិ​​ហារ។ ការ​បាញ់​កាំ​​ភ្លើង​ធំ​​ដាក់​គ្នាទៅ​វិញ​ទៅ​​​មក​​​បាន​​​ចាប់​កើ​ត​​​មាន​​​ឡើង​​​នៅ​ឆ្នាំ​​​​២០០៨។ ជំ​លោះ​​​ព្រំ​ដែន​​​​​នេះ​​ត្រូ​វ​​​បាន​​ដាក់​ទៅ​​​​តុលា​ការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​​ដោះស្រាយ។ តុលា​ការ​នេះ​​បាន​​សំ​រេច​​​កាល​ពី​​ឆ្នាំ​២០១៣ ដោយ​ផ្តល់​​អធិប​តេយ្យ​ភាព​​អោយ​ប្រទេស​កម្ពុជា​​លើតំបន់​​ពយ​ភ្នំ​​នៃ​ប្រា​សាទ​ព្រះ​វិហារ។

ជាង​​នេះ​​ទៅ​​ទៀត ប្រទេស​កម្ពុជា​​កំពុង​ខិតខំ​បំពេញ​​តួនា​ទីអោយកាន់​​តែ​សកម្ម​លើ​​ឆាក​អន្តរ​​​​​ជាតិ ដោយ​បាន​ធ្វើការ​បញ្ជូន​​កងកំលំាង​​រក្សា​សន្តិភាព​​ជាលើក​ដំបូង​​នៅឆ្នាំ​​២០០៦ ទៅ​ចូល​​រួ​ម​ប្រតិ​​បត្តិ​ការ​​រក្សា​​សន្តិ​ភាព​​របស់​​អង្គការ​​សហ​​ប្រជា​​ជាតិ​ និងធ្វើកិ​ច្ច​​សហប្រតិ​​បត្តិ​ការ​ជា​​​មួយ​​​អង្គការ​សហប្រជាជាតិ​ក្នុងក្របខ័ណ្ឌ​នៃតុលាការ​កាត់ទោស​អតីតមេដឹកនាំ​ខ្មែរ​ក្រ​ហម​​។ មិនតែប៉ុណ្ណោះ ប្រទេស​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំរវាង​រដ្ឋភាគី​នៃអនុសញ្ញា​អូតា​វ៉ា​​ស្តី​​ពី​ការ​ហាមឃាត់កា​រ​ប្រើ់​ប្រាស់ ស្តុក ផលិត និង​ការផ្ទេរមីន​ប្រឆាំងមនុស្សជា​តិ។ ប្រ​ទេស​​​កម្ពុជា​ក៏បានដឹកនាំ​សមាគមអាស៊ានផងដែរ​នៅឆ្នាំ២០១២ ហើយក៏កំពុង​ត្រៀម​ខ្លួន​​​ចូល​ក្នុង​​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​នៅ​ឆ្នាំ២០១៥។ ក្រៅពីនេះ នៅ​ឆ្នាំ​២០១៤​នេះ​​កង​ទា​​ហាន​​​​កម្ពុជា​​​ចំនួន​ពីរ​​​កង​វរ​​សេ​នា​តូច​​​នឹង​ចូល​រួម​​​ក្នុង​កង​​កំលំាង​​​រក្សា​​​ស​ន្តិ​ភាព​​​មី​នុយ​​ស្មា (ដែល​​​​​ជា​កង​​កំលាំង​​អង្គការ​សហ​ប្រជាជាតិ​​នៅ​ប្រទេស​ម៉ាលី) ។

២-­ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសបារាំង

ទំនាក់​ទំនង​នយោ​បាយ

ប្រទេស​​បារាំង និង​ប្រទេសក​ម្ពុជា​មានទំ​​នាក់​ទំនង​ពិសេស ដោយ​សារ​មរតក​អាណាព្យា​បាល​​​ផង​និង​ដោយ​សារ​កម្ពុជា​ជាប្រទេស​និយាយ​ភាសាបា​រាំ​ង​ផង ម្យ៉ាងវិញ​ទៀត​ដោយ​សា​រ​​​​តួនាទី​របស់បា​រាំង​ក្នុងការ​ចុះកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍​នៅឆ្នាំ​១៩៩១។ ទោះ​​ជា​យ៉ាង​ណា​​​​​ក៏​​ដោយ ទំនាក់ទំនងរវាង​ប្រទេស​បារាំង​ជាមួយ​ប្រទេស​កម្ពុជា​គឺ​សំរប​ទៅតាម​សមា​ហរ​​​​ណ​​ក​ម្ម ដែល​កាន់​តែរីក​ធំឡើង​ៗរបស់​​ប្រទេសក​ម្ពុជា​ក្នុង​​តំបន់ និង​ការវិវឌ្ឍន៍​របស់​ប្រ​ទេស​​​​នេះដើម្បីចេញពីប្រទេសដែលមាន​ប្រាក់ចំណូល​មធ្យមកីរិតទាប​នៅឆ្នាំ​២០២០ និង​ក្លាយ​​ជា​ប្រ​ទេស​​ដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ហើយក្លាយ​ជា​ប្រ​ទេស​​ដែល​មាន​​ប្រាក់​ចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុង​ឯក​សា​រ​​ទិសដៅ និង​កិច្ច​សហ​​ប្រតិបត្តិ​ការ ចុះ​​ហត្ថ​​លេខានៅឆ្នាំ​២០១០ បានធ្វើការ​កំណត់​ទិស​ដៅ​​នៃកិច្ច​សហ​ប្រតិ​បត្តិ​​ការ​របស់​ប្រ​ទេស​​​ទាំង​ពីរ​ដោយផ្តោតការជួយលើក​ស្ទួយ​កំណើ់ន​​សេដ្ឋ​កិច្ច​​ប្រទេស​​កម្ពុ​ជា និង​​ការ​​​បង្កើត​​អោយមាន​ការងារ​តាមរយ:​ការ​ពង្រឹង​ធន​ធាន​​​​មនុស្ស និង​​ការ​បង្កើន​ការ​វិ​និ​​​យោគ​​​ឯក​ជនបា​រាំង​នៅប្រទេស​កម្ពុជា។

ទស្សនកិច្ច​សំខាន់ៗ​ក្នុងអំឡុង​៥ឆ្នាំចុងក្រោយ​នេះ
- ទស្សនកិច្ចរ​បស់លោ​ក​ជំទាវ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​ទូរគមនាគមន៍​បារាំង អូរ៉េលី ហ្វី​លី​​ប៉េ​ទី។ លោក​ជំទាវបាន​អញ្ជើញ​ទៅទីក្រុង​សៀមរាប​ដើម្បីចូលរួម​សន្និសីទ​អន្តរ​រដ្ឋា​ភិ​បាល​​​លើក​ទី៣​ស្តីពី​អង្គរ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៣។
- លោក​នាយក​រដ្ឋមន្ត្រី​បារាំង ហ្សង់ ម៉ាកអេរ៉ូ បាន​អញ្ជើញ​មក​ធ្វើ​​ទស្សន​​កិច្ច​​នៅប្រ​ទេស​កម្ពុ​ជា​​​នៅខែ​​កុម្ភ:​ឆ្នាំ​២​០១៣ ដើម្បី​ចូលរួម​​ព្រះរាជ​​ពិធី​បុណ្យ​ព្រះបរមសព​​ព្រះករុណាព្រះ​បាទ​​​​នរោត្ត​ម​​សីហនុ។ ឯក​ឧត្តម​​ត្រូវ​បាន​អមដំ​ណើរ​​ដោយ​លោក​​ជំ​ទាវ យ៉ាមី​ណា ប៊ែន​​ហ្គី​ហ្គី រដ្ឋ​​មន្ត្រី​​ប្រតិ​ភូ​ទទួល​​បន្ទុ​​ក​​ប្រទេស​​និយាយ​​ភាសា​បា​​រាំង។
- ឯក​ឧត្តម​សុខ អាន ឧបនា​​យក​រដ្ឋ​​មន្ត្រី​​ប្រទេស​​កម្ពុជា បាន​ជួប​ពិភាក្សា​​ជាមួយ​រដ្ឋ​​មន្ត្រី​​ក្រ​សួង​​​​ការ​បទេស​​បារាំង​​ឯក​ឧ​ត្តម ឡូរ៉ង់ ហ្វា​ប៊ីយូស កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ម​ករា ឆ្នាំ​​២០១៣។
- លោក​​នាយក​​រដ្ឋ​​មន្ត្រី ហ្វ្រង់​ស៊័រ ហ្វី​យ៉ុង បាន​អញ្ជើញ​មក​​បំពេញ​​ទស្សន​​កិច្ច​​នៅ​​ប្រទេស​កម្ពុ​ជា​​​​កាលពី​​ខែកក្កដា​ ឆ្នាំ​​២០១១។ ក្នុង​​អំឡុង​​ទស្សន​កិច្ច​​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​​សម្ពោ​​ធ​​​​​​ប្រា​​​​សាទ​​​​​​បា​ពួន​​​​ដែលត្រូ​វ​​​​បាន​​ជួស​​ជុល​​ដោយ​​សហប្រ​តិ​​​បត្តិ​​ការ​​​បា​​រាំង​​​(សាលា​​​បា​រាំង​​​​ចុង​​​បូព៌ា)។
- ឯក​​ឧ​ត្តម​​​ហោ ណាំហុង ​រដ្ឋ​មន្រ្តីក្រ​​សួង​​ការ​​បរទេស​​នៃព្រះ​​រាជា​​ចក្រ​​កម្ពុជា​ ត្រូវ​​បាន​​ទទួល​បដិ​​​​សណ្ឋារ​​កិច្ច​​ដោយ​​​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​បារាំង​​​លោក ប៊ែរ​ណា គូហ្សស៊្នែ កាល​ពីឆ្នាំ​២០១០​​​​​នៅ​​​ទីក្រុង​​​ប៉ារីស៍។ ក្នុងអំឡុងទស្សនកិច្ចនោះ ឯកឧត្តមរដ្ឋ​មន្ត្រីទាំងពីរ​បានចុះ​ហត្ថ​លេ​​​​ខា​​​​លើ​​ឯកសារ​កំណត់ទិសដៅ​សំរាប់កិច្ច​សហប្រតិបត្តិ​ការបារាំង​នៅ​ប្រទេស​កម្ពុជា។
- សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​បារាំង កាលពី​ខែ​កក្ក​​​​​ដា​​​​​ឆ្នាំ​​២០០៩ ក្នុង​អំឡុងទស្សនកិច្ចនោះ សម្តេច​នាយក​រដ្ឋមន្ត្រី​បានចូលរួម​ទស្សនា​ក្បួន​​​​​​​ព្យុ​​ហ​​យាត្រា​បុណ្យឯករាជ្យជាមួយ​ប្រធានា​ធិបតី និង​នាយករដ្ឋមន្ត្រី​បារាំង។

កែប្រែចុងក្រោយ 19/02/2014

ត្រឡប់ទៅលើ