បណ្ឌិត ព្រហ្ម សុភា ៖ « ការសិក្សានៅប្រទេសបារាំងធ្វើឱ្យខ្ញុំទទួលបានឱកាសជាច្រើន»

កាល​ពីខែសីហា​កន្លង​ទៅ លោក​ស្រី ព្រហ្ម សុភា អតីត​និស្សិត​នៃសាកល​វិទ្យា​ល័យ La Rochelle បាន​ទទួល​ពានរ​ង្វាន់​វិស្វករ​​ស្រ្តី​​ជោគ​ជ័យ​​ក្នុង​ជំ​នាញប​ច្ចេកវិទ្យា​គមនាគ​មន៍ និង​ព័ត៌​មានកម្ពុជា​ឆ្នាំ​២០២០។ លោកស្រី​គឺជាស្រ្តី​ខ្មែ​រ​ដំបូង ដែល​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​​ខាង​ផ្នែកវិ​ភាគទិន្ន​​ន័យ និង​បញ្ញាសិប្ប​និមិត្ត នៅ​ឆ្នាំ​២០១៣ ពី​សកលវិ​ទ្យាល័យ​បារាំង​។
សូម​ស្វែង​យល់​ពីការ​សិក្សា និង​ជីវិត​ការងារ​របស់​ស្រ្តីខ្មែរ​ដ៏​អស្ចារ្យ​ម្នា​ក់ ​!

JPEG

១/ ជម្រាប​​សួរ តើ​លោក​ស្រី​អាច​ជម្រាប​បា្រប់​បាន​ទេអំ​ពី​ប្រវត្តិនៃ​ការ​សិក្សារបស់​លោក​ស្រី?
ចាស​ សូម​ជម្រាប​សួរ​។ បន្ទា​​ប់​​ពីទទួល​បានសញ្ញាប័​ត្រ​ទុតិយភូ​មិ​នៅ​ឆ្នាំ​២០០២ ខ្ញុំ​បាន​ចូលសិក្សា​នៅវិ​​ទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ (សាលា​តិចណូ) ផ្នែក​វិស្វករ​​​ព័ត៌មាន​វិទ្យា​រហូត​ដល់ឆ្នាំ​២០០៨​។ នៅ​ឆ្នាំ​២០០៨ ខ្ញុំ​ទទួល​បាន​អាហារូបក​រណ៍រ​ដ្ឋា​ភិបាល​បារាំ​ង​ដើម្បី​ទៅសិ​ក្សា​ថ្នាក់បរិ​ញ្ញា​បត្រ​ជាន់ខ្ព​ស់នៅទីក្រុងរ៉ូ​ស៊ែល​។ បន្ទា​ប់​មក​នៅ​ឆ្នាំ​២០០៩ ខ្ញុំ​ទទួល​បា​ន​​​អាហារូ​បក​រ​ណ៍​ពី​សា​ក​​​ល​វិទ្យាល័យ​រ៉ូស៊ែល​ដើម្បី​សិក្សាថ្នាក់ប​ណ្ឌិត​។ ខ្ញុំ​បាន​ការពារ​និក្ខេប​បទ​ថ្នាក់​បណ្ឌិត​នៅឆ្នាំ​២០១៣​។

២/​តើ​ហេតុអ្វីលោកស្រី​​បានជ្រើសរើស​​​ប្រទេស​បារាំង​ដើម្បី​បន្តការ​សិក្សា​ផ្នែក​វិភាគ​ទិន្នន័យ និង​ភាពវ័យ​ឆ្លាត​សិប្បនិម្មិត​នៅទីក្រុង​រ៉ូស៊ែល​?
ខ្ញុំ​បាន​ចាប់​ផ្តើម​រៀន​ពាក្យ​បារាំង​មួយ​ចំនួន​ដោយសារ​​ឪពុករបស់​ខ្ញុំ​ចាប់​ពីពេ​ល​ដែល​ខ្ញុំ​មាន​អា​យុ១​០ឆ្នាំ​។ ខ្ញុំមាន​អារម្មណ៍​ថាខ្ញុំចាប់​ផ្តើម​ស្រលាញ់​ចូលចិត្ត​ភាសាមួ​យនេះ​។ ក្នុង​ន័យ​នេះ ទៅប្រទេស​បារាំង​ជាអ្វីដែល​ខ្ញុំបាន​ស្រមៃ​​តាំងពី​ពេលខ្ញុំ​នៅ​​តូច។ ជាងនេះ​ទៅ​ទៀត វិទ្យា​ស្ថាន បច្ចេក​វិទ្យា​កម្ពុជា​គឺជាសា​កល​វិទ្យាល័យ​មួយ​ប្រើ​ប្រាស់​ភាសា​បា​រាំង។ ជា​រៀង​រា​ល់​ឆ្នាំ អា​ហារូ​ប ករណ៍​មួយ​ចំនួន​ត្រូ​​វ​បាន​ផ្ត​ល់​ជូននិ​ស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជាដើ​ម្បី​ទៅប​ន្ត​ការ​សិក្សានៅ​ប្រទេ​ស​បារាំង ឬ​នៅតាម​បណ្តា​ប្រទេស​ប្រើប្រា​ស់​ភាសា​បា​រាំង​។ សាកល​វិទ្យាល័យ​រ៉ូស៊ែលគឺ​ជា​ដៃគូវិទ្យាស្ថានប​ច្ចេកវិទ្យា​កម្ពុជា។ ការ​ចុះ​ឈ្មោះ និង​ការ​បំពេញបែ​ប​បទ​រដ្ឋបាល​នានាមា​នលក្ខ​ណៈងា​យស្រួល​។ នោះ​ហើយ​គឺជាឱកាស​ដ៏ល្អមួយ​សម្រា​ប់​ខ្ញុំ។​ ម៉្យា​ង​​វិញ​ទៀត នៅ​ឆ្នាំ២​០០៨ សាកល​វិទ្យាល័យរ៉ូស៊ែលទើ​ប​បង្កើត​កម្មវិ​​ធី​ថ្នាក់បរិញ្ញាបត្រ​ថ្មីមួយ​ដ៏គួរឱ្យចាប់​អារម្មណ៍​ស្តី​ពី​ការគ្រប់​គ្រង​ទិន្ន​ន័យឌី​ជី​ថល។ នៅពេល​នោះមិ​ន​ទាន់​មាន​ពាក្យ វិភាគ​ទិន្ន​ន័យ និង​ភាពវ័យឆ្លាត​សិប្ប​និម្មិត​នៅ​ឡើយ។ គេប្រើ​ប្រាស់​ពាក្យ Data Mining Pattern Recognition និង Machine Learning​។

៣/តើ​លោកស្រី​​អាច​រៀបរាប់​អំពី​ប្រវត្តិការងា​រ​បាន​ដែរ​ឬទេ​?
ចាប់​តាំង​ពីពេល​ដែលខ្ញុំ​ចា​​ប់​ផ្តើម​សិក្សា​ថ្នា​ក់​បណ្ឌិ​ត​នៅឆ្នាំ​២០០៩ ខ្ញុំបាន​ចាប់​មុខ​អាជីពបង្រៀន ដែល​ធ្វើឱ្យខ្ញុំ​ចាប់​ផ្តើម​មាន​អា​រម្មណ៍​ចូលចិត្ត​វិស័យ​អប់រំ​។ នៅឆ្នាំ​២០១៣ ខ្ញុំ​ទទួលបាន​ការងារ​ជាគ្រូ​បង្រៀន​នៅសាកល​វិទ្យាល័យ​ IUT ក្រុង​រ៉ូស៊ែ​ល និង​ការងារ​ជាអ្ន​ក​ស្រាវ​ជ្រាវផ្នែក​ព័ត៌​មាន​វិទ្យា​នៅ​សាកល​វិទ្យា​ល័យ។ នៅ​ឆ្នាំ​២០១៥ ខ្ញុំ​ទទួល​បាន​ការងា​រ​​មួយ​នៅមជ្ឈ​មណ្ឌល​ជាតិ​ស្រាវ​ជ្រាវ​នៃ​ប្រទេស​ម៉ាឡេ​ស៊ី (Mimos) ដោយ​បំពេ​ញ​ការងារ​ជា​អ្ន​ក​ស្រា​វ​ជ្រាវ ដែល​អនុ​ញ្ញាត​ឱ្យខ្ញុំ​បំពេញកា​រងារ​លើគម្រោង​ជាច្រើន​ដែល​ត្រូវបានស្នើ​ឡើង​ដោយ​រដ្ឋា​ភិ​បាល និងដោយ​ម្ចាស់​រោងចក្រ​ឧស្សាហ​កម្ម។​ នៅឆ្នាំ២​០១៨ ខ្ញុំ​បាន​បំពេញ​ការងារ​នៅសាកល​វិទ្យា​ល័យ Taylor’s University ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ថានៈជា​គ្រូ​ស្រាវ​ជ្រាវ ហើយ​ខ្ញុំបានទ​ទួល​បាន​មុខ​តំ​ណែង​ជានា​យក​សិក្សាកម្ម​វិធី​ថ្នាក់​ក្រោយ​បរិញ្ញា​បត្រ​។ ការ​បំពេញកា​រងារ​ក្នុង​ថានៈ​ជានា​យកសិក្សាបាន​ជួយឱ្យខ្ញុំ​យល់​ច្បាស់​អំពី​ប្រព័ន្ធ​សិក្សា​កម្រិ​ត​មហាវិ​ទ្យា​ល័យម៉ា​ឡេស៊ី​។ នៅ​ឆ្នាំ​២០២០ ខ្ញុំ​បាន​សម្រេចចិត្ត​ត្រលប់​មក​ប្រទេសក​ម្ពុជា​វិញ​ដើម្បី​បំពេញកា​រ​ងារ​នៅ​ក្រុម​ហ៊ុន Soramitsu Khmer ក្នុង​ថានៈ​ជាប្រធាន​ផ្នែក​ផលិត​ផល​។

៤/សូមអប​អរសាទរ​លោកស្រីដែល​ទទួល​បាន​ពាន​រង្វាន់ «Cambodia Woman ICT Engineer Award »! តើពាន​រង្វា​ន់​នេះមាន​អត្ថន័យ​យ៉ាង​ណាដែ​រ​ចំពោះលោ​កស្រី​?
ខ្ញុំ​បានដា​ក់​បេក្ខភាព​សម្រាប់​ពាន​រង្វាន់​នេះដោយ​ខ្ញុំសង្ឃឹមថា​ប្រវត្តិការ​ងាររ​បស់ខ្ញុំ​អាច​ក្លាយជាគ​ម្រូ​មួយ​សម្រាប់ស្ត្រីវ័​យ​ក្មេង ជា​ពិសេស​ស្ត្រីដែល​កើត​ក្នុងគ្រួសារមា​ន​ជីវភាព​ក្រី​ក្រ ហើយដែល​ចាប់​ផ្តើម​បាត់​បង់​ក្តី​សង្ឃឹម។ ខ្ញុំចង់​បង្ហា​ញ​ដល់ពួក​គេថាអ្វី​ៗ​សុទ្ធ​តែអា​ច​ទៅ​រួច។ យើងត្រូវ​រក្សាក្តីសង្ឃឹម​ហើយខំប្រឹង​ប្រែងបំ​ពេញ​ការងារ​ដើម្បីធ្វើ​ឱ្យក្តីស្រមៃ​របស់យើ​ង​ក្លាយ​ជា​ការពិត​។ សម្រាប់​ខ្ញុំពាន​រង្វាន់នេះ​គឺជាលទ្ធផល​នៃការ​បំពេញការងា​រដោយ​មិន​ចេះនឿ​យ​ហត់អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។

៥/តើលោកស្រី​មានគម្រោង​យ៉ាងណាដែ​រ​ក្នុង​ពេល​អនា​គត​?
នេះជាសំណួរ​ដ៏ល្អ​មួយ ជាសំណួរ​ពិបាក​ឆ្លើយ ដោយ​សារយើង​មិនអាច​ទាយទុក​ជា​មុន​អំពីអនា​គត​នោះទេ​។ មិន​ថាធ្វើអ្វី​នៅពេ​ល​ខាង​មុខ ខ្ញុំ​នឹងប​ន្តចែករំ​លែក​ចំណេះដឹ​ង និង​បទពិ​សោធន៍ ដើម្បី​ខិតខំ​ធ្វើជាគម្រូល្អ​ដល់​យុវ​ជន យុវ​នារី នៃ​ប្រទេស​របស់​ខ្ញុំ។ ដោយ​សារ​ខ្ញុំ​តែង​​តែ​ស្រលាញ់​ចូល​ចិត្ត​វិស័យ​អប់រំ ខ្ញុំ​សង្ឃឹម​ថាខ្ញុំអាច​ចូល​រួមចំណែក​ក្នុង​ការកែ​ទម្រ​ង់​ប្រព័ន្ធ​អប់​រំដើម្បី​ទទួលបានប្រព័ន្ធ​មួយ​ទំនើ​ប ដែល​សម្រ​ប​បានប្រសើរ​ជាងមុនទៅ​នឹង​បច្ចេ​ក​វិទ្យាស​ម័យ​បច្ចុ​ប្បន្ន និង​តម្រូវការ​ទីផ្សារ​ការងារ​។

៦/ ជាទី​បញ្ចប់ តើលោ​ក​ស្រីមាន​ពាក្យពេចន៍​អ្វីបន្ថែម​ទេ?
ខ្ញុំសូម​ថ្លែង​អំណរគុណ​ស្ថាន​ទូតបា​រាំង​ដែលបាន​ផ្តល់អាហារូបករណ៍​ដល់ខ្ញុំ​កាលពី​ឆ្នាំ​២០០៨​។ ដោយ​សារ​អាហារូបករណ៍នេះហើ​យទើប​ខ្ញុំអាច​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ហើយដែ​លក្រោយ​មកទៀតបា​ន​បើកទ្វា​រឱ្យរូប​ខ្ញុំទទួល​បានឱកាសផ្សេងៗ​ទៀត​។ ​ខ្ញុំសោក​ស្តាយ​ដោយឃើញ​យុវ​ជន យុវ​នារីខ្លះ​បោះបង់​ចោល​ការ​សិក្សា ដោយ​សារពួក​គេត្រូវ​បំពេញកា​រ​ងារ​ដើម្បីទ្រ​ទ្រង់​ជីវ​ភាពគ្រួ​សារ។ មិនមាន​អ្វីទាស់​ខុសនោះទេ​ដែល​យើង​មានការទទួល​ខុសត្រូ​វ​ចាប់​តាំង​ពីពេល​នៅ​ក្មេង​បែប​នេះ ប៉ុន្តែ​យុវជន​ត្រូវ​មាន​ទ​ស្សន​វិស័យ​វែង​ឆ្ងា​យ ចៀស​វាង​ស្វែ​ង​រក​ល​ទ្ធ​ផលភ្លាម​ៗ។​ យើង​អាច​ធ្វើការ​ដើម្បី​ទ្រទ្រង់​គ្រួសារ ប៉ុន្តែ​មិន​ត្រូវ​បោះបង់​ចោល​ការ​សិក្សា​របស់​យើងនោះ​ទេ​។ យើង​ត្រូវពង្រឹង​សមត្ថភាព​ចំណេះ​ដឹង និង​ការងារ​របស់​យើង​ជាប់​ជានិច្ច​ដើម្បីសម្រេ​ច​​គោល​ដៅ និង​ទទួលបា​ន​ជិវិត​មួយ​កាន់​តែ​ប្រសើរ​។

កែប្រែចុងក្រោយ 08/09/2020

ត្រឡប់ទៅលើ