ព្រឹត្តិការណ៍«ដំណើរត្រាច់ចរសិល្បៈលើកទី២» ក្នុងឧទ្យានស្ថានទូតបារាំង

ស្ថាន​ទូតបា​រាំង​ប្រចាំ​កម្ពុជា​នឹង​បើកទ្វារ​ទទួល​សាធារ​ណជ​ន​ជាថ្មី​ម្ត​ង​ទៀត​នៅថ្ងៃ​សៅរ៍​ ទី៧ ខែ​​មី​នា ឆ្នាំ​២០២០​ ខាង​មុខ​ក្នុង​ឱកាស​នៃ​ការ​តាំង​ពិព័រណ៍ «ដំណើរត្រាច់ចរសិល្បៈ»​លើក​ទី២​នៅ​ក្នុង​ឧទ្យា​ន​ស្ថាន​ទូត​។ សិល្បករ​ល្បីៗ​ចំនួន៩​នាក់ ក្នុង​នោះមា​នខ្មែរ​៨នាក់​ និង​បារាំង​ម្នាក់ ត្រូ​​វ​បាន​អញ្ជើញ​ឱ្យ​បង្កើត​ស្នាដៃ​សិល្ប:​តាម​ការ​​ស្រមើ​​ស្រមៃ​​រៀង​ៗ​​ខ្លួន​​ដើម្បី​ដាក់​ប​ង្ហាញ​​ជូន​ដល់​ម​ហា​​ជន​។ ជាមួយ​រុក្ខ​ជាតិ​​ចម្រុះ​ពណ៌​ និងដើមឈើធំៗ​ចោលម្លប់​ត្រឈឹងត្​រឈៃ ស្នា​ដៃសិល្ប:​ទាំង​នោះ ដែល​ដាក់តាំងនៅ​តាមទី​កន្លែងផ្សេងៗគ្នា​ក្នុង​ឧទ្យាន​ ហាក់​ដូច​ជាកំពុង​បង្កើតបាន​កិច្ចសន្ទនាបែ​បម​នោស​ញ្ចេត​នាមួយ​យ៉ាងស្ង​ប់ស្ងាត់​ជាមួយ​ធម្ម​ជាតិ​​។

ជាក​ន្លែង​ចងចាំនៃ​ប្រវត្តិសា​ស្រ្តកម្ពុជា​ និង​ជាលំហ​បៃតង​ដ៏​ធំ​ជាង​គេ​មួយ​នៅ​រាជ​ធានីភ្នំ​ពេញ ដែល​កំពុងអ​វិវឌ្ឍ​ឥត​ឈប់​ឈរ​ ឧទ្យាន​ស្ថានទូត​បារាំង​តែងទាក់​ទាញ​ចំណាប់​អារម្ម​ណ៍​របស់សិល្ប​ក​រនានា។​ ជាក់​​ស្តែង ក្នុងពិព័រណ៍​ «ដំណើរត្រាច់​ចរ​សិល្បៈ​» ឆ្នាំ​​២០២០​នេះ លោក​អ៊ុក ជឹម​វិ​​ចិត្រ, លោក​ក្រេហ្កូរី ហ្គោស​ឡាំង, លោក រៀម មុនី​ស៊ី​ឡុង, លោក​ ម៉ក់ រ៉េមីស្សា, លោក លាង ស៊ី​កន, លោក​ ស្រី បណ្តូល, លោក មាស សុឃន, លោ​ក ពេជ្រ​ សុភាព​ និងលោក​ ទិត្យ វាស​នា នឹង​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​សហ​សម័យ​របស់​ខ្លួន ដែលត្រូ​វ​បាន​រចនាឡើ​ង​ជា​ពិសេស​សម្រាប់ព្រឹត្តិ​​ការណ៍​នេះ ហើយមាន​លក្ខណៈ​សមសួន​ជាមួយ​នឹងបរិ​ស្ថាន​ធម្មជាតិ​របស់​ស្ថាន​ទូត​។

ជាមួយ​ទេព​កោសល្យ​ផ្សេងៗ​គ្នា សិល្បករ​ភាគច្រើនបានជ្រើស​រើសយក​ដើមឈើ​ដើម្បី​ផ្សារ​ភ្ជាប់ជាមួយ​ស្នាដៃ​សិល្បៈរ​បស់ខ្លួន​។ លោកជំ​ទាវ ​អេវ៉ា ង្វៀន ប៊ិញ ឯក​អគ្គរ​ដ្ឋទូ​ត​បារាំង​ប្រចាំ​ក​ម្ពុជា យល់​ឃើញ​ថា ក្រៅ​ពី​លក្ខណ:​លម្អ ដើម​ឈើទាំង​នេះបា​ន​ក្លាយទៅ​​ជាតួអង្គ​ពិតៗ​របស់​ពិព័រណ៍នេះ​​។ លោកជំ​ទាវ​មាន​ប្រសាសន៍​ថា៖ ​«តាម​រយៈកា​រ​រចនា​របស់​សិល្ប​ករ ដើម​ឈើ​ទាំង​នេះ​បានក្លាយ​ទៅ​ជា​សភាវៈរ​ស់​ម៉្យាង​ប្រកប​ដោយរូប​ឆោមលោមព​ណ៌ល្អ​ដែល​យើង​​ត្រូវ​ថែ​រ​ក្សា​ផង ជា​ទីជម្រក និង​ជាសាក្សី​នៃការ​ចង​ចាំ​ផង​។ ដើមឈើ​ទាំងនេះ​ហាក់​ដូចជា​វត្ថុនឹ​ង​ថ្កល់ ដែល​ផ្តល់អត្ថ​ន័យ​ដល់​ជីវិត​»​។

ស្ថាន​ទូត​បា​រាំង ដោយ​រួម​សហ​ការ​ជាមួយ​វិទ្យា​ស្ថា​​ន​បារាំង​​នៅក​ម្ពុជា បាន​ផ្តួច​ផ្តើម​គម្រោងនេះ​ឡើងដើម្បី​លើក​ស្ទួយ​តម្លៃនៃ​ការបង្កើត​ស្នាដៃ​សិល្បៈ និង​កិច្ច​សហ​ប្រតិប​ត្តិការ​វប្ប​ធម៌បារាំង​-កម្ពុជា​។ សា​ធារ​ណ​ជនអា​ចចូលទៅធ្វើដំណើរ​ត្រាច់ចរ​កម្សាន្តនៅ​ក្នុងឧទ្យានស្ថាន​ទូត ដើម្បី​ទស្សនា​ស្នាដៃ​សហ​សម័យរបស់​សិល្បករ​នៅក្នុង​បរិស្ថាន​ដ៏ស្រស់​បំព្រង​មួយ នៅថ្ងៃ​សៅរ៍ ទី​៧ ខែ​មីនា​ខាង​មុ​ខ ចាប់​ពីម៉ោង​៨ព្រឹក ដល់​ម៉ោង​៤រសៀល (រួ​ម​ទាំងថ្ងៃត្រ​ង់​ផង​ដែរ)។ ព្រឹតិ្តការណ៍​នេះ​បើក​ឱ្យសាធា​រណ​ជន​ចូលរួម​ដោយ​សេរី ដោយ​ពុំចាំបា​ច់​ចុះ​ឈ្មោះ​ជាមុន​នោះ​ទេ ប៉ុន្តែ​អាហារ ភេស​ជ្ជៈ (លើក​លែង​ទឹក) និង​កាបូបធំៗ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ចូលឡើយ​៕

អ្នក​សារព័ត៌​មាន ដែល​មានបំ​ណង​ចូលរួម​យកព័​ត៌មានព្រឹត្តិការណ៍​នេះនៅស្ថាន​ទូត​បារាំង សូមទា​ក់ទ​ង​លោក​ទឹង សុខ​លីម ជា​មុន​តាមរ​យ: soklim.tung@diplomatie.gouv.fr ឬទូរ​ស័ព្ទ ​០​១​២ ៦៥​ ៦​៦​ ៩៩​។

កែប្រែចុងក្រោយ 08/04/2020

ត្រឡប់ទៅលើ