សិក្សានៅប្រទេសបារាំង

A/ ហេតុ​ផល​ល្អៗ​ចំនួន​១០​ក្នុងកា​រ​សិក្សា​នៅ​ប្រទេស​បារាំង​៖
១. ការ​បណ្តុះ​បណ្តាល​ឈានមុ​ខ​គេ
ចំណាត់​​ថ្នាក់​អន្តរ​ជាតិ​​ឆ្លុះប​ញ្ចាំង​​ឱ្យឃើញនូ​​​វ​ភាពឈាន​មុខ​គេ​​របស់​គ្រឹះ​ស្ថាន​​ឧត្ត​​​​ម​​សិក្សា​បា​រាំង ជា​​ពិសេស​​ផ្នែក​​គ្រប់​​គ្រង តួយ៉ាងកាលពីឆ្នាំ២០១៤ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​នៃគ្រឹះ​ស្ថា​ន​បណ្តុះប​ណ្តាល​បារាំង​ស្ថិត​ក្នុង​ចំណោម​គ្រឹះ​ស្ថាន​សិក្សា​ ដែល​ល្អបំផុត​ចំនួន​៧០​របស់សារ​ព័ត៌មា​ន​ FinancialTimes៖http://rankings.ft.com/businessschoolrankings/masters-in-management-2014។

២. ការបង្ហាត់​បង្រៀនដែ​ល​មាន​បរ​ទេស
ការ​បណ្តុះ​បណ្តាលបារាំង​មាននៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​។

៣. ចំណងដ៏ជិតស្និទ្ធជាមួយការស្រាវជ្រាវវិទ្យាសាស្រ្តកម្រិតខ្ពស់
ចំនួន​ពាន​រង្វា​ន់​ណូបែល និង​មេដាយ​ហ្វៀល​របស់​បា​រាំង ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ថា​បារាំងគឺ​ជាប៉ូល​នៃ​នវា​នុវ​ត្តន៍ និង​ការស្រាវ​ជ្រា​វ​ប្រកប​ដោយ​ភាព​រស់​រវើក ៖
រាល់​ការ​បណ្តុះប​ណ្តាល​ទាំងអស់​របស់​សាកល​វិទ្យា​ល័យ និ​ង​សាលា​ល្បីៗ ពឹង​ផ្អែក​លើ​មន្ទីរពិ​សោធន៍ ស្រាវ​ជ្រាវ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​។

៤.ចំណងដ៏ជិតស្និទ្ធរវាងឧត្តមសិក្សា និងក្រុមហ៊ុន
ក្រៅពី​ការចូលរួមរ​បស់​អ្នក​អាជីព​ក្នុង​ការ​តាក់​តែង​គម្រោង​បណ្តុះ​បណ្តាល និង​បង្រៀន ការបំពេញ​កម្មសិក្សា​នៅតាម​ក្រុម​ហ៊ុន គឺ​ជាអ្វី​ដែល​និស្សិត​ត្រូ​វ​បំពេញ នៅក្នុ​ង​មុខ​វិជ្ជា​សិក្សា​ជាច្រើន​។ កម្មសិក្សា​ទាំងនេះជួ​យ​ស​ម្រួ​ល​ដល់​ការ​ឈានទៅ​កាន់ពិ​ភព​ការ​ងារ ហើយ​អាច​ឈានទៅ​ដល់​ការទទួលបានការ​ជ្រើស​រើសឱ្យបម្រើ​ការ​ងារ​។ ជាង​នេះទៅ​ទៀត ច្បា​ប់​បារាំង​ទាក់​ទងនឹង​កម្មសិក្សាមាន​លក្ខណៈខុ​សប្លែក​ពីគេត្រ​​ង់​ថា​ច្បាប់​ការពារ​កម្មសិក្សា​ការី​/ការិ​នី​ជនជាតិ​បា​រាំង និង​បរទេស ដោយ​​កាល​​ពី​ឆ្នាំ​​២០១៥​​តម្រូវ​​ឱ្យ​មាន​​ការ​​ផ្តល់​ប្រា​​ក់​​ក​ម្រៃ​​ដល់​​កម្ម​​សិក្សា​ការី​​​/​ការិនី​ ដែល​បំ​ពេញ​​ការងារ​​ពេញ​ម៉ោ​ង​​ចាប់​​ពី​​២​​ខែ​ទៅ​​។

៥.ការបង្ហាត់បង្រៀនដែលបើកទូលាយសម្រាប់និស្សិតបរទេស
ប្រទេស​បារាំង​គឺជា​ប្រទេស​ទី៣ ដែល​ទទួល​និស្សិត​បរទេស​ឱ្យទៅ​សិក្សា ហើយ​ជា​ប្រ​ទេសគោល​ដៅ​ទី​មួយ​សម្រាប់​និស្សិត​ដែល​មិន​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស។

៦. សញ្ញាប័ត្រត្រូវបានទទួលស្គាល់នៅអឺរ៉ុប
ការ​សិក្សា​ថ្នាល់​សាកល​វិទ្យាល័យ​នៅប្រទេស​បារាំង ធ្វើ​ឡើង​ដោយ​មាន​សញ្ញាប័ត្រ​បី​គឺ៖បរិញ្ញា​បត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត។ ការ​រៀបចំឱ្យមាន​សញ្ញាបត្រ​បែប​នេះគឺ​ជួយបង្កើន​បម្លាស់​ទី​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​អឺរ៉ុប​។

៧. តម្លៃសិក្សាសមរម្យ
រដ្ឋា​ភិបាល​បារាំង​រ៉ាប់រង​ចំណែកមួយ​ដ៏ធំ​នៃថ្លៃ​ពិតប្រាកដ​នៃការ​បណ្តុះ​បណ្តាល​​នៅ​តាម​គ្រឹះ​ស្ថាន​​អប់រំ​សាធារណៈ ដោយ​ធានា​បាន​នូវថ្លៃ​ចុះឈ្មោះ​សិក្សា​ទាប​ជាង​គេ​បំផុត​មួយ​នៅ​លើពិភព​លោក​។

៨. អត្ថប្រយោជន៍ដូចគ្នាទៅនឹងនិស្សិតបារាំង
និស្សិត​បរទេស​ទទួល​បាន​ជំនួយ​ក្នុង​ការ​បង់​ថ្លៃ​ស្នាក់​នៅ សន្តិ​សុខ​សង្គម តម្លៃ​សម​រម្យសម្រាប់​សកម្មភាពក​ម្សាន្ត​នានា ការ​ដឹក​ជញ្ជូន និង​ថ្លៃ​អាហារ​។ និស្សិត​បរទេស​អាច​ប្រកបវិជ្ជា​ជីវៈ​ដោយ​ពុំចាំ​បាច់​មាន​ការ​អនុញ្ញាត​ដោយ​ឡែក​ណា​មួយ​នោះទេ​ក្នុង​កម្រិត​៦០%​នៃថិរ​វេលា​បំ​ពេញកា​រងារ​ប្រចាំ​ឆ្នាំ ហើយ​អាច​បំពេញ​ការងារ​បន្ទាប់​ពី​ទទួល​បាន​សញ្ញា​ប័ត្របរិញ្ញា​បត្រ​ជាន់​ខ្ពស់ តាម​រយៈការ​អនុញ្ញាត​ឱ្យស្នាក់​នៅ​បណ្តោះ​អាសន្ន (APS)។

៩. សិក្សាភាសាមួយដែលគេផ្តល់តម្លៃ
ភាសា​បារាំង​ត្រូវ​បាន​ប្រើប្រា​ស់​ដោយ​ប្រជា​ជន​​ជាង​​២០០​​លាន​​នាក់ ហើយ​​ត្រូ​​វ​​បាន​​សិក្សា​​ដោយមនុស្ស​៧៤៥ ០០០ នាក់ នៅ​ក្នុង​ទ្វីបទាំង​៥​។ ភាសា​បារាំង​គឺជា​ភាសា​ផ្លូវការ និង​ការ​ងារ នៃ​សហ​​ភាព​អឺរ៉ុប និងអ​ង្គការ​សហ​ប្រជា​ជាតិ។ ភាសា​បារាំង​ក៏ជា​ភាសាកី​ឡា​អូឡាំពិ​ក​ផង​ដែរ​។ ប្រទេស​បារាំង​ដែលជា​មហាអំ​ណាច​ពាណិជ្ជកម្ម​ទី​៥ គឺ​ជាដៃគូសេដ្ឋ​កិច្ច​សំខាន់​របស់​ប្រទេស​ជាច្រើន ជាពិ​សេស​ប្រទេស​ទ្វី​ប​អឺរ៉ុប​។

១០ មជ្ឈដ្ឋានគួរឱ្យចង់រស់នៅ
តាម​រយៈ​ភាពស​ម្បូ​រ​បែប​ផ្នែក​វប្ប​ធម៌ ភូមិ​សាស្រ្ត និង​ម្ហូប​​អាហារ ប្រទេស​បារាំង​គឺ​ជាគោល​ដៅ​ទេស​ចរណ៍​ទីមួយ​លើ​ពិភព​លោក ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បា​រាំង ជា​ពិសេស​ផ្នែ​ក​ដឹក​ជញ្ជូន ឬ​សុខា​ភិបាល​ គឺ​មាន​លក្ខណៈ​ទំនើប​បំ​ផុត។ គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ជាញឹកញាប់​​ស្ថិត​នៅចំ​ក​ណ្តា​ល​ទី​ក្រុង ដោយ​មាន​ទំនាក់​ទំនង​​ដោយ​ផ្ទាល់​ជា​មួយ​ភាព​រស់​រវើក​ផ្នែកវប្ប​ធម៌ និង​សង្គម​។ បណ្តាញ​សមាគម​នៅប្រទេសបារាំង​គឺជាបណ្តាញ​មួយ​ស្ថិត​ក្នុង​ចំណោមបណ្តាញ​ដែល​មាន​ភាព​ចម្រុះ សម្បូរ​បែប និង​រស់រវើកបំ​ផុតនៅក្នុង​ពិភព​លោក​។

B/ ឧត្តមសិក្សានៅប្រទេសបារាំង
ប្រព័ន្ធ​ឧត្តម​សិក្សា​បារាំង​គឺជាប្រព័ន្ធ​មួយ​ដ៏សម្បូរ​បែប និង​មាន​ប្រសិទ្ធ​ភាព​បំផុ​តនៅ​លើពិភព​លោក​។ ភាព​ឈានមុខ​នៃការ​បណ្តុះ​បណ្តាល​របស់​បារាំងផ្អែ​ក​លើ​បណ្តា​ញ​ជាតិ​មួយ​ដែល​មា​​ន​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋ និង​ឯក​ជន និង​មជ្ឈមណ្ឌល​ស្រាវ​ជ្រា​វដែល​មាន​ឈ្មោះ​ល្បី​លើ​ឆាកអន្តរ​ជាតិ រួមមា​ន​សាកល​វិទ្យា​ល័យ​ចំនួ​ន​៧១ សាលា​​វិស្វកម្ម​​ចំនួន២​០៥ សាលា​ពា​ណិជ្ជកម្ម និងគ្រប់​គ្រង​ចំនួន​២០០ សាលា​ស្ថាបត្យ​កម្មចំនួន​២០ សាលា​សិល្បៈ​ចំនួន១​២០ ក្រៅ​ពីនោះក៏​មាន​គ្រឹះ​ស្ថាន សាលា និង​វិទ្យាស្ថាន​ជាង៣០០០​ផ្សេងទៀតផងដែរ។ គេ​សង្កេត​ឃើញ​មាន​ការបណ្តុះប​ណ្តាល​​ពី​រ​​ប្រភេទ​​៖

១.វគ្គ​បណ្តុះប​ណ្តាល​ខ្លី​ៗ​
វគ្គ​បណ្តុះ​បណ្តាល​ខ្លីៗ ជាទូទៅ​​សិក្សាពី​២​ទៅ៣ឆ្នាំ ផ្តោត​ជាពិសេស​លើវិស័យ​ធុរ​កិច្ច ឧស្សា​ហក​ម្ម ឬសេ​វា​។ វគ្គសិក្សា​តែង​មាន​បញ្ចូល​នូវ​កម្មសិក្សា​នៅតាម​បណ្តា​ក្រុម​ហ៊ុន ហើយ​ការ​បណ្តុះ បណ្តាល​នេះផ្ត​ល់​នូវទស្សនៈ​វិស័យពិ​ត​ប្រាកដ​ស្តី​ពីទី​ផ្សា​រ​ការ​ងារ​។ ការ​ជ្រើស​រើស​ឱ្យ​ចូល​សិក្សានៅ​ក្នុង​វគ្គនេះធ្វើ​ឡើង​យ៉ាង​តឹង​រ៉ឹង​។

  • ​សញ្ញា​​ប័ត្រ​​សាកល​វិទ្យាល័យ​បច្ចេ​ក​វិទ្យា (DUT) ផ្តល់​នូវជំ​នាញ​ក្នុង​វិស័យ​ផលិត​កម្ម និង​​សេ​វាកម្ម​។​​ សញ្ញា​​ប័ត្រ​នេះ​​សិក្សា​រយៈពេ​ល​២​ឆ្នាំ នៅ​តាម​វិទ្យា​ស្ថាន​សាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យាចំនួន​១១៦ ដែល​ចំណុះ​ឱ្យសាកល​វិទ្​យាល័យ​។ ៨០%​នៃនិស្សិ​ត​ដែល​ទទួល​បាន​សញ្ញាប័ត្រ​DUT បន្តការ​សិក្សា​ជាពិសេសថ្នាក់​បរិញ្ញបត្រ​វិជ្ជា​ជីវៈ​។
  • សញ្ញា​ប័ត្រ​ BTS ​(Brevet de Technicien Supérieur) សិក្សា​រយៈ​ពេ​ល​២​ឆ្នាំ​នៅតា​ម​វិទ្យា​ល័យ​។ ជំនាញ​ចំនួន​១៤៥​ត្រូ​វ​បាន​ផ្ត​ល់​ជូន​លើ​វិស័យ​សណ្ឋា​គារ ឧស្សា​ហ​កម្ម សុខា​​ភិ​​បាល សិល្បៈ​អនុ​ ​វ​ត្ត ការ​​គ្រប់​​គ្រង និង​កសិ​កម្ម​។ នៅ​ពេល​ចប់​វគ្គ​សិក្សា និស្សិត​ជាង​៣០%ដែ​ល​ទទួល​បានសញ្ញា​ប័ត្រ​ បន្ត​​ការ​សិក្សា (នៅសា​កល​វិទ្យា​ល័យ សាលាវិ​ស្វ​កម្ម សាលា​ពាណិជ្ជ​កម្ម​)​។
  • បរិញ្ញា​បត្រវិជ្ជាជីវៈ ត្រូវ​បានផ្ត​ល់​ជូន​បន្ទា​ប់​ពីការ​​សិ​ក្សា​​រយៈ​ពេល​១ឆ្នាំ​ដល់​និស្សិត​ដែល​បានបញ្ច​ប់​ការ​សិក្សាថ្នា​ក់​ឧត្តមសិ​ក្សា​រយៈពេ​ល​២ឆ្នាំ ដោយជោ​គ​ជ័យ​ (Licence2 DUT BTS)។ ការបណ្តុះ​បណ្តា​ល​កើត​ចេញ​ពី​ភាព​ជា​ដៃគូរ​វាង​សាកល​វិទ្យា​ល័យ ក្រុម​ហ៊ុន និង​បណ្តុំ​ក្រុម​ហ៊ុន​។ សាស្រ្តា​ចារ្យ​ដែល​បង្ហាត់​បង្រៀន​គឺជា​អ្ន​ក​ប្រកប​វិជ្ជាជីវៈដែ​ល​កំពុង​ប្រកប​មុខ​អាជីព​។ បរិញ្ញា​បត្រ​នេះ​គឺជាថ្នាក់​បណ្តុះ​​បណ្តាល​​ដ៏ល្អបំផុត​​របស់​​បា​​រាំង ដើម្បី​​ជួយ​​និស្សិតឱ្យ​ធ្វើស​មា​ហរ​ណក​ម្មអាជីព​អ្ន​ក​គ្រ​ប់​គ្រង​កម្រិត​មធ្យម​។

២.វគ្គបណ្តុះបណ្តាលរយៈពេលវែង
នៅ​ប្រទេស​បារាំង​មាន​គ្រឹះ​ស្ថាន​ធំៗ​ពីរ​ដែល​អនុញ្ញាត​ឱ្យ​និស្សិត​បន្ត​ការ​សិក្សា​រយៈពេ​លវែ​ង​​គឺ​សា​​កល​វិទ្យា​ល័យ និង​សាលា​(Ecoles)។

សាកលវិទ្យាល័យ
សាកល​វិទ្យាល័យ​រដ្ឋ​មាន​ចំនួន​៧១​៖ សាកល​វិទ្យាល័យ​ទាំង​នោះ​ទទួល​បាន​ហិរញ្ញវ​ត្ថុពី​រដ្ឋ ដែលអនុ​ញ្ញាត​ឱ្យ​ខ្លួន​ផ្តល់​សញ្ញាប័ត្​រជា​តិ​ដោយ​អនុ​លោម​តាម​នីតិវិធី​ដ៏តឹងរ៉ឹង​មួយ​។ នោះហើយ​ជាអ្វីដែល​ផ្តល់​កម្រិត​ប្រសើរ​នៃការ​បណ្តុះ​បណ្តាល ដោយ​ចំណាយ​ថ្លៃសិក្សា​ប្រ​ចាំ​ឆ្នាំយ៉ាង​សម​រម្យ​ជាពិ​សេស​។ សាកល​វិទ្យាល័យ​ផ្តល់នូវការ​បណ្តុះបណ្តា​ល​លើមុខ​វិជ្ជា​នា​នា ដោយ​ផ្តល់​នូវការ​បណ្តុះបណ្តាល​ជាមូលដ្ឋា​ន​គ្រឹះ បច្ចេ​ក​វិទ្យា និង​វិជ្ជា​ជីវៈ។ ប្រមាណ​១០%នៃ​និស្សិ​ត​សិក្សា​នៅ​សា​ក​ល​វិទ្យាល័យជា​និស្សិត​បរទេស​។​

អនុលោម​តាម​​ការ​​រៀប​ចំ​កា​រ​សិក្សា​​​របស់​​​អឺរ៉ុប វគ្គ​​បណ្តុះ​ប​ណ្តា​ល​​រយៈពេ​ល​​វែងត្រូវ​​បាន​​រៀប​​​ចំ​ជា​​បី​កម្រិត​​បន្ត​​បន្ទាប់ ដែល​​អាច​​ឱ្យនិស្សិត​​ទទួល​បា​​ន​​សញ្ញាប័ត្រ​​ជាតិ​​ចំនួន​​បី​​គឺ៖

  • បរិញ្ញា​​បត្រ​​ទូ​ទៅ រយៈពេ​ល​​សិក្សា​​៦ឆ​មាស (៣​ឆ្នាំ​)
  • បរិញ្ញា​បត្រ​ជាន់​ខ្ពស់ រយៈពេ​ល​សិក្សា​៤ឆ​មាស​​(២ឆ្នាំ) បន្ទាប់​ពីបរិញ្ញា​បត្រ។ ថ្នាក់​បរិញ្ញា​បត្រជាន់​ខ្ពស់​អាច​តម្រ​ង់​ទិស​​ទៅ​​រក​ការ​ស្រា​វ​ជ្រាវ​(ដើម្បី​រៀបចំ​កា​រ​សិក្សា​បន្តថ្នាក់​បណ្ឌិត) ឬ​ឆ្ពោះទៅ​កាន់​ពិភព​ការងារ​(ដើម្បី​បណ្តុះ​បណ្តា​ល​ស្តីពី​មុខ​អាជីព​ណា​មួយ និង​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​ភ្លាមៗ​)។ ទោះ​បី​យ៉ាង​​នេះ​​ក្តី ការ​​តម្រង់​​ទិស​​ទាំង​​នេះហា​​ក់​​កំពុង​ឈាន​ទៅរកកា​រ​បា់ត់​​បង់​​ក្នុង​​ពេល​​​បច្ចុ​ប្ប​​​ន្ន​​។
  • ថ្នាក់​​ប​ណ្ឌិត រយៈ​ពេល​សិក្សា​យ៉ាង​ហោច​ណាស់​៦​ឆមាស​(៣ឆ្នាំ) បន្ទាប់​ពីថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ព​ស់​។ សញ្ញាប័ត្រ​កម្រិត​ទី៣នេះគឺ​ផ្តោត​លើការងារ​ស្រា​វ​ជ្រា​វ​។ សញ្ញា​ប័ត្រ​បណ្ឌិ​តត្រូវ​បាន​ផ្តល់​ជូន​​​បន្ទាប់​​ពី​ការ​ការពារ​និក្ខេបបទ​​បាន​​ជោគ​​ជ័យ​​។

សាលា​ជា​​ន់​ខ្ពស់
សាលា​ជាន់​ខ្ព​​ស់​​គឺជាគ្រឹះសា្ថន​​រដ្ឋ​​ឬ​ឯក​ជន​ ដែល​​ជ្រើស​សម្រាំង​​និស្សិត​​ឱ្យ​​ចូល​សិ​ក្សា ហើយ​ការបង្ហាត់​​ប​ង្រៀន​​ផ្តោត​លើ​​ការ​​ត្រៀម​​រៀប​ចំ​​អនុវត្ត​​វិជ្ជា​​ជីវៈ​​ជំនាញ​​។
ក្នុង​​ចំណោម​​សាលា​ជា​ន់​​ខ្ពស់ «Les Grandes Ecoles» គឺ​​ជាលក្ខណៈ​ពិ​សេស​​របស់​​បា​រាំង មាន​ន័​​យ​​ថា​ជា​គ្រឹះស្ថានសិក្សា​​រដ្ឋ និង​​ឯកជន​ ​ដែល​​សម្រិ​​ត​​សម្រាំង​​ខ្លាំង​​ក្នុង​​ការ​​ជ្រើស​​រើស​និ​ស្សិត​​ឱ្យ​​ចូលសិក្សា ហើយ​​ចំនួន​​និស្សិត​​របស់​ខ្លួន​​តិច​ជាង​​ចំនួន​និស្សិត​​នៅ​​សាកល​​វិទ្យា​ល័យ​​។ «Les Grandes Ecoles» បណ្តុះ​បណ្តា​ល​វិស្វករ និង​អ្នកគ្រប់​គ្រង​កម្រិ​ត​ខ្ពស់ និង​អ្នក​ជំនាញ​ផ្នែកសិល្បៈ អក្សរ​សាស្រ្ត វិទ្យា​សាស្រ្ត​មនុស្ស​សាស្រ្ត។ «Les Grandes Ecoles» ផ្តល់​នូវ​សញ្ញាប័ត្រ​ដែលមាន​ក​ម្រិត​បរិញ្ញាបត្រ​​ជាន់​​ខ្ពស់។ សាលា​​ទាំង​នេះ​​ក៏អាច​​ផ្តល់​សញ្ញា​ប័ត្រ ឬជំ​នាញ​ដូច​ជា៖

  • បរិញ្ញា​បត្រ (Bachelor) (ទទួលបាន​បន្ទាប់ពីសិក្សា​រយៈពេល​៣ ឬ​៤​ឆ្នាំ)
  • បរិញ្​ញាបត្រ​ជាន់​ខ្ពស់​វិទ្យា​សាស្រ្ត (MSc) (ទទួល​បាន​បន្ទាប់​ពីសិក្សា​រយៈ​ពេល​៤ឬ​៥​ឆ្នាំ​)
  • បរិញ្ញា​បត្រ​ជាន់​ខ្ពស់​MBA (Master of Business Administration)
  • បរិញ្ញា​បត្រ​ជំនាញ​ជាន់​ខ្ពស់ Ms (ទទួល​បានប​ន្ទា​ប់​ពីសិក្សា​រយៈពេល​៦​ឆ្នាំ)

សាលា​ជំនាញ​ធ្វើការ​បណ្តុះ​បណ្តាល​និស្សិត​ក្នុង​វិស័យ​ដែល​ប្រទេសបារាំ​ង​ត្រូ​វ​បាន​ទទួល​ស្គាល់មាន​ដូច​ជា​៖ម្ហូប​អាហារ សណ្ឋា​គារ ម៉ូដ ភាព​យន្ត​។ល។ វិស័យ​វិជ្ជាជីវៈ និង​ជំនាញ​ជាច្រើន​ត្រូវបាន​ផ្តល់​ជូន និង​ជួយឱ្យនិស្សិត​ត្រៀមខ្លួន​សម្រាប់​មុខអាជីព​ជាក់លា​ក់​នានា​៖ សៀវ​ភៅ​រឿងនិទាន​អម​ដោយ​គំនូរ គំនូវ​ជីវចល វីដេអូ​ហ្គេម ជំនាញថ​ត​រូប សិល្បៈ​​សម្តែង សារ​ព័ត៌​មា​ន គម​នា​​គមន៍ វគ្គ​បណ្តុះបណ្តាល​អម​វេជ្ជ​សាស្រ្ត មុខ​អាជីព​សង្គម​។ល។ សាលា​ជំនាញ​ផ្ត​ល់​សញ្ញាប័ត្រ​ និង​វិញ្ញាបន​ប័ត្រ ជាទូទៅ​បន្ទា​ប់​ពីសិក្សា​រយៈ​ពេល​៥​ឆ្នាំ​។
ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​៖ ក្រសួងអប់រំបារាំង

C/ បែបបទ​ដើម្បី​ទៅសិក្សា​នៅ​ប្រទេស​បា​រាំ​ង
Campus France គឺជាដៃគូ​តែមួយ​គត់​របស់​និស្សិ​ត​ដែលច​ង់​ទៅសិក្សា​​នៅ​ប្រទេស​បា​រាំង​។ Campus France ផ្ត​ល់​ព័ត៌មាន​ស្តីពីការ​បណ្តុះប​ណ្តាល​នា​នា ល័ក្ខ​ខ័ណ្ឌ​ដែល​បេក្ខជន​ត្រូវ​បំ​ពេញសម្រាប់​គ្រឹះស្ថាន​នីមួយ​ៗ និង​កម្រិត​ចំណេះ​ដឹង​ដែល​ត្រូវ​មាន​។
ក្នុង​ន័យ​នេះ និស្សិត​ម្នាក់ៗ​អាច​ជ្រើស​រើស​ការ​បណ្តុះបណ្តាល​ដែល​សម​ស្រប​បំផុត ដោយ​ចៀស​វាង​នូវ​ការ​ភ័ន្ត​ច្រលំ និង​បរាជ័យ​ក្នុង​ការ​សិក្សា ដែល​ធ្វើ​ឱ្យ​ខក​ចិត្ត និង​ខាត​បង់ប្រា​​ក់​កាស ដោយ​សារ​ការតម្រង់​ទិសដៅ​មិន​ត្រឹ​ម​ត្រូ​វ​។

តើត្រូវ​បង្កើត​គម្រោង​សិក្សា​ដោយ​របៀបណា​?
ដើម្បី​យល់ដឹង​ឱ្យកាន់តែច្បាស់​អំពីប្រព័ន្ធ​ឧត្ត​ម​សិក្សា​បារាំង និង​ជ្រើស​រើស​វគ្គ​បណ្តុះបណ្តាល​ឱ្យ​បាន​សម​ស្រប និស្សិ​ត​គប្បី​ចូល​ទៅមើល​គេហ​ទំព័រ​របស់ Campus France ។

តើ​ត្រូវ​ធ្វើ​បែប​ណា?
ដើម្បី​សិក្សា​នៅ​ប្រទេស​បារាំង បេក្ខ​ជន​ត្រូវបំពេញបែ​ប​បទ​របស់ Campus France។ បេក្ខជ​នត្រូវ​បង្កើតពាក្យ​សុំមួយស្តីពីការ​សិក្សា​នៅ​ប្រទេស​បារាំង​នៅលើ​គេហទំព័​រ​Campus France ឆ្លង​កាត់​ការធ្វើតេស្ត​ភាសា​បារាំង​(លើកលែង​ករណី​បេក្ខជនខ្លះ​ដែល​មិនចាំ​បាច់​ធ្វើ​តេស្ត) ហើយ​ធ្វើការ​សម្ភាសន៍​ជាមួយ​មន្ត្រី Campus France។

D/ កម្ម​វិធីអាហារូប​ករណ៍​ស្ថាន​ទូត​បា​រាំង
ស្ថា​នទូ​តបារាំង​ប្រចាំ​កម្ពុជា​ជំរុញឱ្យមាន​ការសិក្សា​របស់និស្សិត​នៅ​បរ​ទេស តាមរ​យៈក​ម្ម​វិ​ធីអាហារូប​ករណ៍​ជាច្រើន​។​

កែប្រែចុងក្រោយ 26/09/2019

ត្រឡប់ទៅលើ