ការធ្វើអន្តោ​ប្រវេសន៍​ដើម្បី​ទៅ​ប្រកប​ការងារ

បើសិន​លោក​អ្នក​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​បារាំង​ក្នុង​ក្របខ័ណ្ឌ​កិច្ចសន្យា​ការងារ សូម​អោយ​និយោជក​(ថៅកែ)​របស់​អ្នក​ធ្វើការ​ទំនាក់​ទំនង​ទៅ​ការិយាល័យ​អន្តោ​ប្រវេសន៍ និង​សមាហរ័ណកម្ម​បារាំង ហៅកាត់ថា OFII ។

បន្ទាប់មក ការិយាល័យ OFII នេះ នឹងស្នើ​សុំ​ទៅ​ការិយាល័យ​កុងស៊ុល​នៃស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​អោយ​រៀបចំ​បែបបទ​ធ្វើអន្តោប្រវេសន៍​ជូនលោក​អ្នក ។ ដូច្នេះ លោកអ្នក​ត្រូវទៅ​ទំនាក់ទំនង​នៅ​ការិយាល័យ​កុងស៊ុល​នេះ​ដើម្បី​អោយដឹង​ថា ៖ តើការិយាល័យ OFII បានផ្ញើ​សំណុំ​បែបបទ​របស់​លោកអ្នក​មកដល់​ស្ថានទូត​ហើយ​ឬនៅ ?

ផ្អែកតាម​ស្ថានភាព និងប្រភេទការងារ ដែលលោក​អ្នក​ត្រូវ​ទៅធ្វើ​នៅ​ប្រទេស​បារាំង គេនឹង​ផ្តល់​ជូន​លោកអ្នក​នូវ​លទ្ធភាព​មួយ​ចំនួន ដែលនឹង​បង្ហាញ​ជូនដោយ​លំអិត​ដូច​តទៅ​នេះ ៖

ការទាក់ទាញនូវទេពកោសល្យផ្សេងៗ គឺជាចំណុចអាទិភាពមួយសំរាប់ប្រទេសបារាំង

បើសិន​លោកអ្នក​គិតថា​អាចទទួល​បាន​លទ្ធភាពណា​មួយ​ក្នុងចំណោម​លទ្ធភាព​ទាំងនេះ លោកអ្នក​អាច​ទំនាក់ទំនង​ដោយ​ផ្ទាល់​មក​ផ្នែក​កុងស៊ុល​ប្រចាំ​ស្ថានទូត​បារាំង តាមរយៈ​អាសយដ្ឋាន ៖ consulat.phnom.penh-amba@diplomatie.gouv.fr ដើម្បី​សុំការ​ណាត់ជួប​ក្នុង​ការ​ដាក់ពាក្យ​សុំ ។

ក្នុងការពិគ្រោះសំណុំឯកសារ ការិយាល័យ​មួយចំនួន​ទៀត​ក៏អាច​ផ្តល់​យោបល់​ជូនលោកអ្នក​បានដែរ អាស្រ័យ​ទៅតាម​សមត្ថភាព​ជំនាញរបស់​លោកអ្នក ។ ការិយាល័យ​ទាំងនោះ​មានជាអាទិ៍ ៖

- ផ្នែកបេសកកម្មសេដ្ឋកិច្ចប្រចាំស្ថានទូត (phnompenh@missioneco.org)

- ផ្នែកសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ប្រចាំស្ថានទូត (scac.phnom-penh-amba@diplomatie.gouv.fr)

- ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (adfphnompenh@groupe-adf.org)

- សភាពាណិជ្ជកម្មបារាំង-កម្ពុជា (ccfc@online.com.kh)។

១- កាតថ្មី បញ្ជាក់ពី « សមត្ថភាព និងទេពកោសល្យ »

បើអ្នកមានគំរោងចង់​ទៅធ្វើការ​នៅ​ប្រទេស​បារាំង កាត « សមត្ថភាព និង​ទេពកោសល្យ » ដែល​អាច​ពន្យារ​បាន​៣ឆ្នាំ​ម្តង នឹងជួយ​អោយ​លោក​អ្នក​អាច​ប្រកប​ការងារ​តាមជំរើស​របស់​លោកអ្នក ។ ដូច្នេះ វាធ្វើអោយ​អ្នកបាន​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ប្រទេស​បារាំង ក៏ដូចជា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ផងដែរ ។

សមាជិក​គ្រួសាររបស់អ្នក​នឹងទទួល​​បានកាត​មួយ ហៅថា ៖ កាត​ជិវិត​ឯកជន និងគ្រួសារ ដែល​នឹង​អនុញ្ញាត​អោយ​ពួកគេ​អាចធ្វើ​ដំណើរទៅ​ប្រទេសបារាំង​ជាមួយ​លោកអ្នក ព្រមទាំង​អាចធ្វើការ​នៅទីនោះ​បានទៀតផង ។

=> លោកអ្នក​ត្រូវដាក់ពាក្យសុំកាតខាងលើនេះ​នៅ​ការិយាល័យ​កុងស៊ុល​ប្រចាំ​ស្ថានទូត​ដើម្បី​ពិនិត្យ​សំរេច ។ ឯកអគ្គរដ្ឋទូត​ជាអ្នក​សំរេច​ក្នុងការ​ចេញ​កាតនេះ​ជូន​លោក​អ្នក ។

២- កាតសំរាប់ « និយោជិត » និងសំរាប់ « កម្មករបណ្តែត »

លោកអ្នក​អាច​​ត្រូវបាន​គេផ្តល់​អោយ​​នូវប័ណ្ណ​​ស្នាក់នៅ​​ផ្សេងៗ​​ដូចខាង​​ក្រោម ហើយ​ប័ណ្ណនេះ​នឹងជួយ​អោយ​អ្នកអាច​រក​ការងារ​ធ្វើនៅ​ប្រទេស​បារាំង ៖

- ប័ណ្ណស្នាក់នៅ​បណ្តោះអាសន្ន​សំរាប់ និយោជិត (កូនឈ្នួល)

- ប័ណ្ណស្នាក់នៅបណ្តោះអាសន្នសំរាប់ កម្មករបណ្តែត

- លិខិតស្នាមដែលមានចែងនៅក្នុងកិច្ច​ព្រមព្រៀង​ទ្វេភាគី

=> បញ្ជីប្រភេទការងារ ដែលអាចរកធ្វើបាន​នៅប្រទេស​បារាំង មាននៅ​លើ​គេហទំព័រ ៖ www.immigration.gouv.fr

៣- កាតថ្មី សំរាប់ « និយោជិតចុះបេសកកម្ម »

បើសិនអ្នកជាបុគ្គលិក​មានរយៈពេល​យ៉ាងតិច៣​ខែនៅក្នុង​ក្រុមហ៊ុនមួយ ដែលមាន​ទីតាំងស្ថិត​នៅឯបរទេស នុ៎លោក​អ្នក​នឹង​ទទួលបាន​កាតនេះ ដែលវា​អាចពន្យារ​បាន​រាល់៣ឆ្នាំ​ម្តង ។

លោកអ្នកនឹងត្រូវបានគេចែកកាតនេះ​អោយប្រសិនបើ ៖

- លោកអ្នកត្រូវបានចាត់តាំងអោយទៅបំពេញ​ការងារ​នៅ​ប្រទេសបារាំង ក្នុងគ្រឹះស្ថាន​ណាមួយ ឬ ក្នុងក្រុមហ៊ុន​ណាមួយ ដែលជាសាខា​នៃក្រុមហ៊ុនធំនេះ ។

- លោកអ្នកត្រូវបានគេជួលអោយទៅធ្វើការ​ជាបណ្តោះ​អាសន្ន ដោយ​ក្រុមហ៊ុនណាមួយ​ដែលមានទីតាំង​នៅប្រទេស​បារាំង និងជាសាខា​នៃក្រុមហ៊ុន​តែមួយ ជាមួយនឹង​ក្រុមហ៊ុនរបស់​និយោជកអ្នក ។

=> ក្នុងករណីទាំងពីរនេះ លោកអ្នកត្រូវមាន​ឯកសារ​ដែលបង្ហាញថា​បានទទួល​ប្រាក់បំណាច់​សរុបស្មើនឹង​១,៥ដង​នៃ​ប្រាក់ខែ​អប្បបរមា (មានចំនួន 1321,02€)។ ក្រោយបំពេញ​បេសកកម្ម​នៅ​ប្រទេស​បារាំង​បានរយៈពេល​៦ខែជាប់ សមាជិកគ្រួសារ​លោកអ្នក​នឹងទទួលបាន​ដោយពេញ​សិទ្ធិ​នូវកាត ជិវិតឯកជន និងគ្រួសារ ហើយកាតនេះ​នឹងអនុញ្ញាត​អោយពួកគេ​អាចធ្វើការ​នៅទីនោះ​បានដែរ ។

៤- កាត « និយោជិតចុះបេសកកម្ម » សំរាប់ថ្នាក់ដឹកនាំ/អ្នកដឹកនាំជាន់ខ្ពស់

លោកអ្នកធ្វើការអោយក្រុមហ៊ុនបារាំង ដែលចំណុះ​អោយក្រុមហ៊ុន​អន្តរជាតិ​ណាមួយ ។ បើសិន​លោកអ្នក​បំពេញការងារ​ក្នុងមុខតំណែង​ខ្ពស់ ឬ បើសិនលោក​អ្នក​បានទទួលប្រាក់​បំណាច់សរុប លើស ឬ ស្មើនឹង 5000€ លោកអ្នក​នឹង​ត្រូវបាន​គេផ្តល់ជូន​នូវប័ណ្ណស្នាក់​នៅ ដែលមាន​សុពលភាពរយៈពេល​៣ឆ្នាំ ។

គ្រួសាររបស់លោកអ្នកក៏អាចធ្វើដំណើរ​ទៅប្រទេសបារាំង​ជាមួយ​ផងដែរ ដោយទទួល​បាន​ប័ណ្ណស្នាក់នៅ « អ្នកទេសចរ » ហើយប័ណ្ណនេះ​ក៏អនុញ្ញាត​អោយគ្រួសារ​អ្នកអាច​ធ្វើការបានដែរ។

៥- កាត « កម្មករធ្វើការតាមរដូវ »

បើសិនអ្នកជានិយោជិតបានចុះកិច្ចសន្យា​ធ្វើការតាម​រដូវមានរយៈពេល​លើសពី​៣ខែ លោកអ្នក​នឹងទទួល​បាន​ប័ណ្ណស្នាក់នៅ​បណ្តោះអាសន្ន​មួយ ដែល​អាចពន្យារ​បានរាល់​៣ឆ្នាំម្តង ។ ប័ណ្ណនេះ​អនុញ្ញាតអោយ​លោកអ្នកធ្វើការ​តាមរដូវបាន ក្នុងរយៈ​ពេលយ៉ាង​យូរ​៦ខែ​ក្នុងអំឡុងពេល​១២ខែជាប់គ្នា ។

ក្នុងពេលតែមួយ លោកអ្នកអាចបំពេញ​ការងារបាន​ច្រើនមុខ​បន្តបន្ទាប់គ្នា កាលបើ​លោកអ្នកសន្យាថា​នឹងមិនស្ថិត​នៅ​ក្នុងប្រទេស​បារាំងលើសពី៦​ខែក្នុងមួយឆ្នាំ ហើយនឹង​បន្តស្នាក់នៅ​ជាធម្មតានៅ​ក្នុង​ប្រទេស​កម្ពុជា ។​ ប៉ុន្តែ កាតនេះមិន​អនុញ្ញាត​អោយនាំយក​គ្រួសារ​មករស់នៅ​ជុំគ្នានៅក្នុង​ប្រទេស​បារាំងទេ ។

៦- កាតខាងផ្នែក « វិទ្យាសាស្ត្រ »

បើសិនអ្នក​មាន​សញ្ញាបត្រ​ឧត្តមសិក្សា ដែលយ៉ាងហោច​ណាស់មាន​តំលៃស្មើនឹង​ថ្នាក់អនុបណ្ឌិត (Master) លោកអ្នក​អាច​ធ្វើដំណើរ​មកប្រទេស​បារាំង​ដើម្បីធ្វើការ​ស្រាវជ្រាវ ឬ បំពេញ​ការសិក្សា ។

ក្នុងករណីនេះ លោកអ្នកត្រូវមាន​ឯកសារបញ្ជាក់ពី​ឋានៈជាអ្នក​ស្រាវជ្រាវ និងរយៈពេល​សំរាប់បំពេញ​ការងារស្រាវជ្រាវ​នេះ និងត្រូវបង្ហាញ​ផងដែរនូវកិច្ចសន្យា​ទទួលអោយ​មកស្រាវជ្រាវ ដែលធ្វើ​ឡើង​ជាមួយគ្រឹះស្ថាន​ស្រាវជ្រាវ ឬ គ្រឹះស្ថាន​សិក្សា ដែលមាន​ការទទួល​ស្គាល់ជាផ្លូវការ ។

កាតនេះនឹងត្រូវផ្តល់ជូន​លោកអ្នកដោយ​ការិយាល័យ​ខេត្ត​ប្រទេសបារាំង ដោយត្រូវ​បង្ហាញ​ទិដ្ឋាការសំរាប់​រយៈពេលវែង និងកិច្ចសន្យា​ទទួលដូចបាន​រៀបរាប់ខាងលើ ដែលមាន​បញ្ជាក់​ពីការិយាល័យ​កុងស៊ុលស្ថានទូត​បារាំងប្រចាំ​កម្ពុជា ។

កំណត់សំគាល់

ចំពោះកាតសំរាប់ « និយោជិត », « កម្មករបណ្តែត », « និយោជិត​ចុះបេសកកម្ម », « និយោជិត​ចុះបេសកកម្ម » សំរាប់ថ្នាក់​ដឹកនាំ/អ្នកដឹកនាំ​ជាន់ខ្ពស់ និងកាត​សំរាប់ « កម្មករធ្វើការ​តាមរដូវ » គឺនិយោជក​របស់លោក​អ្នក ដែលមាន​ស្នាក់ការនៅ​ប្រទេស​បារាំង និង​ដែលបាន​ជ្រើសរើសអ្នក​ឱ្យចូលធ្វើការ​ជាអ្នករត់ការបំពេញ​បែបបទទៅ​ការិយាល័យ អន្តោប្រវេសន៍ និងសមាហរ័ណ​កម្មបារាំង (OFII) ។

ការពិនិត្យសុខភាព ៖

ពលរដ្ឋកម្ពុជា ដែលបានធ្វើដំណើរមក​ដល់ប្រទេសបារាំង​ដើម្បីធ្វើការ ត្រូវបង្ហាញ​កិច្ចសន្យាការងារ​ដែលមាន​បញ្ជាក់ត្រឹមត្រូវ និងទៅទទួល​លិខិតពេទ្យ​ពីការិយាល័យ OFII ។ ហេតុដូច្នេះ សាម៉ីខ្លួនត្រូវ​ទៅ​ពិនិត្យសុខភាព​ក្នុងអំឡុង​ពេល៣ខែ បន្ទាប់ពីបាន​មកដល់ប្រទេស​បារាំង ។

ពលរដ្ឋកម្ពុជា ដែលមានកិច្ចសន្យាការងារ​រួចហើយ អាចមកធ្វើការ​បាននៅពេល​មកដល់ប្រទេស​បារាំង ប៉ុន្តែ​លិខិតអនុញ្ញាត​អោយធ្វើការ​នឹងត្រូវដកហូត​វិញ បើសិន​ជាគាត់មិនបាន​ទទួលលិខិតពេទ្យ​ក្នុងរយៈពេល​កំណត់​ខាងលើ ។

ចំពោះអ្នកមានកាត « សមត្ថភាព និងទេពកោសល្យ » នឹងទទួលបាន​លិខិតពេទ្យ​នៅពេលក្រោយ​ក្នុងរយៈពេល​៦ខែ ។

=> កន្លែងសំរាប់ទំនាក់ទំនង ៖

- ក្រសួងអន្តោប្រវេសន៍ សមាហរ័ណកម្ម អត្តសញ្ញាណជាតិ និងអភិវឌ្ឍន៍ (N°101 ផ្លូវ Grenelle-75323 Paris cedex 07)

- ការិយាល័យអន្តោប្រវេសន៍ និងសមាហរ័ណកម្មបារាំង (OFII)

- ទីភ្នាក់ងារបារាំងដើម្បីវិនិយោគ​អន្តរជាតិ (AFII)

កែប្រែចុងក្រោយ 09/10/2009

ត្រឡប់ទៅលើ