ការសោយ​ទិវង្គត​​របស់​​ព្រះមហាវីរក្សត្រ : សេចក្ដី​ថ្លែងការណ៍​​របស់​លោកប្រធានាធិបតី​បារាំង

«ខ្ញុំមានទុក្ខ​ក្រៀមក្រំ​ជាទី​បំផុត ដោយ​បាន​ទទួល​ដំណឹង​ពីការ​សោយ​ព្រះទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ នៅ​ថ្ងៃចន្ទ ទី១៥ ខែតុលា នេះ។

ខ្ញុំសូមសម្ដែងនូវគារវកិច្ច​ចំពោះដួង​ព្រះវិញ្ញាណក្ខន្ធ​របស់​បុគ្គល​ដ៍ឆ្នើមមួយ​អង្គ ដែលតំណាង​ឱ្យជោគ​វាសនានៃ​ប្រទេស​ជាតិ និង​ប្រជារាស្ដ្រ​របស់ទ្រង់​ក្នុងកាលៈទេសៈ​ដ៏លំបាក​បំផុត​នៃ​សតវត្សទី២០ និង​តំណាង​ឱ្យ​ការកសាង​សន្ដិភាព​ដោយ​មាន​ប្រទេសបារាំង​នៅ​ក្បែរទ្រង់​ជានិច្ច ។

ខ្ញុំដឹងអំពីទំនាក់ទំនងដ៏ខ្លាំងក្លា និង​ជា​ប្រវត្ដិសាស្ដ្ររវាង​ព្រះមហាវីរក្សត្រ និងប្រទេស​បារាំង ហើយដែលតាម​រយៈ​ព្រះអង្គ ទំនាក់ទំនង​ទាំងនេះ​បានរួមចំណែក​ធ្វើឱ្យ​ប្រទេស​ជាតិ និងប្រជាជន​យើងទាំងពីរកាន់តែ​ខិតជិតគ្នា។ ជាស្ថាបនិក​នៃឯករាជ្យ​ជាតិ​កម្ពុជា ជាអ្នកការពារ​ប្រទេសដោយ​មិនចេះនឿយហត់​លើឆាកអន្ដរជាតិ សម្រាប់​មនុស្ស​ភាគច្រើន ព្រះអង្គគឺជា​និមិត្ដរូប​នៃនយោបាយ​អាស៊ីមួយដែល​លើកតម្កើងសមភាព និងការការពារ​អធិបតេយ្យភាព​នៃប្រជាជាតិ​នានា ។

នៅមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១៤របស់​អង្គការអន្ដរជាតិ​នៃបណា្ដ​ប្រទេសប្រើប្រាស់​ភាសាបារាំងនេះ ខ្ញុំមិនភ្លេចទេថា ព្រះអង្គ​មានព្រះរាជគុណ​ធំធេងណាស់​ចំពោះ​អង្គការមួយនេះ ។ ទ្រង់គឺជាអ្ន​កការពារដ៏ក្លៀវក្លា​នូវវប្បធម៌​​ហ្វ្រង់កូហ្វូនី ភាសា និងសិល្បៈនៃប្រទេសប្រើប្រាស់​ភាសាបារាំង ព្រមទាំង​ទស្សនៈ​ពហុសាសន៍​នៃទំនាក់ទំនង​អន្ដរជាតិ ។

ក្នុងទិវាកាន់ទុក្ខសម្រាប់ព្រះរាជាណាចក្រកម្ពុជា​នេះ តាងនាមប្រជាជន​បារាំង និងក្នុងនាម​ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​ចូលរួមរំលែក​ទុក្ខយ៉ាង​ក្រៀមក្រំជាមួយ​ព្រះរាជវង្សានុវង្ស និងប្រជារាស្ដ្រខ្មែរ​ទាំងអស់ ។ »

កែប្រែចុងក្រោយ 22/10/2012

ត្រឡប់ទៅលើ