ទស្សនកិច្ចរបស់​អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង

JPEG

មួយខែបន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ដ្រី​បារាំង​នៅ​កម្ពុជា លោក ដូវ ហ្សេរ៉ា (Dov Zerah) អគ្គនាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ពីថ្ងៃទី១០ដល់ទី១២ ខែមិនា ដើម្បី​ចុះហត្ថលេខា​លើពិធីសា និងអនុសញ្ញា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៤៧,៧​លាន​ដុល្លារ (៣៦,៧លានអឺរ៉ូ)។ ជំនួយ​ទាំងនេះ​នឹងត្រូវ​ប្រើប្រាស់ ដើម្បីគាំទ្រ​គំរោង​នានា​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​ធារាសាស្ដ្រ-កសិកម្ម ការទទួល​បាន​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ថ្មីៗ​ដែល​កើតមាននៅ​អាស៊ីអាគ្នេយ៍។ ជារួម ជំនួយ​របស់​បារាំង​សំរាប់​ប្រទេស​កម្ពុជា​មានការ​កើនឡើងយ៉ាង​ខ្ពស់ ដែល​ធ្វើឱ្យ​បារាំង​ស្ថិត​ក្នុង ចំណោម​ប្រទេសធំៗ​ដែល​ផ្ដល់​ជំនួយ​ជា​លក្ខណៈ​ទ្វេភាគី​ដល់​កម្ពុជា​នៅ​ឆ្នាំ២០១៣។

នៅថ្ងៃទី១១ខែមិនា កិច្ចព្រមព្រៀងចំនួន៣ត្រូវបានចុះហត្ថលេខា​នៅទីស្ដីការ​ក្រសួង​សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រោម​វត្ដមាន​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី គាត ឈន់។ អត្ថបទទីមួយ​គឺជាអ​នុសារណៈនៃ​ការ​យោគល់​គ្នា​ស្ដីពី​បែបបទនៃ​ការធ្វើអន្ដរាគមន៍​របស់ទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង ក្រោមរូបភាពនៃ​ការផ្ដល់ ឥណទានសម្បទាន​ដើម្បីជាប្រយោជន៍​ដល់ប្រទេស​កម្ពុជា។ ឯកឧត្ដម គាត ឈន់ និងតំណាង សហប្រតិបត្ដិការ​បារាំងបានសំដែង​នូវសេចក្ដីរីករាយ​ចំពោះ​កាលានុវត្ដភាព​ថ្មីនៃ​ការផ្ដល់​ហិរញ្ញប្បទាន​នេះ ដែលនឹងពង្រឹងភាព​ជាដៃគូរវាង​ប្រទេស​ទាំងពីរ ជាពិសេសល​ទ្ធភាព​ក្នុងការ​ប្រើប្រាស់ទំរង់​ហិរញ្ញប្បទានថ្មីៗ ដួចជាការផ្ដល់​ប្រាក់កំចីដែល​មាន​លក្ខណៈ​«ទន់ភ្លន់» (ប្រាក់កំចី​ដែលអាចសង​ដោយ​ចំនួនទឹកប្រាក់ ប្រែប្រួល និងជា​ដំណាក់ៗ)។

កិច្ចព្រមព្រៀងមួយទៀត​ផ្ដោតលើការបន្ដសកម្មភាព​របស់ទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង​ក្នុងការគាំទ្រ​តួអង្គ នានានៅក្នុង​គោលនយោបាយវិស័យ​គ្រប់គ្រង​ធនធានទឹក និងការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ដ្រ ដែលត្រូវបាន​ដាក់ឱ្យដំណើរការ​ដោយក្រសួង​ធនធានទឹក និងឧតុនិយម។ ហិរញ្ញប្បទាន ឥតសំណងចំនួន៥,២លាន​ដុល្លារ​(៤លានអឺរ៉ូ)​នឹង​អនុញ្ញាត​ឱ្យមានការ​បន្ដពង្រឹង​សមត្ថភាព​ស្ថាប័ន​រដ្ឋ និង មិនមែនរដ្ឋ​ដែលធ្វើការ​ទាក់ទងនឹង​ការគ្រប់គ្រង​ធនធានទឹក និងដើម្បីបន្ដ​ការងារ​ជួសជុល​ស្ដារប្រពន្ធ័ ធារាសាស្ដ្រ និងព្រែក​ប្រហែល៤០កន្លែង។

JPEG
កិច្ចព្រមព្រៀងចុងក្រោយ​គឺផ្ដោតលើការទ្រទ្រង់​ដល់រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ តាមរយៈឥណទាន គ្មានការធានា​ពីរដ្ឋ​ចំនួន៣៩លាន​ដុល្លារ​(៣០លានអឺរ៉ូ) ដែលត្រូវបាន​ចុះហត្ថលេខា​ដោយលោក​ដូវ ហ្សេរ៉ា និងលោកស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ។ ឥណទាននេះ​នឹងត្រូវប្រើ សំរាប់​គំរោង​សាងសង់​រោងចក្រ​ប្រព្រឹត្ដកម្ម​ទឹកស្អាតនិរោធ ជំហ៊ានទី២ ដែលស្ថិតនៅ​ភាគអាគ្នេយ៍នៃ​រាជធានី​ភ្នំពេញ។ ក្រោយពីដាក់ឱ្យដំណើរការ រោងចក្រនេះ​នឹងក្លាយ​ទៅជា​រោងចក្រ​ផលិតទឹកស្អាត​ធំបំផុតនៅ​កម្ពុជា ហើយមានលទ្ធភាពឆ្លើយតប​នឹងតំរូវការទឹកស្អាត ដែលចេះតែ​កើនឡើងរបស់អ្នក រស់នៅក្នុង​និងជុំវិញ​រាជធានីភ្នំពេញ ក្នុងរង្វង់ឆ្នាំ២០២០។

លោកអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបាន​បញ្ចប់បេសកកម្ម​របស់ខ្លួន តាមរយៈការ​ចុះហត្ថលេខា លើអនុសញ្ញាមួយ ទៀតដែល​មាន​ទឹកប្រាក់​៣,៥លាន​ដុល្លារ​(២,៧លានអឺរ៉ូ) សំរាប់គាំទ្រ​បណ្ដាញ វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅប្រទេស​កម្ពុជា ឡាវ និងវៀតណាម (ផ្នែកមួយនៃគំរោង​នឹងផ្ដោត​ទៅលើប្រទេសភូមា ហើយនឹង​ត្រូវអនុវត្ដ​ដោយមន្ទីរ​ពិសោធន៍ជាតិ)។ គំរោងតំបន់នេះ​មិនត្រឹមតែសំដៅ​លើការប្រយុទ្ធប្រឆាំង​នឹងជំងឺរាលដាល​នានា ដូចជា​ជំងឺគ្រុនឈាម និងគ្រុនឈីក (ឈីកគុនហ្គុនយ៉ា) នៅប្រទេសកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកំពស់​គោលនយោបាយ​សុខភាពសាធារណៈ និងរឹតចំណង សហប្រតិបត្ដិការតំបន់​រវាងវិទ្យាស្ថាន​ប៉ាស្ទ័រ ដែលជា​សម្បត្ដិសាធារណៈ​ពិភពលោកទាំងនេះ។

សរុបមក ទឹកប្រាក់ចំនួនជិត៤៨លានដុល្លារត្រូវបានចុះហត្ថលេខា​ផ្ដល់ឱ្យក្នុង​ឱកាសទស្សនកិច្ច​របស់​លោកដូវ ហ្សេរ៉ា។ ទំហំទឹកប្រាក់នេះបង្ហាញ​អោយឃើញអំពី​ការកើនឡើងដ៏ខ្លាំងនៃការផ្ដល់​ជំនួយ ហិរញ្ញវត្ថុ​របស់ប្រទេស​បារាំងដល់​កម្ពុជា។ ដូច្នេះនៅឆ្នាំនេះ ប្រទេសបារាំង​នឹងស្ថិតក្នុង​ចំណោម​ប្រទេសធំៗ​ដែលផ្ដល់ជំនួយ​ទ្វេភាគី​ដល់កម្ពុជា។ ម្យ៉ាងទៀត បើនិយាយអំពី​គុណភាពវិញ លក្ខណៈខុសៗគ្នានៃប្រភេទអនុសញ្ញាហិរញ្ញប្បទាន ដែលបាន​ចុះហត្ថលេខា (ដូចជាការធានា ឥណទានឥតសំណង ឥណទានសម្បទាន និងឥណទាន​គ្មានការធានាពីរដ្ឋ) ឆ្លុះបញ្ចាំង​ឱ្យឃើញអំពី​លក្ខណៈពិសេស​នៃ ទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង ដែលមាន​សេវាហិរញ្ញប្បទាន​ទូលំទូលាយ​សំរាប់ជួយ​គាំទ្រស្ថាប័ននានា ដែល​ចូលរួមក្នុង​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច និងសង្គម​នៅ​ប្រទេសកម្ពុជា។

សំរាប់ព័ត៌មានបន្ថែម ៖ 023 426 360 / 023 426 036 / afdphnompenh@afd.fr

កែប្រែចុងក្រោយ 13/03/2013

ត្រឡប់ទៅលើ