ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់ ឯកឧត្តម ហង់ ជួន ណារ៉ុន

កាល​ពីថ្ងៃ​ទី១៨ ខែកញ្ញា លោក​ឯកអគ្គរដ្ឋ​ទូតបារាំង​បានបំពាក់​គ្រឿង​ឥស្សរិយ​យស ឡា ឡេ​ហ្សុង ​ដោនឺ (La Légion d’honneur ) ថ្នាក់​អស្សឫទ្ធិ ជូនឯកឧត្តម ហង់ ជួន ណា​រ៉ុន​ រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ពិធីនេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្ថាន​ទូត​បារាំង​​ដោយ​មានការអញ្ជើញចូលរួមពីឥស្សរជនជាតិនិងអន្តរជាតិជាច្រើន ក្នុង​នោះ​ក៏មាន​វត្ត​មានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​​ផង​ដែរ។

JPEG

នៅ​ក្នុង​សុន្ទរកថា​ស្វាគមន៍ លោក​ឯកអគ្គរដ្ឋ​ទូត​បារាំង​បាន​សម្តែង​ការ​កោតសរ​សើរ​ចំ​ពោះ​ប្រវត្តិ​​សិក្សា​ដ៏ត្រចះត្រចង់របស់ឯកឧត្តម ហង់ ជួន ណារ៉ុន ក៏ដូចជា​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ដ៏គួរអោយ​ចាប់អារម្មណ៍​របស់​ឯកឧត្តម​ក្នុងការ​បំរើប្រទេស​ជាតិតាម​រយៈតួនាទី​សំខាន់​ៗ​​ជា​ច្រើន។ លោក​ឯកអគ្គរដ្ឋ​ទូតក៏បាន​ថ្លែងអំណរគុណ​ដល់ឯក​ឧត្តម ហង់ ជួន ណារ៉ុន ផង​​​ដែរ​​ចំពោះ​មិត្តភាព​ដែល​ឯកឧត្តម​តែងតែ​មាន​ជានិច្ច ជាមួយប្រទេសបារំាង។ នៅក្នុង​ប្រ​សាសន៍​ឆ្លើយតប​ជាភាសាបារាំង ឯកឧត្តម ហង់ ជួន ណារ៉ុន បាន​សម្តែង​នូវ​កត្តញ្ញូតា​ធម៌​ដ៏កក់ក្តៅចំពោះប្រទេសបារាំង ដែលបានផ្តល់គ្រឿង​ឥស្សរិយ​យសជូនឯក​ឧត្តម​នា​ពេល​នេះ។

គួរ​​បញ្ជាក់​​ថា ឡា ឡេហ្សុង ដោនឺ គឺ​ជាគ្រឿង​ឥស្ស​រិយ​យស​​ដ៏ឧត្តុង​​ឧត្តម​​បំផុត​​របស់​ប្រទេស​​បារាំង​សំរាប់​បំពាក់​ជូន​ដល់​ឥស្សរ​ជនបារាំង​ក៏ដូច​ជាបរ​ទេស ដែល​​មាន​ស្នា​ដៃ​លេច​ធ្លោ។

កែប្រែចុងក្រោយ 02/10/2013

ត្រឡប់ទៅលើ