ពិធីបំពាក់គ្រឿងឥស្សរិយយសជូន លោកស្រី គ្រុយ ស៊ុនឡាយ

កាល​​ពី​​ថ្ងៃ​​​​សៅ​រ៍​​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០១៣ លោក​​​ឯក​​អគ្គ​​​រដ្ឋ​​ទូត​​​បារាំង​​​ប្រចាំ​​​ព្រះ​​រា​ជា​​ណា​​​ចក្រ​កម្ពុជា​​​បាន​​​បំពាក់​​​គ្រឿង​​​ឥស្ស​រិយ​​យស ឡា ឡេ​ហ្សុង ដោនឺ (La Légion d’honneur) ថ្នាក់​​អស្ស​​​ឫទ្ធិ ជូន​​​ដល់​លោក​ស្រី​​សាស្ត្រា​​ចារ្យ គ្រុយ ស៊ុនឡាយ ។ ពិធី​​​នេះ​​​បាន​​​ប្រព្រឹត្ត​​​ទៅ​នៅស្ថាន​​​ទូត​​​បា​រាំង ដោយ​​​មាន​​ការ​​​អញ្ជើញ​​​ចូល​​រួម​​​ពីឥស្សរ​​ជន​​​​ជា​ច្រើន​​​​រូប ដែល​​​​ក្នុង​​​​នោះ​ក៏​មាន​​​​វត្ត​មាន​​​របស់​​​ឯក​​​ឧត្តម ហង់ ជួន ណារ៉ុន រដ្ឋ​​មន្ត្រី​​​ថ្មី​​នៃ​ក្រសួង​​​អប់​រំ យុវ​ជន និង​​កីឡា និង​លោក​​​​ស្រី ហ្វ្រង់​ស៊័រ បារ៉េ ស៊ីនូ​ស៊ី ជ័យ​​លាភី​​រង្វាន់​​ណូបែល​​វេជ្ជ​សាស្រ្ត​​ផង​​ដែរ។

លោ​ក​​ស្រី​​គ្រុយ ស៊ុន​ឡាយ ដែល​​ជា​វេជ្ជ​​បណ្ឌិត​​ខាង​វិទ្យា​សាស្រ្ត​​ពន្ធុ​​វិជ្ជា​​នៃ​សាកល​​វិទ្យា​​ល័យ​បក​ដូ​ប្រទេស​បារាំង ជា​ប្រធាន​មន្ទីរ​ពិសោធន៍​អតិសុខុម​សាស្រ្ត​ចំណី​អាហារ និង​ការ​វិភាគ​ទឹក​នៃ​វិទ្យាស្ថាន​​ប៉ាស្ទ័រ​​កម្ពុជា និង​ជា​អ្នក​និពន្ធ​​ស្នាដៃ​វិទ្យាសាស្រ្ត​ជា​ច្រើន។ អ្នកស្រី​​ដើរ​​តួ​នា​ទី​យ៉ាង​​​សំខាន់​​ក្នុង​ការ​​ចាប់​ផ្តើម​​ដំណើរ​​ការ​ឡើង​​វិញ​នៃវិទ្យា​ស្ថាន​​ប៉ាស្ទ័រ​​នៅប្រទេស​​​កម្ពុជា ហើយ​​​លោក​ស្រី​​​គឺជា​​នាយិកា​​​វិទ្យាស្ថាន​​​នេះ​ដំបូង​​​បង្អស់​​​បន្ទាប់​​​ពីការ​ដួល​​រលំ​​​នៃរបប​​​ខ្មែរ​​ក្រ​ហម។ តាម​​រយៈ​​ការ​ប្តេជ្ញា​​​ចិត្ត​របស់​​លោក​ស្រី សកម្ម​ភាព​ស្រាវ​​ជ្រាវ​ និង​​ការ​​បង្ហាត់​​បង្រៀន​ជាន់​​​ខ្ពស់​​​ជា​​ច្រើន​​​បាន​​ចាប់​​​ផ្តើម​ឡើង​​​វិញ​នៅ​​ក្នុង​​​បរិ​បទ​​ដ៏​​លំបាក​​​មួយ។

JPEG

នៅ​ក្នុង​​សុន្ទរកថា​​ស្វាគមន៍ លោក​​ឯក​អគ្គ​រដ្ឋ​​ទូត​​​បារាំង​​​បាន​​សម្តែង​​​ការ​​​កោត​​​សរសើរ​​​ចំពោះ​លោក​​​ស្រី​​​គ្រុយ ស៊ុន​ឡាយ ដែល​​​ជាបុគ្គល​​​ឆ្នើម​​​ផ្នែក​​​វិទ្យា​​​សាស្រ្ត និង​​​វេជ្ជ​សាស្រ្ត​​​នៅ​​ប្រទេស​កម្ពុជា ព្រម​​ទាំង​បាន​​​វាយ​តំលៃ​​​ខ្ពស់​​ចំពោះ​​​ការងារ​​​ដ៏​ធំធេង​​​ដែល​​លោក​​ស្រី​​សំរេច​​​បាន​​ដើម្បី​ការ​​ចាប់​​បដិ​សន្ធិ​​​ឡើង​​​វិញ និ​ង​​​ភាព​​​ល្បី​រន្ទឺ​​​របស់​​​វិទ្យា​ស្ថាន​​​ប៉ាស្ទ័​រ​​កម្ពុជា។

គួរ​បញ្ជាក់​ថា ឡា ឡេ​ហ្សុង ដោនឺ គឺ​ជា​​គ្រឿង​​ឥស្សរិយ​​យស​​ដ៏ឧត្តុង្គ​​ឧត្តម​​បំផុត​​របស់​​ប្រទេស​​បា​រាំង ដែល​​​ត្រូវ​​ផ្តល់​​​អោយ​​ក្នុង​​នាម​​ប្រធានា​​​ធិបតី​​សាធារណ​​​រដ្ឋ​​បា​រាំង។

កែប្រែចុងក្រោយ 02/10/2013

ត្រឡប់ទៅលើ