ទស្សនកិច្ចនៅកម្ពុជា​របស់​គណប្រតិភូ​ព្រឹទ្ធសភា​បារាំង

JPEG

លោកវ៉ាំងសង់ អេប្លេ (Vincent Eblé) ប្រធានក្រុមមិត្តភាព​ព្រឹទ្ធសភា​បារាំង-កម្ពុជា និង​លោកស្រី​​ប៊ែរ​ណាដែត បួរហ្សៃ​ (Bernadette Bourzai) ប្រធាន​ក្រុម​មិត្តភាព​ព្រឹទ្ធសភា​បារាំង-ឡាវ បានអញ្ជើញ​មកធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែវិច្ឆិកា។​ ក្នុងអំឡុង​ទស្សនកិច្ចនេះ លោក​និង​លោកស្រី​បានអញ្ជើញ​ទៅសៀមរាប ភ្នំពេញ និងឧត្តុង្គ។​

ក្នុងអំឡុងទស្សនកិច្ចនេះដែរ កិច្ចប្រជុំមួយត្រូវបានរៀបចំ​ឡើងដោយ​ព្រឹទ្ធសភា​កម្ពុជា​ដើម្បីជា​ឱកាស​សំរាប់​​សមា​ជិក​​ព្រឹទ្ធ​​សភា​នៃប្រទេស​ទាំងពីរ​បន្តធ្វើការ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ជុំវិញ​ការងារសភា និងរិះរក​មធ្យោបាយ​​នានា​ដើម្បី​​​កែលំអ​ការងារ​ទាំងនោះ​​អោយ​កាន់​តែ​​ប្រសើរឡើង។​ កិច្ចពិភាក្សា​ផ្លាស់ប្តូរយោបល់​បែបនេះ​គឺជាទំលាប់​តាំង​ពី​យូរ​លង់​ណាស់មកហើយ។ ជាងនេះទៅទៀត ការពិភាក្សា​​នឹង​បន្តធ្វើឡើងនៅទី​ក្រុង​ប៉ារីស ដោយហេតុថា​គណ​ប្រតិភូ​ព្រឹទ្ធសភា​​និយាយ​ភាសា​​បារាំងរបស់​កម្ពុជា​មួយក្រុម​បាន​អញ្ជើញ​​ទៅ​ធ្វើទស្សន​កិច្ច​​​នៅ​ប្រទេសបារាំង​ចាប់ពីថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​នេះ។​

ទស្សនកិច្ចដែលមានលក្ខណៈជាវប្បធម៌ និងមិត្តភាព​នេះ​ផ្តល់ឱកាស​អោយ​សមាជិកព្រឹទ្ធសភា​ទាំងពីររូបជួប​ជាមួយ​​ស្ថាប័ន​​នានា និងឥស្សរជន​សកម្មជាច្រើន​ក្នុងវិស័យ​វប្បធម៌ មានដូចជា​​​សាលាបារាំងចុងបូព៌ា និងអាជ្ញាធរ​អប្សារានៅ​ទី​​ក្រុង​សៀមរាប វិទ្យាស្ថានបារាំង​នៅកម្ពុជា ក្រសួងវប្បធម៌ មជ្ឈមណ្ឌល​សោតទស្សន៍បុប្ផាណា ​មជ្ឈមណ្ឌល​​​​​​បណ្តុះ​បណ្តាល​​​​ជំនាញ​និង​​ទទួល​​ការថត​​ភាព​យន្ត​នៅ​កម្ពុជា និង ក្រុមការងារ​វិទ្យុបារាំងអន្តរជាតិ​ជាខេមរភាសា។​

ក្រៅពីនេះ លោក​អេប្លនិងលោកស្រីបួរហ្សៃ​បានជួប​សំណេះសំណាល​ជាមួយ​សហគមន៍បារាំង និងសហគមន៍បារាំង​ខ្មែរ​​នៅ​កម្ពុជាផងដែរ ជាពិសេស​ជួបជាមួយ​សហគ្រិនបារាំង​និងខ្មែរក្នុងឱកាសជំនួប​មួយ​រៀបចំឡើង​នៅ​​ស្ថាន​ទូត​​បា​រាំង។​

ជាចុងក្រោយ ការចូលរួមរបស់សមាជិកព្រឹទ្ធសភា​ទាំងពីរ​ក្នុងពិធីរំលឹក​ខួបលើកទី៦០​នៃការទទួលបាន​​ឯករាជ្យ​របស់​ប្រទេស​​​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា បានបង្ហាញ​អំពីចំណង​មិត្តភាព​ដែល​ផ្សារ​ភ្ជាប់ប្រជា​ជន​​បារាំង និង​កម្ពុជា ៕

កែប្រែចុងក្រោយ 15/11/2013

ត្រឡប់ទៅលើ