និស្សិតកម្ពុជាជិត១០០នាក់ទទួលបានអាហារូបករណ៍ ទៅសិក្សានៅបារាំង

ជា​រៀង​រាល់​ឆ្នាំ ប្រទេស​បារាំ​ង​ និង​ស្ថាប័ន​ដៃគូនានាបា​ន​ផ្តល់​អាហា​រូបករណ៍​ដល់​និស្សិតកម្ពុជា ដែល​មានបំណង​ចង់ទៅ​បន្ត​ការ​សិក្សា​ថ្នា​ក់​បរិ​ញ្ញា​បត្រ​ជាន់ខ្ព​ស់ឬថ្នា​ក់​បណ្ឌិត​នៅប្រទេស​បារាំង។ សម្រាប់​ឆ្នាំសិក្សា​២០១៥-២០១៦​នេះ និស្សិត​កម្ពុជា​៩៨រូប ភាគ​ច្រើនសិក្សា​ថ្នាក់​ភាសា​បារាំង​នៅតាម​សាកល​វិទ្យា​ល័យ ដែល​ទ្រទ្រ​ង់​ដោយ​សហ​ប្រតិ​បត្តិ​ការបា​រាំង ត្រូវ​បាន​ជ្រើស​រើស​អោយ​ទៅសិក្សា​នៅបារាំង​លើមុខ​ជំនាញ​ជាច្រើ​ន​ដូចជា​សេដ្ឋ​កិច្ច ច្បាប់ សុខា​ភិ​បាល វិស្វ​កម្ម ទេស​ចរណ៍ ឬ​អក្សរ​សាស្រ្ត​បារាំង​ជា​ដើម ។

ក្នុងចំណោម​និស្សិត​ទាំងនោះ មាន៣៧​នាក់ទទួល​បានអាហារូបករណ៍​របស់​រដ្ឋា​ភិបាលបារាំង ហើយ​១៨នាក់​ទៀត​ទទួល​បាន​អាហា​រូបករណ៍​ពីក្រសួង​ការ​បរទេស​បារាំង​ក្រោម​កម្មវិ​ធី​​អាហារូប​ករណ៍EIFFEL ។ សម្រាប់​អាហារូបករណ៍ EIFFEL នេះ តួលេខ​និស្សិតកម្ពុជា​ស្ថិត​ក្នុងលំដាប់​ទី៧លើ​ពិភព​លោក ដែល​ជាចំនួន​ច្រើន​គួរ​អោយក​ត់​សម្គាល់។ ក្រៅ​ពី​នេះ និស្សិត​៣រូបទទួល​បានអាហា​រូបករណ៍​ផ្តល់​ដោយ​មូល​និធិ Open Society (ពាន​រង្វាន់ភាព​ជាអ្នកដឹកនាំ​សង្គមស៊ី​វិល CSLA) ដែល​អនុញ្ញាត​អោយ​យុវជន​មានស្នា​ដៃ​លេច​ធ្លោក្នុង​សហ​គមន៍​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​បរទេស ជា​ពិសេស​នៅប្រទេស​បារំាង។

នៅឆ្នាំ​នេះផ​ង​ដែរ ទីភ្នាក់ងារ​សាកល​វិទ្យា​ល័យ​នៃ​បណ្ដា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង (AUF) និ​ងស​ហ​ភាព​អឺរ៉ុប(កម្ម​វិ​ធី Erasmus Mundus) បាន​ផ្តល់​អាហា​រូប​ករណ៍​២០​កន្លែងដល់​និស្សិត​កម្ពុជា ដែល​ចេះ​ភាសា​បា​រាំង ដើម្បី​ទៅ​បន្តការ​សិក្សា​តាម​គ្រិះ​ស្ថា​ន​ឧត្តម​សិក្សានានា​នៅប្រទេស​បារាំង ដោយ​ក្នុង​នោះ​ទីភ្នាក់​ងារAUF ផ្តល់​៤​កន្លែង ហើយ​សហភាព​អឺរ៉ុបផ្តល់​១៦​កន្លែង។ ជាង​នេះទៅ​ទៀត និស្សិត​ពេទ្យកម្ពុជា​២០នាក់​នឹង​ទៅបន្ត​ការ​បណ្តុះបណ្តាល​នៅតាម​មន្ទីរ​ពេ​ទ្យ​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំនេះ ដូច​ដែល​ធ្លាប់​បាន​ធ្វើជា​រៀង​រាល់ឆ្នាំ​អស់​រយ:​ពេល​ជាង​២០​ឆ្នាំ​កន្ល​ង​មក​ហើយ។

JPEG

មុនពេល​និស្សិត​​ទាំង​​អស់​ចាក​ចេញ​ពី​កម្ពុជា ពិធី​អបអរ​មួយ​ត្រូវ​បាន​រៀប​ចំឡើ​ង​កាល​ពីល្ងាច​ថ្ងៃ​អង្គារ ទី​៤ ខែ​សីហា​នៅវិទ្យា​ស្ថាន​បារាំងនៅ​កម្ពុជា​ដោយ​លោក រ៉ូម៉ាំង លូវ៉េ នា​យក​វិទ្យា​ស្ថាន ហើយ​មាន​ការចូល​រួម​ជាកិត្តិយស​ពីសំណាក់​ឯក​ឧត្តម ហ្សង់-​ក្លូដ ពាំ​បឺហ្វ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា និង​ឯក​ឧត្តម ហង់ ជួន ណា​រ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អ​ប់រំ​​ យុវ​ជននិង​កី​ឡា។ តំណាង​សាកល​វិទ្យា​ល័យរ​បស់​កម្ពុជា ក្រុមហ៊ុន​បារាំង ក៏​ដូចជា​តំណាងសហ​ភាពអឺរ៉ុប និង​អង្គការ​យូណេស្កូ​ក៏មាន​វត្តមាន​នៅក្នុង​ពិធី​នោះ​ដែរ។ ជំនួបនេះ​បានប្រព្រឹត្តិ​ទៅបន្ទាប់ពី​និស្សិតទាំងអស់​បានចូលរួ​ម​ក្នុង​វគ្គបណ្តុះ​បណ្តាល​មួយ ដែល​ធ្វើឡើង​នៅ​ថ្ងែ​ទី៣ និង​ទី៤សីហានៅ​វិទ្យាស្ថាន​បារាំង ដើម្បី​អោយ​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពាក់​ព័ន្ធនឹង​ការស្នាក់​​នៅ​នៅប្រទេស​បារាំង​តាមរយ​:​បទ​បង្ហាញ​របស់​អតីត​និស្សិត​ដែលធ្លា​ប់​បាន​ទទួល​អាហា​​រូបករណ៍​ទៅ​សិក្សា​នៅ​បា​រាំង៕

ព័ត៌មានបន្ថែមស្តីពី :

កែប្រែចុងក្រោយ 10/08/2015

ត្រឡប់ទៅលើ