បណ្តាញអតីតនិស្សិតកម្ពុជាមកពីប្រទេសបារាំងត្រូវបានបង្កើត
ចាប់ពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ បណ្តាញអតីតនិស្សិតកម្ពុជា ដែលធ្លាប់បានទៅសិក្សានៅប្រទេសបារាំង នឹងត្រូវបង្កើតឡើងជាផ្លូវការនៅប្រទេសកម្ពុជា។ ក្រោមការផ្តួចផ្តើមរបស់ក្រសួងការបរទេសបារាំងកាលពីខែវិច្ឆិកាឆ្នាំ២០១៤ បណ្តាញសង្គមនេះបានលេចរូបរាងនៅក្នុងប្រទេសជាច្រើនរួចមកហើយដើម្បីជួយអោយនិស្សិតបរទេស ដែលធ្លាប់បានសិក្សានៅបារាំងអាចរក្សាទំនាក់ទំនងជាមួយគ្នាក៏ដូចជាជាមួយក្រុមហ៊ុន និងស្ថាប័នបារាំងនានា។
នៅលើបណ្តាញអតីតនិស្សិតកម្ពុជាមកពីប្រទេសបារាំង (France Alumni Cambodge) អតីតនិស្សិត ក្រុមហ៊ុន និងដៃគូនានាអាចធ្វើការទាក់ទងគ្នាទៅវិញទៅមកដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងអាជីព (មានដូចជាឱកាសការងារ កម្មសិក្សា អាហារូបករណ៍ ការបណ្តុះបណ្តាល…)។ បណ្តាញសង្គមនេះក៏នឹងជួយអោយអតីតនិស្សិតទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីប្រទេសបារាំង តាមរយ:អត្ថបទផ្សេងៗទាក់ទងនឹងវិស័យវប្បធម៌ទេសចរណ៍ និងសេដ្ឋកិច្ចជាដើម។
ដើម្បីក្លាយជាសមាជិកនៃបណ្តាញ France Alumni Cambodge អតីតនិស្សិតកម្ពុជា ដែលធ្លាប់បានសិក្សានៅបារាំងត្រូវចុះឈ្មោះនៅលើគេហទំព័រwww.cambodge.francealumni.fr។ ពិធីសម្ពោធបណ្តាញនេះនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃចន្ទទី១៦ខែវិច្ឆិកាឆ្នាំ២០១៥នៅស្ថានទូតបារាំងប្រចាំកម្ពុជាដោយបើកទូលាយសម្រាប់អតីតនិស្សិត២០០នាក់ដំបូងដែលចុះឈ្មោះចូលរួមកម្មវិធីពិសេសនេះ។