ពិធីសម្ពោធសមិទ្ធផលជំនួយរបស់បារាំងនៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ម​ក​រា ឆ្នាំ​២០១៦ សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្តសុខា​ភិ​បាល​(ស.វ.ស)​បាន​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ «មន្ទីរ​ពិសោធន៍​ជំនាញ​គ្លីនិ​ក​និងបង្ហាញ​ត្រាប់​» និង «បន្ទប់​ប្រលង​តាម​ប្រព័ន្ធកុំ​ព្យូទ័រ» ក្រោម​អធិបតី​ភាពរបស់​ឯក​ឧត្តម ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល និង​ឯក​ឧត្តម ហ្សង់-​ក្លូដ ពាំ​បឺហ្វ ឯក​អគ្គរដ្ឋ​ទូតបា​រាំងប្រចាំ​កម្ពុជា ព្រ​មទាំ​ងមា​ន​ការ​ចូលរួ​ម​ពី​សំ​ណាក់ ឯក​ឧត្តម​សាស្រ្តា​ចារ្យ សា​ផុន វឌ្ឍ​នៈ សា​កល​វិទ្យា​ធិការ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុ​ខា​ភិបាល ព្រឹទ្ធ​បុរស សាស្ត្រា​ចារ្យ បុគ្គ​លិក និង​និស្សិត​យ៉ាង​ច្រើ​ន​កុះ​ករ ។

មន្ទីរ​ពិសោធន៍​បង្ហាញ​ត្រា​ប់​នេះ​មាន​ពីរ​ជាន់ មាន​ផ្ទៃ​ក្រឡា​សរុប​៧០០​ម៉ែត្រ​កា​រ៉េ ហើយ​ត្រូវបាន​សាង​សង់​ឡើង ក្នុង​គោលបំ​ណង​អោយនិ​ស្សិត​ទទួល​បាន​ការ​អប់រំ​មួយ​នៅ​ក្នុងបរិ​យា​កា​ស​ជាក់​ស្តែង​ចម្ល​ង​តាម​មន្ទីរ​ពេទ្យ។ មន្ទីរ​ពិសោធន៍នេះ​អាចបំប្លែង​និង​បំពាក់​ឧប​ករណ៍ដើម្បី​បម្រើ​គោល​ដៅសិ​ក្សា​ផ្សេង​ៗ​ដូច​ជា​បន្ទ​ប់​ពិគ្រោះ​ជំងឺ​ក្រៅ បន្ទប់​សម្រា​ក​ពេទ្យ បន្ទប់​វះកាត់ បន្ទប់​សម្ភព ឬបន្ទប់​សង្គ្រោះ​បន្ទាន់​ជា​ដើម។ ប្រទេស​បារាំង​បានចូល​រួមផ្តល់​ហិរញ្ញ​វត្ថុក្នុង​ការ​សាង​សង់​អគារ និង​បំពាក់​ឧបករណ៍​បង្ហាញត្រាប់​តាម​ជាក់​ស្តែង ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល និង​មូល​និធិ​អូ​ស្ត្រាលី Fred Hollows​។

ក្រៅ​​ពី​នេះ ប្រទេស​បារាំង​បានផ្តល់​ជំនួយ​បច្ចេកទេស​រយៈពេលវែង​ និង​រយៈ​ពេល​ខ្លីសម្រាប់​ការ​បណ្តុះ​បណ្តាល​គ្រូបង្វឹក​វ័យ​ក្មេង​របស់ ​ស.វ.ស ជាង​៦០នាក់​លើ​ជំនាញ​បង្ហាញត្រាប់​។ តាមរ​យៈ​ជំនួយ​នេះ បាន​នាំ​អោយ​មាន​ការ​ដាក់​បញ្ចូល​វិធីត្រាប់​តាម​ជាក់​ស្តែង​ទៅក្នុង​កម្មវិធី​សិក្សា​ថ្មី ការ​រៀបចំ​បញ្ជី​តាមដាន​អ្នក​ជំងឺ សេណារីយ៉ូ​ទទួល​អ្នក​ជំងឺ រួម​ទាំង​ការសិក្សា​ជំនាញ​ និង​ឥរិយា​បទ​វិជ្ជា​ជីវ:​របស់​និស្សិត​។ និស្សិត​ទាំ​ង៣០០០​នាក់នៃ​មហា​វិទ្យា​ល័យ​វេជ្ជសាស្រ្ត​នឹងក្លាយ​ជាអ្នក​ប្រើ​ប្រាស់​ចម្បង​នៃមន្ទីរ​ពិសោធន៍​នេះ ប៉ុន្តែ​វគ្គ​បណ្តុះបណ្តាល​ចម្រុះ​មុខ​វិជ្ជា​នឹង​ត្រូវ​រៀប​ចំឡើង​ផង​ដែរ ដើម្បីជំរុញ​ការងារ​ជាក្រុម​ក្នុង​ចំណោមនិស្សិត​ទាំង​៣មហា​វិទ្យា​ល័យ​របស់ ស.វ.ស និង​សាលាបច្ចេកទេស​ថែទាំ​វេជ្ជ​សាស្រ្ត (សរុបមាន​សិស្ស-​និស្សិត​ប្រមាណ​៧ ០០០​នាក់​ក្នុង​ឆ្នាំ​២០១៥​)។

ក្រៅពី​មន្ទីរ​ពិសោ​ធន៍ បន្ទប់​ប្រលង​តាម​ប្រព័ន្ធ​កុំ​ព្យូទ័រ​របស់ ស.វ.ស ក៏​ត្រូ​វ​បាន​បើក​សម្ពោធផងដែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ។ បន្ទប់នេះ​មានទំ​ហំ៣​៥០​ម៉ែត្រ​ការ៉េ បំពាក់​ទៅ​ដោយ​កុំព្យូទ័រ​ចំនួន​១៣០​គ្រឿង ភ្ជា​ប់​ទៅនឹង​បណ្តាញ​មេ​មួយ ដែលត្រូវបា​ន​រៀប​ចំឡើង​ដើម្បី​ធានា​អោយ​ការ​ប្រលង​ប្រព្រឹត្ត​ទៅ​ដោយស​ម្ងាត់ និង​សុក្រឹត​ភាព។ ជា​មួយ​ការ​ស្គែន​ម្រាម​ដៃ​ដើម្បីបញ្ជាក់ពី​អត្តសញ្ញាណ​បេក្ខជន​ប្រ​លង ការដា​ក់​សំនួរផ្សេង​ៗគ្នាតាម​ប្រព័ន្ធ​កុំព្យូ​ទ័រ និង​​ការផ្តល់​ពិន្ទុ​ភ្លាម​ៗ បន្ទ​ប់ប្រលង​របស់ ស.វ.ស នឹង​រួមចំណែក​ដ៏សំខាន់​ជា​មួយកា​រខិ​តខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការ​លួច​ចម្លង និង​ការប្រព្រឹត្ត​អំពើ​ពុក​រលួយក្នុងវិស័យ​ឧត្ត​ម​សិក្សា។ ប្រទេស​បារាំង​បាន​ឧបត្ថម្ភ​ការទិញ​ឧប​ករណ៍​ព័ត៌​មាន​វិទ្យា ដោយសហ​ការ​ជា​មួយ ស.វ.ស និង​មូល​និធិ China Medical Board ដែល​មាន​មូល​ដ្ឋាន​នៅសហ​រដ្ឋអា​មេ​រិ​ក។

ការប​ណ្តុះ​បណ្តាលគ្រូប​ង្រៀន​ដោយផ្អែ​ក​លើការ​អនុវត្តជាក់​ស្តែង​ផ្នែក​វេជ្ជ​សាស្រ្ត ក៏​ជា​ផ្នែកមួយ​នៃកម្មវិធី​ដែល​ទ្រទ្រ​ង់​ដោយ​ប្រទេស​បារាំង ក្នុង​គោលដៅ​លើកស្ទួយ​គុណ​ភាព​ការប្រលង​សរសេរ និងការធ្វើ​ទំនើបកម្មការ​ប្រ​ឡង និងក​ម្ម​វិធី​សិក្សា។ កម្មវិធីនេះអាច​ដំណើរការ​ទៅបាន​ដោយ​សារ​ជំនួយ​ហិរ​ញ្ញវត្ថុ ៨០០ ០០០អឺរ៉ូ ពីស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដល់សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខា​ភិបាល​ក្នុង​គោលដៅ​ពង្រឹង និង​លើក​កម្ពស់​គុណ​ភាពនៃកា​រ​បណ្តុះ​បណ្តាល​អ្នកប្រកប​អាជីព​ក្នុងវិស័យ​សុខា​ភិបាល​។ ចាប់ពីឆ្នាំ​១៩៩៦ម​ក គ្រូពេទ្យ​កម្ពុជា​ចំនួន​៦០០​នាក់​បាន​ទទួល​អាហារូប​ករណ៍ស​ម្រា​ប់​ការ​បណ្តុះ​បណ្តាល​រយៈ ពេល​ពី៣ខែ​ទៅ៣ឆ្នាំ​នៅតាម​មន្ទីរ​ពេទ្យ​នានា​នៅ​ប្រទេស​បារាំង។

ការ​សាង​សង់​មន្ទីរ​ពិសោធន៍ និង​បន្ទប់​ប្រឡង​ខាង​លើ ដោយមា​ន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ពីប្រទេស​បារាំង នឹង​រួម​ចំណែក​លើក​កម្ព​ស់​ការ​សិក្សា​របស់និ​ស្សិ​ត​ពេទ្យ។ ការ​ចូល​រួមចំណែក​នេះឆ្លុះ​បញ្ចាំង​ពីការប្តេជ្ញា​ចិត្ត រយៈ​ពេលវែង​របស់​បារាំងក្នុងកា​រអ​ភិវឌ្ឍ​ធន​ធានមនុស្ស​នៅ​ប្រទេស​កម្ពុជា ដែល​ជាអាទិភាព​មួយនៃកិ​ច្ច​សហប្រតិបត្តិកា​រ​រវាង​ប្រទេស​ទាំងពីរ​៕

កែប្រែចុងក្រោយ 15/01/2016

ត្រឡប់ទៅលើ