ពិធីប្រកាសបើកព្រឹត្តិការណ៍វប្បធម៌ និងអប់រំ រៀបចំរួមគ្នាដោយបារាំង និងអាល្លឺម៉ង់

កាលពី​ល្ងាច​ថ្ងៃពុធ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៦ លោក ហ្សង់​-ក្លូដ ពាំ​បឹហ្វ ឯក​អគ្គ​រដ្ឋទូត​បា​រាំងប្រចាំ​កម្ពុជា និង​លោក​ស្រី ដានីញែឡា​ ឌឹម ភារ​ធារី​ស្ថាន​ទូត​អា​ល្លឺម៉ង់ បាន​ចូលរួម​ធ្វើ​ជាអធិប​តី​នៅក្នុង​ពិធី​ប្រកាស​បើក​ជាផ្លូវ​ការ នូវ​ការ​រៀប​ចំកម្រង​ព្រឹត្តិការណ៍​វ​ប្បធម៌​និងអប់រំ ដើម្បីបង្ហាញ​ពីតួនាទី​ដ៏សំខាន់​របស់​វប្បធម៌ និង​ការអប់រំ​នៅក្នុង​ការ​ផ្សះ​ផ្សារ និង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រជា​ជន​បា​រាំង-​អាល្លឺម៉ង់​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅនៅ​វិទ្យាស្ថា​ន​បា​រាំងនៅ​កម្ពុជា ដោយ​មាន​ការចូលរួម​ផង​ដែរ​ពីសំណាក់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី វ៉ា គីម​ហុង និង​ភ្ញៀវកិត្តិយស​ផ្សេង​ទៀត​យ៉ាង​ច្រើន​កុះ​ករ។ នៅក្នុង​ឱកាស​នោះ មាន​ការ​សម្ពោធ​ពិព័រណ៍​បែ​ប​ល្ខោននិង​បែប​ថត​រូប « Museum (Theater) » ដែល​ជាកិច្ចចាប់​ផ្តើម​បើកព្រឹត្តិការណ៍​ទាំង​នេះផង​ដែរ​។

JPEG

កាលពី​មួយសតវត្ស​មុន ប្រទេស​បារាំងនិង​អាល្លឺម៉ង់​គឺជាគូសត្រូវ​ស្លាប់​រស់នឹង​គ្នា ប៉ុន្តែ​បច្ចុប្បន្នប្រទេស​ទាំងពី​រ​បាន​ក្លាយ​ទៅ​ជាដៃ​គូសហការ​គ្នា​ដ៏សំខាន់​​​នៅក្នុង​សហភាព​អឺរ៉ុប​។ គ្រឹះ​នៃកិច្ច​សហ​ប្រតិបត្តិការ​បារាំង​-អាល្លឺ​ម៉ង់​ស្តែង​ឡើង​តាម​រយ:​ការ​ចុះ​សន្​ធិសញ្ញា អេលី​ហ្សេ ឆ្នាំ១៩៦៣ ដែល​ផ្តោត​ជាសំខាន់​ទៅលើការ​ផ្លាស់​ប្តូ​រ​យុវជន ដើម្បី​បង្កើត​ទំនាក់​ទំនងទ្វេ​ភាគី​មួយប្រកប​ដោយ​ទំនុក​ចិត្តយូរ​អង្វែង​។ យោង​តាម​លោក​ឯក​អគ្គ​រដ្ឋ​ទូត​បា​រាំង ថ្វីបើ​ដំណើរ​ការ​ផ្សះ​ផ្សារ​នេះកើត​ចេញពី​ឆន្ទៈ​នយោ​បាយ​បន្ទាប់​ពីចប់​សង្រ្គាម​មែន ប៉ុន្តែ​គឺទំនាក់​ទំនង​រវាង​ប្រជា​ជន​ទាំងពីរទៅ​វិញ​ទេ ដែល​ជាមូលដ្ឋាន​នៃការស្រុះស្រួល​គ្នាដ៏រឹង​មាំ​ស្ថិត​ស្ថេរ។ ដូច្នេះ លោក​យល់​ថា គេ​គួរសិក្សា​ស្វែង​យល់​ពីគន្លឹះ​ជោគ​ជ័យ​នៃ​ការ​ផ្សះផ្សា​រ​នេះ ដែល​ត្រូវ​បាន​ធ្វើឡើង​ក្នុង​រយៈ​ពេល​មិនដល់​កន្លះសតវត្ស​ផង ដោយ​ប្រទេស​ទាំង២​អាច​លុប​បំបាត់​បាន​នូវ​ការ​គុំកួន​ផ្នែក​នយោបាយ និង​ការពុំទុក​ចិត្តគ្នា​ក្នុង​ចំណោម​ប្រ​ជា​ជ​ន។

JPEG

ឧទាហរណ៍​នៃការ​ផ្សះផ្សារ​និងរួបរួម​គ្នាឡើងវិញ​រវាង​ប្រទេស​ទាំងពីរ អាច​ធ្វើជាបទ​ពិសោធន៍សម្រាប់​ប្រទេស​កម្ពុជាក្នុ​ង​ការពង្រឹង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង ក៏ដូច​ជា​សមា​ហរណកម្ម​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ានទាំង​មូលផង​ដែរ។ ក្នុងន័យ​នេះ ស្ថានទូត​បារាំង​និង​អាល្លឺម៉ង់​ប្រចាំកម្ពុជា រួមសហ​ការ​ជាមួយវិទ្យា​ស្ថាន​បារាំង​នៅ​កម្ពុជា និង​មជ្ឈមណ្ឌល​វប្បធម៌ Meta House រួមគ្នារៀបចំ​ព្រឹត្តិការណ៍​ជាច្រើនចាប់​ពីថ្ងៃទី២​៥​ដល់ថ្ងៃ​ទី២៨ ខែ​ឧសភា ដើម្បី​បង្ហាញ​ពីតួនា​ទីដ៏សំខាន់​របស់​វប្ប​ធម៌ និង​ការ​អប់រំក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​និង​ប្រជាជ​ន​ទាំងពីរ។​ ព្រឹត្តិការណ៍​ទាំងនោះមា​ន​ដូចជា​ការតាំង​ពិព័​រណ៍ ការសម្តែង​សិល្ប: សន្និ​សីទ និង​ការ​ពិភា​ក្សាតុមូលជា​ដើម ដោយ​មានបទ​អន្តរាគមន៍​ពីអ្នកឯ​ក​ទេស​បារាំង អាល្លឺ​ម៉ង់ កម្ពុជា និង​វៀត​ណាម ។

លោក​ឯកអគ្គរដ្ឋទូត​បារាំង​រំពឹង​ថា យុទ្ធនាការ​នេះនឹងជួយ​ជំរុញអោ​យមា​នកិ​ច្ច​ពិភា​ក្សាទូលំទូ​លាយ និង​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យុវជន​កម្ពុជា​។ «ដូច​នៅអឺរ៉ុបក្នុង​ឆ្នាំ១៩៤៥​ដែរ នៅទី​នេះ យុវជន​ជំនាន់​ក្រោយ​គឺជាអ្នក​កសាង​បរិស្ថាន​តំបន់​មួយ​ប្រកប​ដោយ​ការ​រួប​រួមនិងសន្តិ​ភាព» នេះ​គឺជាប្រសាសន៍​របស់​លោក ហ្សង់-ក្លូដ ពាំបឹហ្វ។ លោក​ទូត​យល់​ថា អាស៊ាននឹងអាចក្លាយ​ជាកម្លាំង​ចលករ​ដ៏ខ្លាំងមួយ​ក្នុងការ​ជំរុញ​ទំនាក់​ទំនង​ក្នុង​ចំណោម​ប្រជា​ជន ព្រមទាំង​ជួយ​បង្កើត «យុវជន​អាស៊ាន» មួយ ដែល​ទៅអនាគត​នឹងរស់នៅ​ក្នុងតម្លៃ​និងជោគ​វាស​នារួ​មគ្នា។ ចំណែកលោ​កស្រី​ភារធារីស្ថាន​ទូតអាល្លឺម៉​ង់​វិញ​ក៏បានលើក​ឡើង​ផង​ដែរ​អំពី​ប្រវត្តិរួប​រួម​រវាង​អាល្លឺម៉ង់​និងបារាំង ជា​ពិសេស​អំពីការផ្លាស់​ប្តូរ​ទស្ស​ន​កិច្ចសិក្សាក្នុង​ចំណោម​សិស្សសា​លា។

ព្រឹត្តិការណ៍​ក្នុង​សប្តាហ៍​នេះធ្វើឡើង​ក្នុងក្របខ័ណ្ឌ​នៃកិច្ចសហ​ការ​វប្បធម៌​រវាង​ប្រទេស​បារាំងនិង​អាល្លឺ​ម៉ង់ ក្រោម​ការគាំទ្រ​ពីមូលនិធិ​វប្បធម៌​បារាំង​-អាល្លឺ​ម៉ង់ ដែល​ត្រូវបាន​បង្កើត​ឡើង​នៅថ្ងៃ​ទី​២២ មក​រា ឆ្នាំ​២០០៣ ក្នុង​ឱកាស​នៃខួប​លើក​ទី៤០​នៃសន្ធិសញ្ញា​អេលី​ហ្សេ។ មូលនិធិ​នេះជួយអោយ​ប្រទេស​ទាំងពីរ​ជំរុញនិ​ងគាំ​ទ្រការ​ផ្តួចផ្តើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍រួ​ម​នៅ​ក្នុងប្រទេស​ទី​៣៕

កែប្រែចុងក្រោយ 07/06/2016

ត្រឡប់ទៅលើ