លោកឯកអគ្គរដ្ឋទូតបារាំងអញ្ជើញទៅធ្វើទស្សនកិច្ចរោងចក្រផលិតទឹកស្អាតនិរោធ

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មិ​ថុនា លោក​ហ្សង់​-ក្លូដ ពាំ​បឺហ្វ (Jean-Claude Poimboeuf) ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា អម​ដំណើរ​ដោយ​លោក ហ្វី​លីព ស្តាំង​ម៉េត (Philippe Steinmetz) នាយក​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​ និង​ឡាវ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ដំណើរការ​សាង​សង់​រោង​ចក្រ​ផ​លិត​ទឹក​ស្អាត​និរោធ ជំហាន​ទី២។ គណ:​ប្រតិភូបាន​ទទួល​ការ​ស្វាគមន៍យ៉ាង​កក់​ក្តៅ​ពីសំណាក់​ឯក​ឧត្តម ស៊ឹម ស៊ីថា អគ្គ​នាយ​ក​រដ្ឋាករ​ទឹ​ក​ស្វយ័ត​ក្រុង​​ភ្នំ​ពេញ។

JPEG

រោង​ចក្រ​ផលិត​ទឹក​ស្អាត​និ​រោធ ដែល​ស្ថិត​នៅភាគ​ខាង​កើត​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សាង​សង់​ឡើង​ជាពីរដំ​ណាក់​កាល​ក្រោម​ជំនួយ​ពីដៃគូ​អន្តរ​ជាតិ​នានា ក្នុង​នោះមា​ន​ទី​ភ្នាក់ងារអភិ​វ​ឌ្ឍន៍​​បារាំង (AFD) និង​ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការអ​ន្តរ​ជាតិ​ជប៉ុន (JICA) ។ ការ​កសាង​ក្នុងជំ​ហាន​ទី១​ទទួល​បាន​សហ​ហិរញ្ញ​ប្ប​ទាន​ចំនួន​១៦​លាន​អឺរ៉ូពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បា​រាំង (លើកា​រចំណាយ​សរុប​ជាង​៩០​លាន​ដុល្លារ​) ​ហើយ​អាចផ​លិត​ទឹក​ស្អាត​បាន​ចំនួន​១៣ម៉ឺន​ម៉ែត្រ​គូប​ក្នុងមួយ​ថ្ងៃ​បន្ទាប់​ពីត្រូវ​បាន​ដាក់​អោយ​ដំណើរ​ការ​តាំង​ពី​ខែ​មក​រា ឆ្នាំ​២០១៣​មក ។

JPEG

ការ​សាង​សង់​ជំហានទី​២ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​ដូច​ជំហាន​ទី១​ដែរនោះ ​បានចាប់​ផ្តើម​កាលពី​ឆ្នាំ​២០១៤ ហើយ​គ្រោង​នឹង​បញ្ចប់​នៅចុង​ឆ្នាំ២០១៦នេះ​ក្រោម​ឥណ​ទាន​ថ្មីចំនួន​៣០លាន​អឺរ៉ូពីទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង និង​ថវិកាបដិភាគ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ បច្ចុ​ប្បន្ន ការងារ​សាង​សង់​ ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន Vinci Construction Grands Projets ក្រោម​ការ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​របស់​ក្រុម​ហ៊ុន SAFEGE សម្រេច​បាន​៨៣%ហើ​យ។ ជំហាន​ទី២​នេះនឹង​ជួយ​អោយ​រដ្ឋាករ​ទឹកផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជា​ជន ៣៥​ម៉ឺន​នាក់​បន្ថែមទៀត​នៅ​តំបន់​ជាយ​រាជ​ធានី។ ក្រោយ​ពេល​សាង​សង់ រោង​ចក្រ​ផលិត​ទឹកស្អាត​និរោធ​នឹង​អាចផ្គត់​ផ្គង់​៥០%​នៃតម្រូវការ​ទឹកស្អាត​នៅ​ភ្នំពេញ និង​ក្លាយទៅជារោ​ងចក្រ​ផលិត​ទឹក​ស្អាត​ធំជា​ងគេនៅ​កម្ពុជា ។

JPEG

រោង​ចក្រនេះ​នឹង​បំពាក់​ដោយបច្ចេក​វិទ្យា​កម្រិ​ត​ខ្ពស់​ដើរ​ដោយ​ប្រព័ន្ធ​បញ្ជា​ស្វ័យ​ប្រវត្តិ ដែលនឹង​ជួយអោ​យ​រដ្ឋាករ​ទឹកក្រុង​ភ្នំពេញ​រក្សា​បាន​នូវតំណែងជា​អ្នក​ផលិត​ និង​ចែក​ចាយ​ទឹក​ស្អាតគម្រូក្នុ​ងតំ​បន់​។ ក្នុង​ន័យ​នេះ លោក​ឯកអគ្គ​រដ្ឋ​ទូតបារាំង​បានថ្លែង​កោតសរសើរ​ដល់គុ​ណ​ភាពទឹក​ផលិត​ដោយរដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ ដែល​ស្រប​តាម​គ្រប់​ស្តង់​ដារ​អន្តរ​ជាតិ ជា​មួយ​អត្រាបាត់​បង់​ទឹក​ប្រមា​ណ​តែ៧%​ប៉ុណ្ណោះ ខណ:​ដែល​នៅប្រទេស​បារាំង អត្រា​បាត់​បង់​ទឹក​មានរហូត​ដល់​ប្រមាណ​១៥% ។

JPEG

ចាប់​តាំង​ពីឆ្នាំ​១៩៩២​មក ប្រទេស​បារាំង​បាន​បន្តជួយ​កម្ពុជា​ក្នុង​ការ​ស្តារ​ និង​កសាង​បណ្តាញទឹក​ស្អាត​តាមរយៈការ​ផ្តល់ហិរញ្ញ​ប្បទាន​ពីសំណាក់​រតនា​គារបា​រាំង បន្ទាប់​មក​ទៀត​តាម​រយៈជំនួយ​របស់​ទី​ភ្នាក់​ងារ AFD ដែល​បាន​ផ្តល់​កម្ចីគ្មាន​ការ​ធានាពី​រដ្ឋ​ដំបូង​គេ​​ចំនួន ១១,១​លាន​អឺរ៉ូ ដល់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាល​ពី​ឆ្នាំ២០០៦ ដើម្បី​បង្កើន​ទ្វេដង​នូវ​សមត្ថ​ភាព​រោងចក្រ​ផលិត​ទឹក​ស្អាត​ជ្រោយ​ចង្វារ។ ហិរញ្ញ​ប្បទានផ្តល់​ជាបន្ត​បន្ទាប់​ដោយ​ទីភ្នាក់ងារ​អភិ​វឌ្ឍន៍បា​រាំង ដែល​មាន​ចំនួន​សរុប​ជាង​៦១លាន​អឺរ៉ូ​ចាប់​តាំង​ពីឆ្នាំ២០០២​មក ក៏​បាន​ជួយ​រដ្ឋាក​រ​ទឹកពង្រីក​បណ្តាញ​ចែក​ចាយ​ទឹក​ប្រមាណ​៨២៥​គីឡូម៉ែត្រ​ផង​ដែរ ។

នៅចុង​បញ្ចប់​នៃ​ដំណើរ​ទស្សន​កិច្ច​នោះ លោក​ឯក​អគ្គរដ្ឋ​ទូត ហ្សង់-ក្លូដ ពាំបឺហ្វ បាន​គូសបញ្ជាក់​សារជាថ្មីពី​ការ​ប្តេជ្ញាចិត្តរបស់​ប្រទេស​បារាំង​ក្នុង​ការ​បន្តគាំទ្រ​ដល់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំ​ពេញ លើ​គម្រោង​វិនិយោគ​ធំៗ​របស់​ស្ថាប័ន​នេះ ដើម្បី​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​ទឹក​ស្អាតដែល​កាន់​តែកើន​ឡើង​ជាលំដាប់​របស់​ប្រជា​ជន​រស់​នៅក្នុង​រាជធានី​ភ្នំពេញទាំង​មូល ៕

កែប្រែចុងក្រោយ 07/07/2016

ត្រឡប់ទៅលើ