ក្រុមហ៊ុនបារាំងធំៗចំនួន១៥បង្ហាញពីជំនាញរបស់ខ្លួនលើការអភិវឌ្ឍទីក្រុងដោយចីរភាព

កាល​​ពីព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ស្ថាន​ទូត​បារាំង​នៅ​កម្ពុជា និង​ទីភ្នាក់​ងារ​​ជាតិ​បារាំង Business France បាន​រៀបចំ​សន្និសីទ​បច្ចេកទេស​មួយលើ​ប្រធាន​បទ«ទីក្រុង​ចីរភាព» ដោយ​​​មានកា​រ​ចូល​រួមជា​អធិបតី​ពីសំណាក់​លោក ហ្សង់-​ក្លូដ ពាំ​បឺហ្វ ឯក​អគ្គរដ្ឋ​ទូត​បា​រាំងប្រ​ចាំ​​​កម្ពុជា ឯក​ឧត្ត​ម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន និង​ឯក​ឧត្តម ត្រាក់ ថៃ​សៀង អភិ​​​បាល​រង​នៃគណៈ​អភិ​បាល​រាជ​ធានី​ភ្នំ​ពេញ ព្រម​ទាំង​វត្ត​មាន​របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រដ្ឋ និង​​​ក្រុមហ៊ុន​ឯកជននានាជា​ង​៨០​នាក់ ពិសេសតំ​ណាង​ក្រុម​ហ៊ុន​បារាំង​ធំៗ​ ដែល​កំពុង​​ធ្វើទស្សន​​​កិច្ច​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​លើ​ផ្នែក​អភិវឌ្ឍន៍​ទីក្រុង​ប្រ​កបដោយ​ចីរ​​ភាព។

ព្រឹត្តិ​ការណ៍​នេះ​ធ្វើឡើង​ស្រប​តាម​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍​ស្តីពី​អាកាស​ធាតុ ដែល​មាន​គោល​​​​ដៅជំ​រុ​ញ​សកម្ម​ភាព​ និង​ការ​វិនិយោគ​ចាំបាច់​នានា​សម្រា​ប់​ធានា​អនាគត​មួយ​ប្រកប​ដោយ​​​​​​​ចីរភាព និង​បន្ស៊ាំ​ទៅ​នឹង​ផលវិបាក​នៃការ​ប្រែប្រួ​ល​អាកាស​ធាតុ។ ខ្លឹមសារ​សន្និសី​ទ​បច្ចេក​​​​​ទេស​ខាងលើ​ក៏ស្រប​ទៅនឹង​កិច្ចសហប្រតិបត្តិការ​រវាង​ទីក្រុង​ប៉ារីស៍ និង​រាជ​ធានី​ភ្នំពេញ ដែល​​​​​​ផ្តោតលើនគរូប​នីយ​កម្ម ការ​គ្របគ្រង​លំ​ហរ និ​ង​មធ្យោបាយ​ដឹក​ជញ្ជូន​សាធា​រណៈ។ ប្រទេស​​​​បារំាង តាម​រយៈទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង បាន​គាំទ្រ​ដល់​គម្រោង​ជា​ច្រើន ដែល​មាន​គោ​ល​ដៅ​លើកស្ទួយ​បរិស្ថាន កំណើន​ប្រកប​ដោយ​ចីរ​ភាព និង​គុណ​ភាព​នៃកា​រ​រស់​នៅ​តាម​ក្រុង​នា​​​នា​​។

នៅក្នុង​សុន្ទរកថាស្វា​គម​ន៍ លោក​ឯកអគ្គ​រដ្ឋទូត​បារាំង​បាន​បង្ហាញចំណាប់​អារម្មណ៍​ថា កំណើន​សេ​ដ្ឋ​កិច្ចស្ថិត​ស្ថេរ​រយៈពេល២​០​ឆ្នាំមកនេះ​ បាន​ធ្វើអោយ​ប្រទេស​កម្ពុជា​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើន ពិសេស​នៅតំបន់​ប្រជុំ​ជន ដូចជា​រាជធានីភ្នំពេញ​ជា​ដើម។ លោក​ឯក​អគ្គ​រដ្ឋ​ទូតបាន​​​មាន​​ប្រសា​សន៍​​ថា ខណ:​​ដែល​​ប្រជា​ជន​​នៅតំបន់​​ប្រជុំ​ជន​​អាច​​កើន​ឡើង​​ទ្វេ​ដ​ង​​នៅ​ឆ្នាំ​ ​២០​៣០ បញ្ហា​​ប្រឈម​​នានា​ក្នុង​​ពេល​​បច្ចុ​ប្បន្ន ​ដូច​​ជា​ការ​បំ​ពុល​ប​រិ​​ស្ថាន និង​​ចរា​ចរណ៍​​យានយន្ត នឹង​​ចោទ​កាន់​តែ​​ខ្លាំ​​​ងនៅ​​ពេល​​ខាង​​មុខ ហើ​យ​​យើង​​បាន​​ឃើញ​តាំង​​ពី​ពេល​​នេះ​ទៅហើ​យនូវ​​តម្រូវ​ការ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវាទីក្រុង​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​។

ទស្សន​កិច្ចរបស់​ក្រុមហ៊ុន​បារាំង​ចំនួន១៥​នៅពេល​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​បញ្ហាខាង​លើ ដែល​​ត្រូវបាន​ពិភាក្សា​នៅក្នុង​សន្និ​សីទ ដូច​ជា : ការ​គ្រប់គ្រង​ទឹកប្រក​បដោយ​ចីរ​ភាព ការផលិត​ និង​ប្រើប្រា​ស់​ថាមពល​ដោយ​សម​ស្រប មធ្យោ​បាយដឹក​ជញ្ជូនសា​ធារ​ណៈ ការ​កែច្នៃ​កាក​សំ​​​ណល់ និងការ​សាងសង់​ដោយ​គិតគូរដ​ល់​បរិ​ស្ថាន​ជា​ដើម។ ក្នុង​អំឡុង​កិច្ច​ពិ​ភា​ក្សា ក្រុម​ហ៊ុ​ន​បា​​​រាំង​បានស្នើឡើង​នូវដំ​ណោះស្រាយនានាដើ​ម្បី​ជួយ​រាជរដ្ឋាភិ​បាលកម្ពុជា​ស្រប​តាម​យុទ្ធសាស្រ្ត​ច​តុ​កោណ ដែល​​ផ្តោត​​លើកា​រ​​អភិ​វឌ្ឍ​​ប្រកប​​ដោយ​​ចីរ​ភា​ព។ ក្រៅ​ពី​​​នេះ ​ក្រុម​ហ៊ុន​​បា​រាំងបាន​ជួប​ពិ​ភាក្សា​ដាច់​ដោយ​ឡែក​ជាមួយ​តំណាង​ក្រុមហ៊ុន​ក្នុ​ង​ស្រុក និង​ស្ថាប័ន​ពាក់​ព័​ន្ធ​នានា​។

ក្រុមហ៊ុន​បារាំង​ ដែល​បាន​ចូល​រួម​ក្នុង​សន្និសី​ទមា​ន ៖ ALSTOM,​ APAVE, ​AREP,​ ARTELIA, CAMBODIA ​AIRPORTS, ​GREEN YELLOW, ​L’ATELIER ​ARCHITECTES, ​MARTIN DUPLANTIER, ​POMA, ​QUADRAN,​ SCHNEIDER ​ELECTRIC, ​SUEZ, ​SYSTRA, VEOLIA ​WATER ​និង ​VINCI ​CONSTRUCTION ​GRANDS PROJETS៕

កែប្រែចុងក្រោយ 24/02/2017

ត្រឡប់ទៅលើ