បារាំងពង្រឹងសមត្ថភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងវិស័យស៊ើបអង្កេត

ក្នុង​ក្រ​ប​ខ័ណ្ឌ​គម្រោង​​​នៃកិ​ច្ច​សហ​ប្រតិ​បត្តិ​ការ​រវាងក​ង​អាវុធ​ហត្ថ​​បា​រាំ​ង និង​កង​រាជ​អា​វុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផ្តួច​ផ្តើម​ឡើង​កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​​ត្រូវបាន​បន្ត​រាល់​បី​ឆ្នាំ​ម្តង​ក្នុង​ក្រប​ខ័ណ្ឌ​នៃអនុ​​សញ្ញា​សហ​ប្រតិ​បត្តិ​ការ មន្ត្រី​កង​អាវុធ​ហត្ថ​បារាំង​មួយ​រូប​បាន​អញ្ជើញ​មក​កម្ពុជា ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៧ ខែ​មិថុ​នា ឆ្នាំ​២០១៧ ដើម្បី​បណ្តុះ​បណ្តាល​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ចំនួន​៣៥​រូបស្តី​ពី​បច្ចេកទេស​កំណត់​អត្ត​សញ្ញាណ​ឧក្រិដ្ឋ​ជន។ ការ​ផ្ទេរ​ចំណេះដឹ​ង​នេះ​មាន​គោល​ដៅ​ផ្តល់ដល់​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​នូវ​កម្រិត​សមត្ថភាព​ ដែល​ឆ្លើយ​តប​ទៅ​នឹង​ស្តង់​ដារ​អន្តរ​ជាតិ​ក្នុងវិស័យ​ស៊ើប​អង្កេត​​ក្នុង​វិស័យ​យុត្តិ​ធម៌​។

បន្ទា​ប់​ពីធ្វើឡើង​នៅភ្នំពេញ​កាល​ពីឆ្នាំ​២០១៣ ​នៅ​សៀមរា​ប​ឆ្នាំ​២០១៤ បាត់​ដំបង​ឆ្នាំ​២០១៥ ក្រុង​ព្រះ​សីហនុឆ្នាំ​២០១៦ លើក​នេះគឺ​នៅ​ក្រុង​បាន​លុង ខេត្ត​រតន​គិរី​ នៅ​សេនា​ធិការ​នៃក​ងរាជ​អាវុធ​ហត្ថ​ខេត្ត ដែល​ការ​បណ្តុះ​បណ្តាល​នគរ​បាល​បច្ចេក​ទេស និង​វិទ្យាសាស្រ្ត ត្រូវ​បានរៀប​ចំ​ឡើង ដោយ​បេស​ក​កម្ម​នៃកិ​ច្ច​សហ​ប្រតិ​បត្តិ​ការ សន្តិ​សុខ និង​ការ​ពារ (MCSD) ស្ថិត​ក្រោមចំណុះរ​បស់​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​។

ក្នុ​ង​ន័យ​នេះ មន្ត្រី​ក​ង​រាជ​អាវុធ​ហត្ថ​៣៥​រូប ទទួល​បាន​ការ​បណ្តុះ​បណ្តា​ល​រយៈពេ​ល​មួយ​សប្តាហ៍ ​ដឹក​នាំដោ​យ​ពល​បាល​ឯក Jean Christophe POUPAERT ដែលអ​ញ្ជើញ​មក​ពី​អង្គ​ភាពស៊ើប​អង្កេត​ផ្នែ​ក​យុត្តិ​ធម៌​បា​រាំង​នៃ​ក្រុង Beauvais ។

ការបណ្តុះ​បណ្តា​ល​នេះ ដែល​ផ្តោត​ជាពិសេស​លើ​ការ​អនុវត្ត មាន​គោល​ដៅ​ផ្តល់​ដល់​សិក្ខា​កាម​នូវការ​គ្រប់​គ្រង​កន្លែង​កើត​ហេតុ (បទ​ឧក្រិដ្ឋ ឬ​ម​ជ្ឈិម​កម្រិត​ធ្ងន់) ការ​ចូល​ទៅ​ក្នុង​កន្លែ​ង​កើត​ហេតុ ការ​ហ៊ុម​ព័ទ្ធ ដើរ​ក្នុង​កន្លែង​កើត​ហេតុ ដោ​យ​មិន​ធ្វើ​ឱ្យ​ខូច​ដល់​ដាន និង​ស្លាក​ស្នាម​នៅកន្លែង​កើត​ហេតុ ការ​ស្រង់​យក​ស្លាក​ស្នាម​ដោយ​ត្រឹម​ត្រូវ​ដោយ​មិន​ធ្វើ​ឱ្យ​ខូច​ខាត ដើម្បី​យកទៅ​ស្រា​វ​ជ្រាវ និង​រក្សា​ទុក​នូវ​ស្លាក​ស្នាម​ ដែល​អាចជា​ភស្តុ​តាង សម្រាប់​ដាក់​បន្ទុក​លើ​ជនប្រ​ព្រឹត្ត​ល្មើស​។

នគរ​បាល​បច្ចេក​ទេស និង​វិទ្យា​សាស្រ្ត ទាម​ទារ​នូវ​ការងារ​ច្បាស់​លាស់ និង​ប្រកប​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​។ ការ​ងារ​នោះ​មាន​សារសំ​ខាន់​សម្រាប់​ការ​ស៊ើប​អង្កេត និង​ការ​ស្វែង​រក​ការពិត ដោយ​សារ​ជួយ​ឱ្យ​ទទួល​បាន​នូវ​ធាតុ​សំខាន់​នានា​ស្តីពី​អ្នក​ប្រព្រឹត្ត​បទ​ល្មើស និង​ចារី បែប​បទ​នៃការ​ប្រព្រឹត្ត​បទ​ល្មើស​ ។ល។

នៅពេ​លប​ញ្ចប់​វគ្គ​​សិក្សា​ខាង​លើ សិក្ខា​កាម​ទាំង​៣៥​រូប បាន​ទទួល​វិញ្ញា​បន​បត្រ​មន្ត្រីបច្ចេក​ទេស​កំណ​ត់​អត្ត​សញ្ញាណ​ជន​ល្មើស។ នៅ​ពេល​ត្រលប់​ទៅ​វិញ ពួក​គេ​នឹង​ជួយ​បណ្តុះ​បណ្តាល​មិត្តរួម​ការ​ងារ​ក្នុង​អង្គ​ភាព​តាម​ខេត្ត​នីមួយៗ​របស់​ពួក​គេ ដែល​ជួយ​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​ធ្វើ​ទំនើបកម្ម​វិធី​សាស្រ្ត​របស់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត និង​ដឹក​នាំ​ការ​ស៊ើប​អង្កេត​ផ្នែក​យុ​ត្តិធម៌​កាន់​តែមាន​ប្រសិទ្ធ​ភាព​។

ចាប់​តាំង​ពីឆ្នាំ​២០១៣​មក មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ជាង​២០០​នាក់​ទទួល​បាន​ការ​បណ្តុះ​បណ្តាលផ្នែក​នគរបាល​បច្ចេក​ទេស និង​វិទ្យា​សាស្រ្ត ហើយ​ទទួល​បាន​វិញ្ញាបន​បត្រ​មន្ត្រី​បច្ចេក​ទេសកំណត់​អត្ត​សញ្ញាណ​ជន​ល្មើស​។

កែប្រែចុងក្រោយ 17/07/2017

ត្រឡប់ទៅលើ