ទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅអឺរ៉ុប

កាលពីពេលថ្មីៗនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប និងបានស្នាក់នៅប្រទេសបារាំងពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា។

ក្នុងឱកាសនោះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានរៀបចំជំនួបនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពាររវាងបារាំង និងកម្ពុជា។ ឯកឧត្តមត្រូវបានទទួលនៅអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្រ្ត (DGRIS) ដើម្បីពិភាក្សាអំពីការជួយជ្រោមជ្រែងរបស់ប្រទេសបារាំងដល់កងទ័ពមួកខៀវកម្ពុជា ដែលត្រូវដាក់ពង្រាយនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងការគាំទ្រគម្រោងប្រែក្លាយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ទៅជាមជ្ឈមណ្ឌលថ្នាក់តំបន់។ សកម្មភាពនៃការបណ្តុះបណ្តាល និងការបង្រៀនភាសាបារាំងដល់កងទ័ពកម្ពុជា ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។

ក្រៅពីនេះ ឯកឧត្តមបានជួបជាមួយលោក មីស៊ែល អ៊ែប៊ីយ៉ុង ដែលទើបត្រូវបានតែងតាំងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជានៃរដ្ឋសភាបារាំង ដែលកំពុងត្រូវបានរៀបចំឡើងវិញក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ។

កែប្រែចុងក្រោយ 04/10/2017

ត្រឡប់ទៅលើ