ទស្សន​កិច្ច​នៅ​ក​ម្ពុជា​របស់​លោក​ស្រី Laurence Auer

លោក​ស្រី ឡូ​រ៉ង់ អូ​វែ (Laurence Auer) ប្រធាន​នាយក​ដ្ឋាន​វប្ប​ធម៌ សិ​ក្សា ស្រាវ​ជ្រាវ និង​បណ្តាញ នៃ​ក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង បាន​អញ្ជើ​ញ​មក​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​១៤ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​ចូល​រួម​ក្នុ​ង​កិច្ច​ប្រជុំ​ពេញអ​ង្គ​នៃ​គណៈក​ម្មា​ធិកា​រ​អន្តរ​ជាតិដើ​ម្បី​សម្របសម្រួល​កិច្ច​គាំ​ពារ និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រវត្តិសាស្រ្ត​អង្គរ (ICC-Angkor) និង​ពិធីអប​អរ​ខួប​២៥​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​របស់អង្គ​ការ​យូ​ណេ​ស្កូ។

ក្នុងដំណើរទស្សកិច្ច​នេះ លោក​ស្រី​បាន​អញ្ជើញ​ទៅ​ទស្សនា​ការដ្ឋាន​ជួស​ជុល​ប្រាសាទ​មេ​បុណ្យខាង​លិច ដែល​ទទួល​បាន​ការ​ឧប​ត្ថម្ភពី​ប្រទេស​បារាំង​ក្នុង​ភា​ព​ជា​ដៃ​គូ​ជា​មួយ​អា​ជ្ញា​ធរ​ជាតិអប្សរា​។ ការ​ដ្ឋាន​ខាង​លើ​ក៏​ជា​កន្លែង​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ​កម្ពុជា​ពាក់​ព័ន្ធ​ការ​អភិ​រក្ស និងការ​ជួស​ជុល​ប្រា​សាទ​ផង​ដែរ​។

លោកស្រី​បាន​ចូលក្រាប​បង្គំ​គាល់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរម​នាថ ន​រោ​ត្តម សីហ​មុ​នី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​បាន​ជួប​សម្តែង​ការ​គួរស​ម​ជាមួយ​លោក​ជំទាវ ភឿង ស​កុ​ណា រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​។

ក្រៅ​ពី​នេះ លោក​ស្រី​បាន​អញ្ជើ​ញ​ទៅ​ទស្ស​នា​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិ​បាល ដែល​បានធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​ប្រទេស​បារាំង​អស់​រយៈ​ពេល​២៥​ឆ្នាំ​មក​ហើយ​តាម​រយៈ​គ​ម្រោ​ងជាច្រើន​​។ ជាង​នេះ​ទៅ​ទៀត លោក​ស្រី​បាន​ជួ​​ប​ជាមួយ​តំណាង​ស្ថាប័ន​សាកល​វិទ្យា​ល័យ និងវិទ្យា​សាស្រ្ត​នា​នា រួម​ទាំង​អតីត​និ​ស្សិត ដែល​បាន​សិក្សា​ថ្នាក់​ភាសា​បារាំង​​នៅ​តាម​សាកល​វិទ្យា​ល័យ ឬ​ធ្លា​ប់​បាន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​នៅ​បា​រាំង។ លោក​ស្រី​ក៏បា​ន​ជួប​ផង​ដែរ​ជា​មួយ​ដៃ​គូ​នៃកិច្ច​សហ​ប្រតិ​បត្តិ​ការ​វប្ប​ធម៌​ជាមួយ​ប្រទេស​បា​រាំ​ង​ ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក​ស្រី​បាន​គូស​បញ្ជាក់​សារ​ជាថ្មី​ពី​ការ​យក​ចិត្ត​ទុក​ដាក់​រ​ប​ស់ប្រទេស​បារាំង​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ប្រទេស​កម្ពុជានៅ​ក្នុង​វិស័យ​អប់​រំ វិទ្យា​សា​ស្រ្ត សាកល​វិទ្យា​ល័យ ការ​ស្រា​វ​​ជ្រាវ សុខា​ភិ​បាល វប្ប​ធ​ម៌ និង​បេតិ​កភ​ណ្ឌ​៕

កែប្រែចុងក្រោយ 04/05/2018

ត្រឡប់ទៅលើ