សន្និសីទរៃអង្គាសថវិកាមូលនិធិសកលនៅលីយ៉ុង(ប្រទេសបារាំង) ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩


សន្និសីទ​រៃ​អង្គាស​ថវិ​កា​មូលនិធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹ​ងជំ​ងឺ​អេដស៍ រ​បេង និង​គ្រុនចាញ់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ខាង​មុខ នៅទី​ក្រុង​លីយ៉ុង​។ គោល​ដៅ​នៃសន្និ​សីទ​គឺ​ដើម្បី​កៀរ​គរ​អ្នក​​ផ្តល់​ជំនួយ និង​ប្រទេស​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​មូល​និធិ ដើម្បី​រៃអង្គា​ស​ថវិកា​សម្រាប់​ថិរ​វេលា​ឆ្នាំ​២០២១​ដល់​២០២៣។ ដោយ​ត្រូ​វ​បាន​រៀប​ចំឡើងរៀ​ងរា​ល់បី​ឆ្នាំម្តង សន្និសីទ​នេះមា​ន​ការចូល​រួមពី​សំណាក់​តំណាង​រដ្ឋា​ភិបាល អង្គការ​សង្គម​ស៊ីវិ​ល វិ​ស័យឯ​ក​ជន និង​សហគមន៍​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ពីជំងឺទាំ​ង​បី​ខាង​លើ។​ ប្រទេស​កម្ពុជា​ត្រូ​វ​បានអញ្ជើញ​ចូល​រួមក្នុង​សន្និសីទ​នេះ​ក្នុង​នាម​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រ​យោជន៍​ពីមូល​និធិស​កល។​

ប្រទេស​បារាំ​ង​គឺជាប្រទេស​ផ្តល់​ជំនួយ​ទី២ និង​ជាប្រទេស​ផ្តល់​ជំនួយទ្វេ​ភាគី​​ដល់​មូល​និធិស​កល ដោយ​បាន​ផ្តល់ជំ​នួយ​ជាង៥,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិក ចាប់​តាំង​ពីមូល​និធិ​នេះ​ត្រូវបាន​បង្កើ​ត​​ឡើង​នៅ​​ឆ្នាំ​២០០២​។ ក្នុ​​ង​ន័យ​នេះ ប្រទេស​បារាំង​បាន​ចូល​រួម​ចំណែក​យ៉ាងធំ​ធេង​ក្នុ​ង​សកម្ម​ភាព​មូលនិធិស​កលនៅ​កម្ពុជា​។ ជាង​នេះ​ទៅ​ទៀត ប្រទេស​បារាំង​នឹង​ធ្វើ​ជាម្ចា​ស់ផ្ទះ​រៀប​ចំ​សន្និ​សីទ​រៃ​អង្គាស​ថវិកា​ក្រោម​គំនិត​ផ្តួច​ផ្តើ​ម​របស់​ប្រធានាធិ​ប​តី​បា​រាំង ដែល​បាន​អំពាវ​នាវ​ឱ្យ​សហគ​មន៍​អន្តរ​ជាតិរៃ​អង្គាស​យ៉ាង​ណាឱ្យ​បាន​យ៉ាង​ហោចណាស់​១៤​ពាន់​លាន​ដុល្លា​រ​អាមេរិកស​ម្រាប់​មូល​និធិស​កល ហើយ​ក្នុងន័​យ​នេះ​នឹង​អាច​ជួយ​ជិ​វិតមនុស្ស​១៦​លាន​នាក់ក្នុ​​ង​អំឡុង​៣ឆ្នាំ​ខា​​​ង​មុខ​។

ប្រទេស​កម្ពុជា​មាន​ភាព​រីកចម្រើន​គួរឲ្យកត់សម្គាល់​ក្នុង​ការ​គ្រប់​គ្រង និង​ឈាន​ទៅ​លុបបំ​បាត់​ជំងឺទាំងបី​ខាង​លើ​។ ដោយ​សារ​ជំនួយពី​មូលនិ​ធិ​សកល គោលដៅធំ​ៗ​ជាច្រើ​ន​ក្នុង​ការ​ប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ កំ​ពុង​​ជិត​សម្រេច​​បា​ន​។ ក្នុង​ន័យ​នេះ ប្រ​ទេស​កម្ពុជា​ជា​ប្រទេស​តែមួយ​គត់​នៅ​អាស៊ី​អាគ្នេយ៍​ដែល​នឹង​សម្រេច​បាន​នូវ​គោល​ដៅ «៩០-​៩០-​៩០​» (មាន​ន័យ​ថា​៩០%​នៃអ្នក​សង្ស័យ​ថាមាន​ផ្ទុកមេ​រោគអេ​ដស៍​ដឹងពី​ស្ថាន​ភាព​ជំងឺអេដស៍​របស់​ខ្លួន, ៩០%​នៃអ្នក​ដែលដឹ​ងពី​ស្ថានភាព​ផ្ទុក​មេរោគ​​អេដស៍ បាន​ទទួល​ការព្យា​បាល​ដោយឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩០%​នៃអ្នក​ដែលទទួល​ការ​ព្យាបាល​នឹង​រក​មិនឃើញ​មេរោគ​អេដស៍​នៅក្នុង​ឈាម​) ដែល​​ត្រូវ​បាន​កំណត់​ដោយកម្មវិធីរួមគ្នា​របស់អង្គការសហប្រជា​ជាតិប្រយុទ្ធជំងឺអេដស៍ ​(ONUSIDA) ដើម្បី​លុប​បំ​បាត់​ជំងឺ​អេដស៍ ចំណែក​ឯជំងឺ​គ្រុន​ចាញ់វិ​ញ សម្រាប់​ឆ្នាំ​២០១៩មក​ដល់​ពេល​នេះ ពុំមាន​​ករណី​​ស្លា​ប់​​ណា​មួយ​ប​ង្ក​​ឡើង​​ដោយ​​ជំងឺ​​នេះ​​ឡើយ​​។

ក្រៅ​​ពី​មូល​​និធិ​ស​កល គំនិត​​ផ្តួច​​ផ្តើ​​ម​​៥%ប​ង្កើ​ត​ឡើងដោ​យរដ្ឋា​ភិបាលបា​រាំង​កាល​ពីឆ្នាំ​២០១១ ផ្តល់​នូវជំនួយផ្នែ​ក​បច្ចេក​ទេស និង​ហិរញ្ញវត្ថុ​ដល់គ​ម្រោង​ដែល​មាន​លក្ខណៈ​បង្កើត​ថ្មី គម្រោង​ស្រា​វ​ជ្រាវ ឬ​ប្រតិ​បត្តិ​ការ​ពាក់​ព័ន្ធ​ការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​ទាំង​បី​ខាងលើ​។ បង្កើតឡើង​​ស​ម្រាប់​ប្រទេស​និយាយ​ភា​សាបា​រាំ​ង​ ដែលទទួល​បានអ​ត្ថ​​ប្រ​យោជន៍​ពីមូល​និធិ​សា​កល គំ​និត​ផ្តួច​ផ្តើ​​ម​​៥%កៀ​រ​​គរ​​ជំ​នួយ​ហិរញ្ញ​វត្ថុ​ឱ្យ​បាន​៥%នៃ​ជំនួយដែ​ល​ប្រទេ​​ស​បារាំង​ផ្តល់​ជូនមូល​និធិ​សកល (ការ​ផ្តល់ជំនួយរ​បស់បារាំង​ដល់មូលនិធិសកលកើន​ឡើង​៧%ក្នុ​ង​​ពេល​បច្ចុ​ប្បន្ន​)​​។ ការ​ចូលរួម​ចំណែក​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​របស់​បារាំងនេះ​មាន​ទឹកប្រាក់​​៥លាន​ដុល្លារអាមេ​​រិកសម្រាប់​ថិរវេលា​២០១៦-​២០១៨​​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​២០១៩ គម្រោង​ចំនួន​ពីរ មួយ​ស្នើឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល Khana និង​មួយទៀត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ត្រូវបាន​ជ្រើស​រើសដើម្បីទទួលជំនួយពី​គំនិត​​​ផ្តួច​​ផ្តើ​​​​ម​​​៥% ហើយ​បេសកកម្មជំនាញ​បច្ចេកទេស​ផ្តល់ការ​គាំទ្រ​ដល់​សំណើសុំ​ផ្នែក​ហិរញ្ញវត្ថុ​ពីមូល​និធិសកល​សម្រា​ប់​​ជំងឺ​​​គ្រុន​​ចាញ់​​។ ក្នុ​​ង​​ន័យនេះ​ គំនិត​ផ្តួចផ្តើម៥​%​ត្រូ​វ​​បាន​ស្ថា​ប័ននា​នា ក៏​ដូចជា​អង្គ​ការ​សង្គម​ស៊ីវិលក​ម្ពុជា​ស្គាល់​ច្រើន ហើយ​លើកស្ទួយ​ដល់​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់គម្រោង​ដ៏មាន​គុណភា​ព​នានាជា​រៀង​រាល់​ឆ្នាំ។ គំនិត​ផ្តួច​ផ្តើម​នេះ​ជួយឲ្យ​ប្រទេស​បា​រាំងពង្រឹង​សកម្មភាព​របស់​ខ្លួន​ក្នុ​ង​វិស័យ​សុខា​ភិបា​ល និង​លើកស្ទួយ​ជំនាញ​របស់​ខ្លួន​ក្នុង​វិស័យនេះ​។

កម្ពុជា​គឺជាប្រទេស​​ដែល​ទទួល​ផល​ប៉ះពាល់ខ្លាំ​ង​​បំផុត​ក្នុង​​ពិភព​លោក​​ពីជំងឺ​​របេង។ ប្រទេសកម្ពុជា​ជួ​ប​ប្រទះ​នូវ​ការ​លំបាក់ក្នុ​ង​ការ​កំណត់​ទំរង់​ផ្សេងៗ​នៃ​ភាព​ស៊ាំ​នៃជំ​ងឺ​នេះ និងការ​លំបាក​ក្នុង​ការ​ធ្វើរោគ​វិនិច្ឆ័យ​សម្រាប់​កុមារ​។ គម្រោង​​ជាក់​​លាក់​​មួយ​​ដែល​ផ្តល់​​​​ហិរញ្ញ​ប្ប​​ទា​ន​​​រួ​ម​​​​គ្នា​​ដោយ UNITAID និង​​គំនិត​ផ្តួច​​​​ផ្តើម​​​៥% ស្នើ​ឡើង​​ដោ​​​យ​​វិទ្យា​​​ស្ថាន​​​ប៉ាស្ទ័រ​​​កម្ពុជា ខិត​​ខំ​​ស្វែង​​​រ​ក​​​ដំណោះ​​ស្រាយ​​ចំពោះប​​​ញ្ហា​​​នេះ។​​ ប្រទេស​​កម្ពុជា​បា​​ន​​​បង្ហាញ​​រួច​​ជាស្រេ​ច​នូវ​សមត្ថ​ភាព​​ក្នុង​ការ​ជម្នះ​បញ្ហា​ដែល​ជួប​ប្រទះ ហើយ​ជោ​គ​​ជ័​យ​​របស់​​កម្ពុជា​​​គួរ​​ត្រូ​​វ​បាន​​​គូសប​ញ្ជា​ក់​​ក្នុង​អំឡុង​ស​ន្និ​សីទរៃ​​អង្គា​ស​​ថវិកា​​នៃមូល​​និធិ​​សាកល​​ដែល​នឹ​ង​ប្រារព្ធ​ធ្វើក្នុ​ងពេ​ល​ខាងមុខ​។

កែប្រែចុងក្រោយ 24/07/2019

ត្រឡប់ទៅលើ