គោលជំហររបស់បារាំងស្តីពីកូរ៉េខាងជើង

ការ​អភិ​វឌ្ឍ​កម្ម​វិធី​នុយក្លែ​អ៊ែរ និង​មីស៊ីល​រយៈ​ឆ្ងាយ​របស់​កូរ៉េ​ខា​ង​​ជើង គឺ​ជាការ​គំរាម​កំ​ហែង​ចំ​ពោះស​ន្តិ​សុខ ស្ថេ​រ​ភាព​តំ​បន់ និង​ពិភ​ព​លោក ហើយ​ជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ។ ប្រ​ឈម​នឹ​ងបញ្ហា​នេះ ប្រទេស​បារាំ​ង​ជាមួយដៃ​គូ​របស់​ខ្លួន​បាន​គាំទ្រ​នូវ​ការ​អនុម័ត​នូវ​ទណ្ឌ​​កម្ម ដែល​មាន​គោលដៅ​រារាំង​កូរ៉េខាង​ជើងមិ​ន​ឱ្យបន្ត​កម្មវិធី​អាវុធ​មហា​ប្រល័យ​របស់ខ្លួន ហើយ​នាំ​ប្រទេ​ស​នេះ​មក​កាន់​តុ​ចរចា ដោយ​​មាន​​គោលដៅ​មួ​យ​គឺ​​ការ​​បោះប​ង់​​កម្មវិធី​​នុយ​ក្លេ​អ៊ែរ​ទាំ​ង​​ស្រុង ដែល​​គេ​​អាច​ពិនិ​ត្យ​​ផ្ទៀង​​ផ្ទាត់ និង​​មិន​​អាច​ឱ្យកូរ៉េខា​ងជើ​​ង​​ត្រ​លប់​ទៅ​រក​​កម្ម​វិធី​នេះ​ជា​ថ្មី​​បាន​​។

ប្រទេស​​កូរ៉េខាងជើ​ង​​បាន​អភិវឌ្ឍ​ក​ម្ម​វិធី​អាវុធ​នុ​យ​ក្លេអ៊ែរ​ដោ​យ​​ខុ​ស​​ច្បាប់​
ប្រទេស​​កូរ៉េ​​ខាង​ជើង​​បាន​​ចូល​រួម​​សន្ធិ​សញ្ញា​ស្តីពី​ការ​​មិន​​សាយភាយ​​អាវុធ​នុយ​​ក្លេ​អ៊ែរ​​កាល​​ពីឆ្នាំ​​១៩៨៥​​។ ដោយ​រំលោភ​សន្ធិ​សញ្ញា​នេះ ប្រទេ​ស​កូរ៉េ​ខាងជើ​ង​បាន​អភិវឌ្ឍ​កម្មវិធី​នុយក្លេ​អ៊ែរ​យោ​ធា និង​បាន​ប្រកាស​អំពី​បំណង​របស់ខ្លួន​ក្នុង​ការ​ចាក​ចេញពី​សន្ធិសញ្ញា​ស្តីពី​ការ​មិន​​សាយ​ភាយអាវុធ​នុយ​ក្លេ​អ៊ែរ​។ កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​អាវុធនុ​យក្លេ​អ៊ែរ​៦​ដង​ចន្លោះ​ពីឆ្នាំ​២០០៦ និង២០១៧៖ កូរ៉េខា​ង​ជើង​គឺជា​ប្រទេស​តែមួយ​គត់​ក្នុង​ពិភព​លោក​ដែល​បានបាញ់​សាក​​ល្បង​​អាវុធ​នុយ​ក្លេអ៊ែរ​ក្នុ​ង​សតវត្ស​ទី​២១។ ស្រ​ប​ពេលជា​មួយគ្នា​នោះដែ​រ កូរ៉េ​ខាង​ជើង​បានបន្ត​កម្មវិធី​មីស៊ីល និង​អភិវឌ្ឍមីស៊ី​ល​រយៈ​ឆ្ងាយ​។

ការ​អភិវឌ្ឍកម្មវិ​ធី​អាវុធមហា​ប្រល័យទាំងនេះ​គឺជាកា​រ​រំលោភរ​បប​អន្តរ​ជាតិ​នៃកា​រ​​ប្រយុទ្ធប្រ​ឆាំង​ការ​សាយ​ភាយ ដែល​ក្នុ​ង​នោះសន្ធិ​សញ្ញា​មិន​សាយ​ភាយដែល​ជា​សរសរ​គ្រឹះ និង​ដំណោះស្រាយ​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ស​ហប្រជា​ជាតិ​។ ក្នុង​ន័យ​នេះ វា​ធ្វើឱ្យ​សន្តិ​សុខពិភព​លោក​មាន​លក្ខណៈ​ផុយ​ស្រួយ​។

ប្រទេស​បារាំ​ង ក៏ដូ​ច​ជា​ដៃគូរ​បស់​ខ្លួនបាន​ថ្កោលទោស​យ៉ាង​ដាច់អ​ហំការ​ចំពោះកា​រ​បន្ត​កម្ម​វិធី​​អាវុធ​មហាប្រល័យ​ធ្វើឡើងដោ​យកូ​រ៉េ​ខាង​ជើង ដែ​​ល​ជាការ​គំរាម​កំហែង​មួយ​ដ៏ធ្ងន់​ធ្ងរ​ចំ​ពោះ​ស​​​ន្តិ​​ភាព ​​សន្តិ​សុខ​​​តំបន់ និង​​ពិភព​លោក។ សម្រា​​ប់​បារាំង និង​អឺរ៉ុប នោះគឺ​ជា​កា​រគំរាម​កំហែង​ដោយ​ផ្ទាល់ (មីស៊ីល​មួយ​ចំនួន​របស់កូរ៉េខា​ង​ជើង មាន​រយៈច​ម្ងាយ​រហូត​ដល់ទឹក​ដី​បា​រាំង និង​អឺរ៉ុប​) និង​ជា​ការ​គំរាម​កំហែង​ដោយ​ប្រ​យោល (កូរ៉េ​ខាង​ជើង​ផ្ទេរ​ទៅ​ឱ្យ​ប្រទេសផ្សេង​ទៀត​នូវ​សម​ត្ថ​ភាព និង​បច្ចេកវិទ្យា​ដែល​នាំឱ្យ​មាន​ការ​រីក​សាយ​ភាយ​)​។

ជា​ការឆ្លើយ​តប សហ​គមន៍​អន្ត​រ​ជាតិ​បាន​អនុម័ត​នូវ​របប​ទណ្ឌ​កម្ម​ដ៏សំ​ខាន់​មួយ
ប្រទេស​បារាំង ដែល​ជាសមាជិក​អចិន្ត្រៃយ៍​របស់​ក្រុ​ម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ បាន​គំាទ្រ​ការ​អនុម័ត​សេច​ក្តី​សម្រេច ដែល​គ្រោ​ង​ដាក់​ទណ្ឌកម្ម​ប្រឆំាងនឹ​ង​របប​កូរ៉េខា​ងជើង​។ សេចក្តី​សម្រេច​ទាំងនេះ​មា​​ន​គោលដៅ​បញ្ឈប់​កម្មវិធី​ខុ​សច្បា​ប់​ទាំង​នេះ និង​នាំ​ក្រុងព្យុង​យ៉ាង​ទៅកាន់​តុច​​រចា​​​វិញ ជា​ពិសេសដោយ​រឹតត្បិត​ធនធាន​របស់​ប្រទេស​នេះ។​ កា​រដាក់ទណ្ឌ​កម្មគ្រោង​ជាពិសេស​នូវ​ការហ៊ុមព័ទ្ធពេញ​លេញលើ​​ការជួញដូរអាវុធ​គ្រប់​ប្រភេទ​​ជាមួ​​យកូរ៉េ​​ខាង​​ជើង និង​ការហា​ម​ឃាត់​នាំផលិត​ផលមួយ​​ចំនួន​ពីប្រទេស​កូរ៉េ​​ខាង​ជើង (មាន​ធ្យូង​ថ្ម​ ដែក​ រ៉ែ​។ល។​) និងហាម​ឃាត់​ការ​​នាំ​ចេញផ​លិត​ផល​ផ្សេង​ទៀត (ផលិត​​ផល​​ប្រណិត…)។​ ស្ថា​ប័ន និង​មនុស្ស​ជា​ច្រើន​​ដែល​មា​ន​​ទំនាក់​​ទំនង​​ជាមួយ​​កម្មវិធី​​អាវុធម​ហា​​ប្រល័យ​​ត្រូ​​វ​បានដាក់​ទណ្ឌ​កម្ម (មាន​ដូចជា​កា​រ​បង្កក​​ទ្រព្យ​​សម្បត្តិ ការ​ហាមឃាត់​មិនឱ្យ​ធ្វើ​ដំណើរ​​)​​។

សហភាព​អឺរ៉ុបក៏​បានអ​នុម័ត​នូវរបប​ដាក់​ទោសទណ្ឌ​ស្វយ័ត​មួយ ដែល​គ្រោង​នូវវិ​ធាន​ការបន្ថែ​ម​។

ការដា​ក់​ឱ្យមាន​​ប្រក​​ប​​ដោយល​ក្ខណៈ​​ពេញ​​លេញ និង​​ប្រសិទ្ធ​ភាព​​នូវទណ្ឌ​កម្ម​ទាំ​ង​​នេះ គឺ​ជាអា​ទិភា​ព​មួយស​ម្រា​ប់​ប្រទេស​បារាំង និង​ដៃគូរ​របស់​ខ្លួន នៅ​ក្នុង​ពេល​ដែល​គ្មាន​ភាពរីក​ចម្រើន​​ទៅ​មុខ​ជាក់​ស្តែងនៃ​ការ​បោះបង់​ទាំង​ស្រុង​នៃកម្មវិធី​នុយក្លេអ៊ែរ​ដែ​ល​អាច​ឱ្យ​គេពិនិត្យ​ផ្ទៀង​ផ្ទាត់ និង​ដែល​មិន​អាច​ឱ្យកូរ៉េ​ខាង​ជើងត្រលប់​ទៅរកកម្មវិធី​នោះជា​ថ្មី​ទៀត​។ ការងារ​របស់​ក្រុម​ជំនាញរ​បស់​អង្គការ​សហ​ប្រជា​ជាតិ ស្តីពី​កូរ៉េ​ខាង​ជើង បានប​ង្ហាញ​ឱ្យឃើញ​ថា​កូរ៉េ​ខាង​ជើងកំ​ពុង​បន្ត​យុទ្ធសាស្រ្ត​ជាច្រើ​ន​ដើម្បី​គេចវេស​ពីការ​ដាក់ទណ្ឌកម្ម​។ កិច្ចពិភា​ក្សា​ជាប្រចាំ​​ត្រូវ​បាន​ធ្វើឡើង​​ដើម្បី​ពង្រឹង​​ការ​ដាក់​ឱ្យ​ដំណើរ​​ការនូវ​របប​ទណ្ឌកម្ម​ផ្សេងៗ​​គ្នា តួយ៉ាងដូ​ច​ជា​ក្នុងក្រ​បខ័ណ្ឌក្រុម​ប្រទេស​G7+ ដែល​បានជួបប្រជុំគ្នា​នៅទី​ក្រុង​ប៉ារីស៍កាល​​ពី​ខែ​មីនា ឆ្នាំ​២០១៩កន្លងទៅ។​

ប្រទេស​បារាំង រួ​ម​ជាមួយដៃ​គូរ​បស់ខ្លួន ប្រឹង​ប្រែងផ្សព្វផ្សាយប​ញ្ជ្រាប​ដល់​ប្រទេស​ដែល​អាចពាក់​ព័ន្ធកា​រប៉ុនប៉​ង​គេច​វេស​ពីកា​រដាក់ទ​ណ្ឌក​ម្ម​របស់​កូ​រ៉េ​​ខាង​​ជើង និង​​ធានាថា​​ក្រុម​​ហ៊ុនបារាំ​​ង​​បាន​​ដឹង និងអ​​នុវត្ត​របប​ទណ្ឌ​កម្ម​។ បារាំ​ង​ក៏បាន​ដាក់ព​ង្រាយ​​​មធ្យោ​បាយ​​តាម​​ដានសមុទ្រ​នៅក្នុងតំបន់​ដើម្បី​តាម​ដាន និង​បង្កា​រ​ការ​រំលោភ​ទណ្ឌ​កម្ម​នៅតា​មស​មុទ្រ​ផង​ដែរ (ការ​ផ្ទេរ​ប្រេង​កាតពី​នាវាមួយទៅ​នាវា​មួយទៀ​តដែល​ត្រូវបាន​ហាមឃាត់​ដោយ​សេច​ក្តីសម្រេច​)​។

កូរ៉េខា​ងជើង​ត្រូវប្តេជ្ញា​បោះប​ង់ចោ​លទាំង​ស្រុងនូវ​កម្មវិធីនុយក្លេ​អ៊ែរ ដែល​គេអា​ច​ពិនិត្យផ្ទៀង​ផ្ទាត់​បាន និង​មិនអាច​ត្រលប់​ទៅរកម្មវិធី​នោះសារជា​ថ្មី​បាន
ដូច​​​ដៃគូរ​បស់​​ខ្លួន​​ដែរ ប្រទេស​​បារាំង​គាំទ្រ​ការស្វែង​រកដំណោះស្រាយ​នយោបា​យ​។ បារាំង​បាន​ផ្ត​​ល់​​ការ​គាំទ្រ​ដល់​ការ​បើក​ឱ្យមាន​កិច្ចពិភាក្សា​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​នាដើ​ម​ឆ្នំា​២០១៨ និងកិច្ច​ពិភា​ក្សារវាង​មេដឹ​ក​នាំ​អាមេ​រិច និង​មេដឹក​នាំ​កូរ៉េខា​ងជើ​ង (កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេសសិង្ហបុរី​កាល​ពីខែ​ធ្នូ​ឆ្នាំ​២០១៨ និង​នៅទីក្រុង​ហាណូយ​កាល​ពី​ខែកុ​ម្ភៈ ឆ្នាំ​២០១៩)​។ កិច្ច​ចរ​ចា​នេះបា​ន​ចូលរួ​មចំណែក​កាត់បន្ថ​យ​ភាព​តានតឹ​​ង​នៅអាស៊ីប៉ែក​ឥសាន​។ កិច្ច​ចរ​ចារ​ពេលបច្ចុ​ប្បន្ន​ត្រូវ​អនុញ្ញា​តឱ្យបញ្ចប់​នូវការ​បង្ក​ហេតុរបស់កូរ៉េ​ខាង​ជើង និងបើក​ឱកាស​ឱ្យ​មាន​ការ​បោះប​ង់​ចោលទាំង​ស្រុង​ ដែលអា​ចឱ្យ​គេពិនិត្យ​ផ្ទៀង​ផ្ទាត់ និ​ង​ដែល​មិន​អាច​ឱ្យកូរ៉េខា​ងជើង​ត្រលប់​ទៅរក​កម្មវិធី​នុយក្លេអ៊ែរ​ និង​កម្មវិធី​អាវុធមហា​ប្រល័យ​ផ្សេង​ទៀត (ជីវ​សាស្រ្ត គីមី) សារ​ជាថ្មី​។

នៅក្នុង​សេចក្តីថែ្ល​ងកា​រណ៍​ដែលគាំ​ទ្រដោយ​ដៃគូទាំង​៦៩ ប្រទេស​បារាំង​បាន​គូសប​ញ្ជាក់​សារជា​ថ្មីអំពីភាព​ចាំបាច់​សម្រាប់​កូរ៉េខាង​ជើង​ក្នុង​ការ​«អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន និងចាត់​វិធាន​ការ​ជាក់ស្តែង​ឆ្ពោះ​ទៅកាន់កា​រ​បោះបង់ចោ​លទាំង​ស្រុង ដែល​អាច​ឱ្យគេពិ​និត្យផ្ទៀង​​ផ្ទាត់ និង​ដែល​មិន​អាចឱ្យកូរ៉េខាងជើង​ត្រលប់​ទៅរកកម្មវិធី​នុយក្លេអ៊ែរ​សារ​ជាថ្មី និងកម្មវិធីផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ»​។

ប្រទេស​បារាំង​ច​ង់ឱ្យវិធាន​ការ​ដែល​ត្រូវ​បាន​ចាត់ឡើងដោ​យកូរ៉េ​ខាង​ជើង​អាច​ត្រូ​​វ​បានពិនិត្យ​ផ្ទៀង​ផ្ទាត់​ដោយ​អ្នក​ជំនាញកា​រ​អន្ត​រ​ជាតិ ដូច​ជាអ្នក​ជំនាញ​កា​រ​របស់​ទីភ្នាក់​ងារថាម​ពល​បរមា​ណូ​អន្តរ​ជាតិ (AIEA) ដើម្បីធានា​នូវប្រសិទ្ធ​ភាព​នៃវិ​ធាន​ការ ក៏ដូច​ជាការ​មិន​វិល​ទៅ​រក​កម្មវិធី​នោះ​សារ​ជាថ្មី​។

ស្ថិត​ក្នុងដំណាក់​កាល​នេះ ការ​គំរាម​កំហែង​បង្កឡើងដោ​យ​អត្ថិ​ភាពនៃ​កម្មវិធី​នុយក្លែ​អ៊ែរ និង​នៅកូរ៉េ​ខាង​ជើង មិន​បានថមថយ​នោះទេ​ ដោយសារ​កម្មវិធីទាំងនេះមិ​ន​ត្រូ​​វ​បានបោះ​បង់​ចោល​នោះ​ឡើយ។ ប្រសិ​នបើគ្មានភា​ពជឿ​នលឿន​ទៅមុខពី​សំណាក់កូរ៉េខាង​ជើង​នៅក្នុង​ផ្នែក​នេះ​ទេ សហគមន៍​អន្តរ​ជាតិ​ត្រូវរួបរួមគ្នា​ប្រកប​ដោយភាពម៉ឹ​ងម៉ា​ត់ និង​ការ​ប្រុងប្រយ័ត្ន។

លោក អេម៉ានុយអ៊ែល ម៉ាក្រុង បានមានប្រសាសន៍ថា៖ «ប្រទេស​បារាំង​​ចង់បាន​ពីរបបកូរ៉េខាងជើង​នូវកាយ​វិការជាក់​ស្តែង ដែល​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ពិតប្រាកដ​ក្នុងដំណើរ​ការរំសាយ​កម្មវិ​ធី​នុយ​ក្លែអ៊ែរ​ទាំង​ស្រុង ដែល​អាចឱ្យ​គេពិនិត្យ​ផ្ទៀង​ផ្ទាត់ និង​ដែល​មិន​អាចឱ្យកូរ៉េ​ខាងជើង​​ត្រលប់​ទៅរក​កម្ម​វិធី​​​នោះ​សារ​ជាថ្មី​បាន​។ ​ក្នុង​ពេលរង​ចាំកាយ​វិការ​នេះ កិច្ចពិភាក្សា​ត្រូវធ្វើឡើងទ​ន្ទឹម​ជា​មួយការ​អនុវត្ត​យ៉ាង​តឹងរ៉ឹងនូ​វ​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​សម្រេច​ដោយ​ក្រុមប្រឹក្សា​សន្តិ​សុខ»​។

ប្រទេស​បារាំង​បាន​ស្នើផ្តល់​ការ​គាំទ្រ និង​ជំនាញរបស់ខ្លួ​ន​ដល់ដំណើរ​រំសាយ​កម្មវិធីនុ​យក្លែ​អ៊ែរក្នុ​ង​ពេល​ខាង​មុខ​។ បទ​ពិសោធន៍រ​បស់​បារាំង​ផ្ទាល់​ក្នុង​ការ​រុះរើ​រោង​ចក្រ​នុយ​​ក្លេអ៊ែរ​មួយចំនួន​(និង​ជាពិសេស​កន្លែង​សាក​ល្បង និង​ម៉ាស៊ីន​រ៉េអាក​ទ័រមួយ​ចំនួន​) និង​ថានៈ​របស់​ខ្លួនជា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេ​អ៊ែរ ធ្វើឱ្យ​បារាំង​ក្លាយ​ជាអ្នក​ចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងដំណើរ​ការ​នេះបើ​និយាយ​អំពី​ជំនាញប​ច្ចេ​​ក​ទេស។

កែប្រែចុងក្រោយ 02/08/2019

ត្រឡប់ទៅលើ