ស្ថានទូតបារាំងប្រចាំកម្ពុជា សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ស្ថា​ន​ទូតបា​រាំង​ប្រ​ចាំក​ម្ពុជា សូម​ចូលរួមសម្តែ​ង​នូវមរណទុ​ក្ខ​ដ៏ក្រៀម​ក្រំ​ថ្វាយ​ព្រះញាតិវ​ង្ស​ រាជ​រដ្ឋា​ភិបាល​កម្ពុជា និងប្រ​ជាពលរ​ដ្ឋ​កម្ពុជា ចំពោះកា​របាត់​បង់​សម្តេច​រាជ​បុត្រី ព្រះ​រៀម នរោ​ត្តម បុប្ផា​ទេវី​។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាតួអង្គដ៏សំខាន់មួយរូបនៃវប្បធម៌កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសបារាំង និងកម្ពុជា។

ជាអ្នកប្រើប្រាស់ និងស្រលាញ់ចូ​ល​ចិត្ត​ភាសា​បារាំ​ង សម្តេច​រាជ​បុត្រី ព្រះ​រៀម នរោ​ត្តម បុប្ផាទេវី​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស និង​លើក​តម្កើង​សិល្បៈ​របាំ​បុរាណ​ខ្មែរ ហើយធ្វើឱ្យសិល្បៈនេះត្រូវ​បាន​ទទួល​ស្គា​ល់​នៅ​លើ​ឆាក​អន្តរ​ជាតិ និង​ជាពិសេស​នៅ​ប្រទេស​បារាំង​។

ជានាដការី​ឯក​នៃរ​​បាំព្រះរា​ជ​ទ្រព្យ ព្រះអង្គបាន​សម្តែង​របាំដែល​​ព្រះ​វររាជ​​បិតា​​ព្រះ​បរម​រ​ត​នក​កោដ្ឋទ្រង់សព្វព្រះរាជហឫទ័យ​បង្ហាញជូន​​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិបានស្គាល់ក្នុង​អំឡុង​ដំណើរទស្សន​កិច្ចផ្លូវ​ការរ​បស់ព្រះ​អង្គ​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៦៤ ដែល​ក្នុងឱកាស​នោះ​សម្តេចរាជ​បុត្រី ព្រះ​រៀម នរោ​ត្តម បុប្ផា​ទេវី បាន​សម្តែង​របាំ​នៅ​រោង​ល្ខោន​Opéra នៃ​ទីក្រុង​ប៉ារីស៍ ដោយ​មាន​វត្ត​មាន​លោកឧ​ត្តម​សេនីយ៍​ដឺ​ហ្គោល និង​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់លោក​ដឺហ្គោល​នៅក​ម្ពុជា​នៅ​ឆ្នាំ​១៩៦៦។

សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ក៏​បានបំពេញ​ការងារ​ជាច្រើនផងដែរ​ដើម្បីធ្វើ​ឱ្យសិល្បៈ​​​នេះ​ជ្រួត​ជ្រាប​ទៅ​ក្នុងស្រទាប់​មហា​ជន។ ក្រោ​មការជំរុញ និងកិច្ចខិតខំប្រឹងប្រែងរ​បស់​ព្រះ​អង្គ ក៏​ដូច​ជារ​បស់ព្រះ​បរម​រតន​កោដ្ឋ មានការ​សម្តែង​របាំ​ព្រះ​រាជទ្រព្យ​ជាសាធារណៈ​​ជាច្រើនលើក និង​ត្រូវបាន​​​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ។​

បន្ទា​ប់​​ពីកម្ពុជា​ទទួល​រង​នូវអំ​ពើ​ប្រល័យ​ពូជសាសន៍​ដ៏សោកនាដក​ម្ម ព្រះអង្គ​បាន​ខិត​ខំ​ប្រឹងប្រែ​ង​ក្នុង​ការធ្វើឱ្យរបាំ​ព្រះរាជ​ទ្រព្យ​មាន​ជីវិត​រស់រាន​ឡើង​វិញ ដោយបា​ន​បង្កើ​​តឱ្យ​មាន​ក្រុមរបាំ​ថ្មីមួយដែល​​បាន​ទៅ​​សម្តែង​​សារ​ជាថ្មី​នៅ​​ទី​ក្រុង​ប៉ារីស៍​​ក្នុ​ង​​ឆ្នាំ​១៩៩៤ នៅ​​សាល​​មហោ​​ស្រព Rond-Point តាម​​ការអញ្ជើញ​រ​ប​ស់​​សមា​​គម La Maison des cultures du monde។

ដោយ​​បូជា​ព្រះកាយ​ព​ល​មិន​​​ខ្លាច​នឿ​យ​​​ហត់ ព្រះអ​ង្គ​​បាន​ចូល​រួម​ក្នុង​​ការ​ស្តារ​ប្រទេសកម្ពុជា​ឡើងវិញ ដោយ​បាន​បំពេញមុខងារ​ជារដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​នៅ​ចន្លោះឆ្នាំ​១៩៩៨​និង​ឆ្នាំ​២០០៤។ ក្នុង​អំឡុងពេ​លនោះ​ព្រះ​អង្គ​បាន​យក​ព្រះទ័​យ​ទុក​ដាក់​ប្រកប​ដោយ​ព្រះបញ្ញា​ញា​ណក្នុង​ការ​ស្តារ និង​រៀបចំឡើង​វិញ​នូវ​ជីវ​ភាព​វប្បធ​ម៌ ដោយ​ផ្អែក​លើកម្ម​វិធី​ជំនួយដែ​ល​ត្រូវបាន​ដាក់​ឱ្យ​មានភ្លាមៗបន្ទាប់ពីការចុះកិ​ច្ច​ព្រម​ព្រៀង​ទីក្រុងប៉ា​រីស៍។ ផ្អែក​លើ​​កិច្ច​សហ​ប្រតិ​បត្តិការ​បារំាង ព្រះ​អង្គ​​បាន​បំពេញ​ការងារ​ជា​ច្រើ​ន​ក្នុង​ការ​រៀប​ចំ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ​ស្ថាប័ន​វប្ប​ធម៌​នៃប្រទេស​កម្ពុជា (មាន​ដូច​ជាសា​រ​មន្ទី​រ​ជាតិ បណ្ណា​ល័យ​ជាតិ សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិ​ល្បៈ ​ការ​​ជួស​ជុល និង​​រៀប​​ចំ​​តំបន់​អង្គ​រ​)​​។

អស់រ​យៈពេ​ល​ជា​ច្រើ​ន​ឆ្នាំ សម្តេច​រាជ​បុត្រី ព្រះ​រៀម នរោ​ត្តម បុប្ផា​ទេវីបាន​ប្រឹង​ប្រែ​ង​ដឹ​ក​នាំ និង​រៀបចំកា​រ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យដ៏ល្បី​រន្ទឺនៅតា​ម​ប្រទេស​នានា​។

ក្នុង​​​ន័យ​​នេះ ថ្មីៗ​​​នេះ​ព្រះ​​អង្គ​​​​បាន​​​បង្កើត​​​រ​បាំ​​ថ្មីមួយ​​​​រឿង​​​វឌ្ឍនា​​ទេវី ឬ​Métamorphose ដែល​​ត្រូ​​វ​​​បាន​​​​សម្តែ​​​​​ង​​​​នៅ​​​​ប្រទេស​​​​បារាំង​​​​កាល​​​​​ពី​​​ខែ​​​​ឧសភា ឆ្នាំ​​២០១៨​​​។ ព្រះអង្គ​​​​បាន​​​​​ធ្វើឱ្យ​​​របាំ​​​​ព្រះ​​​​រាជទ្រព្យ​​​​ស្គាល់​​​​នូវ​​រ​បត់​​​​ថ្មី​​​មួយ ដោយ​​​​បាន​​​​ដាក់​​​​បញ្ចូល​​​ក្នុ​ង​​​ការសម្តែង​នូ​វរឿ​ង​​Psyché និង​​ប្រវត្តិ​នៃ​ជំនួប​រវា​ង​​វិចិត្រ​ក​​រ​រ៉ូដាំង និង​​របាំ​ព្រះរា​ជ​​ទ្រព្យ​​នៅ​​ឆ្នាំ១​​​​៩០៦​។ ជា​លើ​​ក​ដំបូង​​ក្នុង​​ប្រវត្តិ​​សាស្រ្ត​នៃ​របាំ​​សហ​ស្សវត្ស​រ៍​នេះ ក្បាច់​រំា​​មានលក្ខណៈ​​សម្បូរ​បែប​​ដោយបានយកលំនាំ​បន្ថែ​​ម​​ពីម​ជ្ឈ​ដ្ឋាន​​វប្បធម៌​​ខាង​​ក្រៅ​។ ការ​សព្វ​ព្រះ​រាជហឫ​ទ័យ​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះអង្គ​​ចំពោះ​ប្រទេស​បារាំង និង​វប្បធម៌​បា​រាំង បាន​ធ្វើឱ្យព្រះ​អង្គ​ក្លាយ​ទៅជា​និមិត្ត​រូប​​ពិតប្រាកដ​មួយ​នៃ​ទំនាក់​ទំនងរវាង​កម្ពុជា និង​បា​រាំង ដែ​​ល​ព្រះ​អង្គ​បាន​ថែរ​ក្សាមិន​ឈប់​ឈរ និង​មិនចេះ​នឿយ​ហត់ នូវ​សន្ទុះ និងគុ​ណភា​ព​​។

កែប្រែចុងក្រោយ 20/11/2019

ត្រឡប់ទៅលើ