ការរៀប​អាពាហ៍​ពិពាហ៍​​រវាង​​ពលរដ្ឋ​​ខ្មែរ​​និង​​ជន​បរទេស

ក្រសួងការបរទេស និងសហប្រតិបត្ដិការ​អន្ដរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រកាស​​អនុញ្ញាត​ច្បាប់រៀប​អាពាហ៍ពិពាហ៍​ឡើង​វិញ​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ជនបរទេស បន្ទាប់ពីបានផ្អាក​ជាបណ្ដោះអាសន្នមួយរយៈ​កន្លងមក ។

១-នីតិវិធីដែលបានកំណត់ដោយ អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០០៨ មានដូចតទៅ ៖
- សាមីខ្លួនជនបរទេសត្រូវបំពេញបែបបទសុំរៀបការ ទៅក្រសួងការបរទេស និងសហប្រតិបត្ដិការ​អន្ដរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈស្ថានទូត ឬស្ថានកុងស៊ុ របស់​ប្រទេស​ខ្លួន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ។

- បើសិនសំណុំឯកសាររបស់ជនបរទេស មានលក្ខណៈត្រឹមត្រូវ ស្របតាមនីតិវិធីច្បាប់ ក្រសួងការបរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ នឹងបញ្ជូន​សំណុំឯកសារ ទាំងនោះទៅក្រសួងមហាផ្ទៃ ។

- ក្រោយពីបានពិនិត្យចប់សព្វគ្រប់ ក្រសួងមហាផ្ទៃ នឹងបញ្ជូនសំណុំឯកសារនេះ ទៅមន្ដ្រីអត្រានុកូលដ្ឋាន ដើម្បីអនុញ្ញាត អោយមានការរៀបចំ ពិធីរៀបអាពាហ៍ពិពាហ៍ ។

២- សាមីខ្លួនត្រូវភ្ជាប់ជាមួយពាក្យសុំរៀបអាពាហ៍ពិពាហ៍របស់ខ្លួននូវសំណុំឯកសារចាំបាច់មួយចំនួន៖
- លិខិតបញ្ជាក់ភាពនៅលីវ ឬលិខិតមរណភាពរបស់ប្រពន្ធ(ឬបីី្ដ) ឬសាលក្រមលែងលះ

- លិខិតថ្កោលទោស

- លិខិតបញ្ជាក់អំពីមុខរបរ និងប្រាក់ចំណូលប្រចាំខែ

- លិខិតបញ្ជាក់សុខភាព ចេញដោយមន្ទីរពេទ្យនៃប្រទេសកម្ពុជា

ដែលមានការទទួលស្គាល់ជាផ្លូវការ

- ឯកសារថតចំលង នៃលិខិតឆ្លងដែន និងទិដ្ឋាការចូលប្រទេសកម្ពុជា

- សៀវភៅគ្រួសារ ។

បញ្ជាក់ ៖ ឯកសារទាំងអស់នេះត្រូវមានបញ្ជាក់នីត្យានុកូលភាព ពីស្ថានទូត នៃប្រទេសរបស់សាមីខ្លួនជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកលែងលិខិតបញ្ជាក់សុខភាព ។

៣- សុពលភាពនៅក្រៅប្រទេស នៃឯកសារចេញដោយសមត្ថកិច្ចកម្ពុជា

ក្រសួងការបរទេសសូមរំឮកឡើងវិញថា ៖ រាល់ឯកសារពាក់ព័ន្ធនឹង អាពាហ៍ពិពាហ៍ ព្រមទាំងឯកសារប្រើប្រាស់ តាមផ្លូវច្បាប់ផ្សេងទៀត ចេញដោយស្ថាប័ន មានសមត្ថកិច្ចកម្ពុជា ត្រូវបញ្ជាក់នីត្យានុកូលភាពជាផ្លូវការ ដោយក្រសួង ការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
- អត្ថបទពាក់ព័ន្ធ ៖

កែប្រែចុងក្រោយ 07/01/2020

ត្រឡប់ទៅលើ