ការតាំងពិព័រណ៍ផ្សព្វផ្សាយពីបញ្ហាប្រឈមផ្នែកសុខភាពនៅអាស៊ីអាគ្នេយ៍

នៅ​ទីស្នាក់​ការរបស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍បារាំង​ប្រចាំ​កម្ពុជា កំពុង​មាន​ការ​តាំងពិ​ព័រណ៍​រូបភាព​មួយស្តី​អំពី « ជំងឺ​លេ​ច​ឡើងសា​រ​ជា​ថ្មី ៖ បញ្ហា​ប្រឈម​ថ្មីៗ​ផ្នែក​សុខភាព​នៅអាស៊ី​អា​គ្នេយ៍ » ដែល​បើក​ជូន​សាធា​​រ​ណជន​ចូល​ទស្សនា​ដោយ​សេរី​រហូត​​ដល់​ថ្ងៃ​ទី​៣០ ខែតុ​លា (ទី​តាំងនៅកែ​ង​ផ្លូ​វ​ព្រះ​អង្គ​អេង ឬ​ផ្លូវ​លេខ​១៣ និង​ផ្លូវ​លេខ​១០៦)។ ពិធី​សម្ពោធ​ពិព័រ​ណ៍​នេះបា​ន​ប្រព្រឹត្ត​ទៅកាល​ពីចុងស​ប្តា​ហ៍​មុន​ ដោយ​​មានការ​ចូលរួមពី​លោក​ជំទា​វ អេវ៉ា ង្វៀន ប៊ិញ ឯក​អ​គ្គ​រដ្ឋ​ទូត​បា​រាំង​ប្រចាំ​កម្ពុជា​។

ពិព័រណ៍​នេះ​មាន​គោល​បំណង​បង្ហា​ញ​អំពី​ការ​ងារ​ស្រា​វ​ជ្រា​វ​របស់​វិទ្យា​ស្ថាន​ប៉ាស្ទ័​រ​កម្ពុ​ជា ក្នុងភាព​ជា​ដៃគូជាមួយ​វិទ្យាស្ថា​ន​ស្រាវជ្រា​វ​សម្រាប់​ការ​អភិវ​ឌ្ឍ (IRD) លើជំ​ងឺពី​រ គឺគ្រុន​ឈាម និងជំងឺ​លេ​បតូ​ស្ពីរ៉ូស៊ីស (ជំងឺ​បង្កដោយ​បាក់តេរីដែ​ល​ឆ្លង​ពីសត្វទៅ​មនុស្ស​)។ គម្រោ​ងនេះទ​ទួល​បានកា​រ​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​ពីទីភ្នាក់ងារអ​ភិវ​ឌ្ឍន៍​បារាំង (AFD) ហើយ​នៅ​ពេល​ថ្មីៗ​នេះ ការប្រ​យុទ្ធ​ប្រឆាំងជំ​ងឺកូវីដ១៩​ក៏ត្រូវបាន​បញ្ចូល​ទៅក្នុង​គម្រោង​នេះ​ផង​ដែរ​។

នៅតា​ម​បណ្តា​ប្រទេសនានា​នៅ​អាស៊ីអាគេ្នយ៍ កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័សបាន​បង្ក​ជាបញ្ហា​មួយចំ​នួនពាក់ព័​ន្ធ​នឹង​នគរូបនី​យ​កម្ម និ​ង​ការ​អនុវត្ត​វិធី​សាស្រ្​តមិនស​មស្រ​ប​ក្នុងវិ​ស័យក​សិកម្ម​។ បម្លាស់​ប្តូរ​ទាំង​នេះ​បាន​នាំឱ្យកើតមា​ន​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​ដែល​រាល​ងំ​ក្នុងតំបន់ ព្រ​ម​ទាំងធ្វើឱ្យមាន​ការរាល​ដាលជំងឺ​ទៅកាន់​តំប​ន់​ភូមិសាស្រ្ត​ដទៃ​ទៀត ឬកា​រ​លេចឡើង​នូវ​ប្រភេទ​ជំងឺ​ថ្មី​ៗ​។

នៅ​ក្នុង​បរិបទ​នេះ វិទ្យាស្ថាន​ប៉ាស្ទ័​រ​នៅ​ប៉ារីស៍ ដោយមា​ន​ការ​គាំទ្រ​ពីទី​ភ្នាក់​ងារ​អភិ​វឌ្ឍន៍បា​រាំង កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង ECOMORE ដែល​ជាគម្រោង​តាម​ដាន​ផល​ប៉ះ​ពាល់​នៃការ​ផ្លាស់ប្តូ​រ​អាកាស​ធាតុ និង​បរិស្ថាន​លើការ​កើតឡើងនៃ​ជំងឺ​គ្រុនឈា​ម និង​ជំងឺលេបតូស្ពីរ៉ូស៊ី​ស ហើយវា​យតម្លៃ​ពីប្រសិទ្ធភា​ព​នៃការ​កែលម្អ​ប្រព័ន្ធ​ឃ្លាំមើ​ល និង​ការ​ពង្រឹង​កិច្ច​ស​ហប្រតិ​បត្តិ​ការ​ជាតិ និង​តំបន់​ប្រឈម​នឹង​ជំងឺ​ទាំង​នេះ​។ គំនិត​ផ្តួច​ផ្តើ​ម​នេះត្រូវ​បាន​សម្រប​សម្រួលដោយ​វិទ្យា​ស្ថា​ន​ប៉ាស្ទ័រ ជាមួយ​ស្ថាប័ន​ស្រាវជ្រា​វ​ជាដៃ​គូ ដែល​មាន​មូលដ្ឋាន​នៅប្រ​ទេស​កម្ពុ​ជា (វិទ្យា​ស្ថា​ន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យា​ស្ថាន​វិទ្យាសាស្រ្ត IRD) ប្រ​ទេស​ឡាវ ភូ​មា ហ្វ៊ី​លីពី​ន និង​វៀត​ណាម។​

ពិព័រណ៍​នេះ​បង្ហាញ​ក្នុង​លក្ខណៈ​អប់រំ​និង​ងាយ​យល់ អំពី​សកម្មភាព​ស្រា​វ​ជ្រាវ ការ​ធ្វើរោគវិ​និ​ច្ឆ័យ និង​យុទ្ធនា​ការផ្សព្វ​ផ្សាយ​នៅក្នុង​ប្រទេសដៃ​គូ​ទាំង​៥។ តាមរ​យៈពាក្យពេចន៍​របស់​តួ​អង្គពាក់​ព័ន្ធនា​នា ពិព័រណ៍នេះ​នឹង​ផ្តល់​ការយល់ដឹង​បន្ថែម​អំពីជំ​ងឺ​ទាំង​ពីរ​ដល់​សា​ធារ​ណ​ជន ព្រមទាំងពី​ដំណោះ​ស្រា​យ​ដែល​ត្រូ​វ​បាន​ដាក់ចេញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺទាំ​ង​នេះ​។ វា​ក៏​បង្ហាញ​ផង​​ដែរអំពី​ការ​គាំទ្រ​ដល់​មន្ទី​រពិសោធន៍​ឈានមុខ​ចំនួន​៧នៅ​អាស៊ីអា​គេ្នយ៍ ដែល​ដើ​រ​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។

លោ​ក​ស្រី អូ​ហ្វេ​លី បួ​រីស នាយិកា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា៖​ «ប្រទេ​ស​កម្ពុជា​ទទួលរង​គ្រោះខ្លាំងពី​ជំ​ងឺ​គ្រុន​ឈាម។ ពិព័រណ៍​នេះ ដែល​ធ្វើឡើងក្នុង​ក្រ​ប​ខ័ណ្ឌនៃ​គម្រោង ECOMORE II នឹង​ធ្វើឱ្យសាធារណជន​ស្គាល់កាន់​តែច្បាស់​ពីហានិភ័​យ និង​ជំងឺនា​នា ដើម្បី​ងាយ​ស្រួល​ប្រយុទ្ធប្រឆាំង​នឹងជំ​ងឺ​ទាំងនោះ​បាន​កាន់​​តែ​ប្រសើរ​ ​»​ ។

ចំណែក​លោក​ស្រី ឡូរ៉​ង់ បារី​ល នាយិ​កា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាវិ​ញ បាន​បញ្ជាក់​ពីសារសំ​ខាន់នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​នានា​ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​គ្រុនឈា​ម និងជំងឺ​លេប​តូស្ពី​រ៉ូស៊ីស ព្រោះការណ៍​នេះអាចជួ​យឱ្យអ្ន​ក​វិទ្យាសាស្រ្​តចែករំលែក​សមត្ថ​ភាព និង​ពង្រឹ​ង​ចំណេះដឹង​អំពី​ជំងឺ​ទាំង​នេះ។ ការ​សិក្សា​ពីផល​ប៉ះពាល់​លើប្រជា​ពលរដ្ឋ វិធី​សាស្រ្ត​ក្នុង​ការ​ធ្វើ​រោគវិនិ​ច្ឆ័យ និង​ល្បឿននៃ​ការ​ចម្ល​​ង​រោគ ទាមទារ​ឱ្យមានកា​រ​ចូលរួមជា​លក្ខណៈព​ហុ​វិស័យ និង​ចម្រុះ​ប្រ​ទេស។ យោង​តាម​លោក​ស្រី ឡូរ៉​ង់ បារី​ល វិធីសាស្រ្ត​បែប​នេះ ដែល​គេហៅ​ថា «One Health» ឬ «សុខភា​ព​រួម» គឺ​មាន​សា​​រ​សំខាន់​ណាស់ ដូចអ្វី​ដែល​យើងបាន​ឃើញ​រាល់​ថ្ងៃពាក់ព័​ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​នឹង​វិបត្តិកូវីដ​១​៩​។ លោកស្រី​បានថ្លែងអំណរ​គុណដល់​ទីភ្នាក់​ងារ​អភិ​វឌ្ឍន៍បា​រាំង​ចំពោះ​ការ​គាំទ្រ ដែល​ផ្តល់គុណប្រយោន៍​ដល់​សុខ​ភាព និង​សុខុមាល​ភាព​របស់​ប្រ​ជា​ជន តាម​រយៈគ​ម្រោង​ ECOMORE នេះ។​

សូមបញ្ជាក់​ថា ពិព័រណ៍​ដូចគ្នានេះ​ក៏ត្រូវបា​​ន​រៀបចំ​ឡើង​ក្នុងពេ​ល​ដំណាលគ្នា​នេះផង​ដែរ​នៅប្រ​ទេស​វៀត​ណាម និ​ង​ឡាវ ហើយ​នឹង​ត្រូវ​រៀបចំ​នៅប្រទេស​ភូមាក្នុ​ង​ពេល​ខាង​មុខ​។

កែប្រែចុងក្រោយ 15/10/2020

ត្រឡប់ទៅលើ